នេះគឺជាបញ្ជីត្រួតពិនិត្យសម្រាប់ថ្ងៃដំបូងដែលកូនមាន់មកដល់ទ្រុង ឬកសិដ្ឋាន ដើម្បីធានាថាបងប្អូនទទួលបានកូនមាន់ដែលមានគុណភាព និងគ្មានជំងឺនាំចូល។ បញ្ជីនេះត្រូវបានរៀបចំឡើងដោយផ្អែកតាមស្ថាប័នជំនាញមួយចំនួនដូចជា FAO។
បញ្ជីត្រួតពិនិត្យ៖ សកម្មភាពនៅថ្ងៃដំបូងកូនមាន់មកដល់៖
១. ការពិនិត្យប្រភព និងគុណភាពកូនមាន់
មុននឹងយល់ព្រមទទួលយកកូនមាន់ពីអ្នកផ្គត់ផ្គង់ បងប្អូនត្រូវត្រួតពិនិត្យចំណុចទាំងនេះ៖
- ប្រវត្តិមេបា៖ តើកូនមាន់បានមកពីមេបាដែលបានចាក់វ៉ាក់សាំងត្រឹមត្រូវដែរឬទេ?
- ភាពរហ័សរហួន៖ កូនមាន់ត្រូវតែរហ័សរហួន ភ្នែកថ្លា និងឆ្លើយតបនឹងសំឡេងបានល្អ។
- ផ្ចិត៖ ផ្ចិតត្រូវតែស្ងួតជិតល្អ មិនមានហូរឈាម ឬហើមឡើយ (បើផ្ចិតមិនជិតល្អ វាអាចឆ្លងមេរោគងាប់ក្នុងសប្ដាហ៍ទី ១)។
- រោម និងជើង៖ រោមត្រូវតែស្ងួត និងទន់ល្មើយ។ ជើងត្រូវតែរឹងមាំ ថ្លោស និងមិនមានពិការភាព។
- ទម្ងន់៖ ទម្ងន់ជាមធ្យមគួរតែចន្លោះពី ៣៥ ទៅ ៤៥ ក្រាម (អាស្រ័យលើពូជ)។

២. ការរៀបចំទ្រុងកម្ដៅ
ត្រូវធានាថាអ្វីៗរួចរាល់ ២៤ ម៉ោង មុនមាន់មកដល់៖
- កម្ដៅ៖ សីតុណ្ហភាពត្រូវរក្សាឱ្យបានចន្លោះ ៣២ដល់ ៣៥អង្សាសេ។
- កម្រាលទ្រុង៖ ត្រូវមានកម្រាស់ ៥-៧ សង់ទីម៉ែត្រ និងស្ងួតល្អ។
- ទឹក និងចំណី៖ ដាក់ស្នូកទឹក និងចំណីឱ្យបានច្រើនកន្លែង ដើម្បីឱ្យកូនមាន់ងាយរកឃើញ។
៣. សកម្មភាពភ្លាមៗពេលដាក់មាន់ចូលទ្រុង
- ជ្រលក់មាត់មាន់ក្នុងទឹក៖ ពេលដាក់ចុះដំបូង ត្រូវចាប់ក្បាលមាន់បន្តិចបន្តួចជ្រលក់មាត់ក្នុងទឹក ដើម្បីឱ្យវាស្គាល់កន្លែងផឹកទឹក។
- ទឹកលាយជាតិស្ករ/វីតាមីន៖ ផ្តល់ទឹកលាយស្ករគ្លុយកូស ឬវីតាមីន ដើម្បីកាត់បន្ថយភាពតានតឹងពីការដឹកជញ្ជូន។
- សង្កេតឥរិយាបថ៖ ក្រោយដាក់ចុះ ១ ម៉ោង តើវាបែកខ្ញែកគ្នាស្មើ ឬប្រមូលផ្ដុំគ្នា? (កែតម្រូវកម្ដៅតាមការជាក់ស្ដែង)។
៤. ការកត់ត្រាទិន្នន័យដំបូង
យោងតាមការណែនាំរបស់ MSD Veterinary Manual ការកត់ត្រាថ្ងៃដំបូងគឺសំខាន់ណាស់៖
- កត់ត្រាចំនួនកូនមាន់ដែលបានមកដល់។
- កត់ត្រាចំនួនកូនមាន់ដែលងាប់ឬពិការអំឡុងពេលដឹកជញ្ជូន។
- កត់ត្រា ឈ្មោះ និង លេខទូរស័ព្ទ អ្នកផ្គត់ផ្គង់ ដើម្បីងាយស្រួលទាក់ទងពេលមានបញ្ហា។
ការចំណាយពេលត្រឹមតែ ៣០ នាទី ដើម្បីត្រួតពិនិត្យតាមបញ្ជីនេះ នឹងជួយសន្សំសំចៃថវិការបស់បងប្អូនបានរាប់រយដុល្លារពីការងាប់កូនមាន់ដោយមិនដឹងមូលហេតុ។
ដោយ៖ ចាន់ តារា
ប្រភព៖ FRENCHIE FARM / PetMD
