បង្កងជាប្រភេទអាហាហារដែលមានតម្រូវការខ្ពស់មួយនៅកម្ពុជា។បើតាមរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បង្កងរស់នៅតាមទន្លេមេគង្គកម្ពុជាក្នុងកណ្ដាល តាកែវ និងព្រៃវែង។ យ៉ាងណាមិញ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ សត្វប្រភេទនេះក៏ត្រូវបានគេចិញ្ចឹមតាមលក្ខណៈផ្សេងៗដូចជា លក្ខណៈគ្រួសារតូច លក្ខណៈមធ្យម និងលក្ខណៈទ្រង់ទ្រាយធំបែបឧស្សាហកម្ម។
ការចិញ្ចឹមបង្កងអាចធ្វើឡើងបានពេញមួយឆ្នាំ ឱ្យតែយើងធានាឱ្យបាននូវប្រភពទឹកគ្រប់គ្រាន់។ បន្ថែមពីនេះទៅទៀតយើងក៏ត្រូវគិតគូរឱ្យច្បាស់នូវវិធីសាស្ត្រចិញ្ចឹមផងដែរ។ ប្រសិនបើចិញ្ចឹមក្នុងលក្ខណៈគ្រួសារ យើងមិនចាំបាច់ចំណាយដើមទុន និងបច្ចេកទេសខ្ពស់ឡើយ ចំណែកឯការចិញ្ចឹមបែបមធ្យម និងបែបឧស្សាហកម្ម យើងត្រូវគិតគូររាងច្រើនបន្តិច។
យ៉ាងណាមិញ បើដាក់ទុន និងកម្លាំងច្រើន ការប្រមូលផលក៏បានច្រើនដែរ។ បើតាមការស្រាវជ្រាវរបស់ក្រសួងកសិកម្មកម្ពុជា ការចិញ្ចឹមបែបគ្រួសារអាចប្រមូលផល ២០០ ទៅ ៤០០គីឡូក្រាមក្នុងមួយហិចតា ក្នុងមួយរដូវ។ ការចិញ្ចឹមបែបមធ្យមអាចប្រមូលបាន ៦០០ ទៅ ១ ៥០០គីឡូក្រាម ហើយចិញ្ចឹមបែបឧស្សាហកម្មអាចលោតដល់ ២ពាន់ ដល់ ៤ពាន់គីឡូឯណោះ។
ទោះជាបែបនេះ ការចិញ្ចឹមបង្កងប្រភេទណាក៏ដោយ ក៏យើងត្រូវតែគិតពីកត្តាបច្ចេកទេសចំនួន ៥ ខាងក្រោមនេះ៖
១- ការរៀបចំស្រះសម្រាប់ចិញ្ចឹម
ការជីកស្រះចិញ្ចឹមបង្កងត្រូវរកទីតាំងណាដែលនៅក្បែរប្រភពទឹកសាបស្អាត និងគ្មានជាតិពុល។ ទីតាំងស្រះត្រូវតែប្រភេទល្បាយដីឥដ្ឋ និងលាយខ្សាច់តិចតួច ដើម្បីរក្សាគុណភាពទឹកបានយូរ។ លក្ខណៈស្រះត្រូវមានទំហំ ១ពាន់ម៉ែត្រការ៉េឡើងទៅ ហើយមានជម្រៅ ១,២-១,៥ម៉ែត្រ។
២- ការជ្រើសរើសពូជ
ការជ្រើសរើសពូជបង្កងវិញ ត្រូវយកបង្កងណាដែលមានសុខភាពល្អ និងមិនសូវមានរបួស ហើយត្រូវតែរើសបង្កងដែលមានប្រវែង ៣សង់ទីម៉ែត្រឡើងទៅ។ បើមានលទ្ធភាព អាចរើសបង្កងឈ្មោលភាគច្រើន ដោយវាឆាប់ធំលឿន។
៣- ការជ្រើសរើសចំណី
ការផ្ដល់ចំណីវិញ ត្រូវដាក់ចំណីល្មមតាមចំនួនបង្កង និងទំហំស្រះ។ បើអាចយើងត្រូវដាក់ចំណីគ្រាប់ និងចំណីកែច្នៃ ដោយវាមានបរិមាណសារធាតុចិញ្ចឹមថេរមិនប្រែប្រួល។
៤- ការគ្រប់គ្រងគុណភាពស្រះ
បន្ថែមពីនេះ យើងត្រូវតែតាមដានគុណភាពស្រះ ដោយពិនិត្យមើលកម្រិតអុកស៊ីសែន និងកម្រិត pH របស់ទឹក។ យ៉ាងណាមិញ ជានិច្ចកាល យើងត្រូវតែតាមដានសកម្មភាពរបស់បង្កង បើបង្កងងើបហែលទឹកខុសពីធម្មតា យើងត្រូវតែចាត់វិធានការផ្លាស់ប្ដូរទឹកចេញ។
៥- ការប្រមូលផលបង្កង
បន្ទាប់ពីចិញ្ចឹមបង្កងបាន ៤-៥ខែ ហើយបង្កងជាមធ្យមមានទម្ងន់ ៣០-៥០ក្រាមក្នុងក្បាលនោះយើងអាចប្រមូលផលបានហើយ៕
ប្រភព៖ ឯកសារក្រសួងកសិកម្ម
