ជំងឺដែលបណ្តាលឲ្យគោ «រលួយច្រក» ឬ «រលួយចន្លោះប្រអប់ជើង» គឺជាជំងឺឆ្លងដែលកើតឡើងនៅចន្លោះប្រអប់ជើងរបស់គោ ហើយបើទុកយូរអាចរាលដាលដល់រចនាសម្ព័ន្ធខាងក្នុងនៃជើង ធ្វើឲ្យគោឈឺជើងខ្លាំងពិបាកដើរ។ តើជំងឺនេះកើតឡើងយ៉ាងម៉េច?
១. មូលហេតុ
ជំងឺរលួយច្រកបង្កឡើងដោយមេរោគបាក់តេរីមួយប្រភេទឈ្មោះថា Fusobacterium necrophorum ដែលជាទូទៅមាននៅក្នុងបរិយាកាស និងលាមករបស់សត្វ។ មេរោគនេះអាចជ្រាបចូលទៅក្នុងស្បែកចន្លោះប្រអប់ជើងដែលខូច ឬទន់ កត្តាមួយចំនួន។
បរិយាកាសសើម និងភក់ជ្រាំជាដើមចមមួយនៃបញ្ហានេះ។ គោឈរ ឬដើរក្នុងភក់ និងលាមកយូរពេក ធ្វើឲ្យស្បែកចន្លោះប្រអប់ជើងទន់ និងងាយរបក ឬរងរបួស។
បន្ថែមពីនេះរបួសដោយសារវត្ថុមុតស្រួចដែលយើងមិនបានសម្អាតក៏ជាបញ្ហា។ ពេលគោដើរជាន់ដុំថ្មមុតស្រួច ក្រួស គល់ឈើ កម្ទេចកម្ទីស្ងួត ឬកន្លែងរដិបដុបផ្សេងៗ ធ្វើឲ្យមានរបួសតូចៗលើស្បែកចន្លោះច្រកជើង ដែលជាហេតុនាំឲ្យឆ្លងមេរោគ។
កង្វះអនាម័យក៏ជាបញ្ហាដែរ។ ការមិនសម្អាតក្រោល ឬទីធ្លាចិញ្ចឹមបានត្រឹមត្រូវនឹងបណ្តាលឲ្យមានការកកស្ទះលាមក និងសំណើមក្នុងទ្រុងដែលងាយនឹងឲ្យគោឆ្លងមេរោគ។
ចំណុចសំខាន់មួយទៀតគឺ កង្វះជាតិរ៉ែសំខាន់ៗ ដូចជាស័ង្កសី ស្ពាន់ និងសេលេនីញ៉ូម អាចធ្វើឲ្យសុខភាពស្បែក និងក្រចកជើងគោចុះខ្សោយ ងាយឆ្លងមេរោគ។
២. ដំណោះស្រាយ
ការព្យាបាលត្រូវធ្វើឡើងឲ្យបានឆាប់រហ័ស ដើម្បីការពារកុំឲ្យមេរោគរាលដាលកាន់តែជ្រៅទៅក្នុងសន្លាក់ ឬសរសៃពួរ។
សម្អាត និងវះកាត់តូច
- សម្អាតជើងដែលឈឺនោះដោយទឹកក្តៅ និងសាប៊ូ ឬទឹកថ្នាំសម្លាប់មេរោគ។
- ដកយកកម្ទេចកម្ទី ឬវត្ថុផ្សេងៗ (ដូចជាក្រួស) ចេញពីចន្លោះច្រកជើង។
- ប្រសិនបើមានជាលិការលួយ ឬងាប់ហើយ ត្រូវឲ្យពេទ្យសត្វកាត់សម្អាតវាចេញដោយប្រុងប្រយ័ត្ន។
លាបថ្នាំសម្លាប់មេរោគ
- លាបថ្នាំសម្លាប់មេរោគ នៅលើមុខរបួស។
- ត្រូវប្រើថ្នាំផ្សះចាក់ តាមការណែនាំរបស់ពេទ្យសត្វ។
បំបែកសត្វឈឺចេញពីហ្វូង
- កសិករយើងត្រូវញែកគោដែលឈឺចេញពីគោដទៃទៀត ហើយទុកវានៅក្នុងកន្លែង ស្ងួតស្អាត ដើម្បីសម្រួលដល់ការព្យាបាល និងការពារការចម្លង។
- ប្រើថ្នាំបំបាត់ការឈឺចាប់។ ពេលខ្លះពេទ្យសត្វអាចនឹងប្រើថ្នាំបំបាត់ការឈឺចាប់ ដើម្បីជួយឲ្យគោមានអារម្មណ៍ធូរស្រាល និងអាចស៊ីចំណីបានធម្មតា។

៣. វិធានការការពារ
ការការពារគឺជារឿងសំខាន់បំផុតដើម្បីទប់ស្កាត់ជំងឺរលួយច្រក។
គ្រប់គ្រងបរិស្ថាន
- រក្សាឲ្យក្រោលស្ងួត៖ ធានាថាទីធ្លា និងក្រោលមានកន្លែងបង្ហូរទឹកល្អ ហើយកុំឲ្យគោឈរត្រាំក្នុងភក់ ឬលាមកដែលសើមយូរពេក។
- សម្អាតក្រោល៖ កើបលាមក និងសម្អាតក្រោលឲ្យបានទៀងទាត់ និងបាញ់ថ្នាំសម្លាប់មេរោគម្តងម្កាល។
- កម្ចាត់វត្ថុមុតស្រួច៖ ត្រូវសម្អាតទីធ្លាចិញ្ចឹម និងផ្លូវដើររបស់គោ ឲ្យស្អាតកុំឲ្យក្រួស ដែក ឬវត្ថុផ្សេងៗដែលអាចបង្ករបួសជើង។
ការថែទាំជើង
- អាងត្រាំជើង៖: សម្រាប់កសិដ្ឋានចិញ្ចឹមទ្រង់ទ្រាយធំ អាចរៀបចំអាងត្រាំជើងដោយប្រើទឹកលាយ Zinc Sulfate ឬ Copper Sulfate ដើម្បីសម្លាប់មេរោគជាប្រចាំ។
- កាត់ក្រចក: កាត់ក្រចកជើងដែលដុះវែងខុសប្រក្រតីចេញជាទៀងទាត់ (យ៉ាងហោចណាស់ ១-២ ដងក្នុងមួយឆ្នាំ) ដើម្បីរក្សារាងជើងឲ្យបានត្រឹមត្រូវ។
ចំណីអាហារ
- ធានាថាគោទទួលបានជាតិរ៉ែ គ្រប់គ្រាន់ ជាពិសេស ស័ង្កសី។ ជាតិរ៉ែទាំងនេះជួយឲ្យស្បែក និងក្រចកជើងរឹងមាំ ប្រឆាំងនឹងការឆ្លងមេរោគ។
វ៉ាក់សាំង
- បច្ចុប្បន្នមានវ៉ាក់សាំងពាណិជ្ជកម្មមួយចំនួនសម្រាប់ការពារជំងឺរលួយក្រចកប៉ុន្តែប្រសិទ្ធភាពរបស់វាមានកម្រិត ហើយកម្រិតនៃការប្រើប្រាស់ក៏អាស្រ័យលើការណែនាំរបស់ពេទ្យសត្វដែរ។
បងប្អូនធ្លាប់ជួបបញ្ហានេះឬអត់ ហើយដោះស្រាយបែបណា?
ប្រភព៖ OKState.edu
