More

    វីតាមីន​សំខាន់ៗ​សម្រាប់​មាន់​​​​និង​​ប្រភព​ធ​ម្ម​ជាតិ​អាច​រក​បាន​​

    វីតាមីនមានសារសំខាន់​ជួយការពារមាន់ពីជំងឺ និងជួយឱ្យវាលូតលាស់បានពេញលេញ។ ទោះបីជាមាន់ត្រូវការវីតាមីនក្នុងបរិមាណតិចតួច ប៉ុន្តែបើកាលណាខ្វះវីតាមីន​ វានឹងបង្កជាមហន្តរាយដល់កសិដ្ឋានទាំងមូល។

    យោងតាមឯកសារបច្ចេកទេសពី MSD Veterinary Manual និង​អង្គការ FAO នេះគឺជាតារាង​សង្ខេបអំពីវីតាមីនសំខាន់ៗសម្រាប់មាន់៖

    តារាងសង្ខេប៖ វីតាមីន បញ្ហាខ្វះខាត និងប្រភពធម្មជាតិ

    ប្រភេទវីតាមីនតួនាទីសំខាន់រោគសញ្ញាពេលខ្វះប្រភពពីធម្មជាតិ និងចំណី
    វីតាមីន Aការពារភ្នែក ស្បែក និងភ្នាសរំអិលភ្នែកឡើងខ្ទុះពណ៌ស (ដូចឈីស) ក្រហាយបំពង់កពោតលឿង ត្រកួន ស្លឹកម្រុំ ការ៉ុត
    វីតាមីន D3ជួយស្រូបយកកាល់ស្យូមជំងឺក្រិន ចំពុះទន់ សំបកស៊ុតស្ដើងពន្លឺព្រះអាទិត្យ ប្រេងថ្លើមត្រី
    វីតាមីន Eប្រព័ន្ធការពារ និងការបន្តពូជជំងឺមាន់ឆ្កួត (កន្ត្រាក់សាច់ដុំ) អត្រាញាស់ទាបគ្រាប់ធញ្ញជាតិ ផ្កាឈូករ័ត្ន ស្មៅស្រស់
    វីតាមីន Kជួយឱ្យឈាមកកបើមានរបួស ឈាមហូរមិនឈប់ ងាយជាំសាច់ស្លឹកបន្លែបៃតង កន្ទក់ផ្អាប់
    វីតាមីន B2ការលូតលាស់ និងប្រព័ន្ធប្រសាទម្រាមជើងរួញ  រោមដុះយឺតចកបាយទា

    វិធីដោះស្រាយ

    ១. វីតាមីនគ្រុប A, D, E, K (រលាយក្នុងខ្លាញ់)

    • បញ្ហា៖ វីតាមីនទាំងនេះងាយនឹងរលាយបាត់បង់គុណភាព បើចំណីទុកក្នុងកន្លែងក្ដៅ ឬត្រូវកម្ដៅថ្ងៃខ្លាំង។
    • ដំណោះស្រាយ៖ ប្រើវីតាមីន (ទឹក ឬម្សៅ) លាយឱ្យមាន់ផឹកជាប្រចាំ រៀងរាល់ ២ សប្ដាហ៍ម្ដង​និង​ធានាថាមាន់ទទួលបានពន្លឺថ្ងៃពេលព្រឹក​(សម្រាប់វីតាមីន D3)។

    ២. វីតាមីនគ្រុប B-Complex (រលាយក្នុងទឹក)

    • បញ្ហា៖ មាន់មិនអាចរក្សាទុកវីតាមីន B ក្នុងខ្លួនបានយូរទេ វាត្រូវបញ្ចេញមកតាមលាមកវិញ។ បើចំណីខ្វះជីវជាតិ វានឹងចេញរោគសញ្ញាក្នុងរយៈពេលខ្លី។
    • ដំណោះស្រាយ៖ ផ្ដល់ចំណីដែលមានតុល្យភាពមានទាំងកន្ទក់ ពោត និងប្រូតេអ៊ីន។

    MSD Veterinary Manual បញ្ជាក់ថា ការខ្វះវីតាមីនជារឿយៗកើតឡើងដោយសារការគ្រប់គ្រងចំណីមិនបានល្អ (ទុកចំណីយូរពេក ឬសើមដុះផ្សិត) ដែលធ្វើឱ្យវីតាមីនបាត់បង់សកម្មភាពមុនពេលមាន់ស៊ី។

    ជាការណែនាំឱ្យកសិករគួរ​ប្រើប្រាស់បន្លែបៃតងក្នុងស្រុកជាអាហារបំប៉នដើម្បីកាត់បន្ថយថ្លៃដើមទិញវីតាមីនទីផ្សារ និងជួយឱ្យមាន់មានភាពស៊ាំខ្លាំងនឹងអាកាសធាតុក្ដៅ។

    អង្គការ​FAO ផ្ដល់អំណះអំណាងថា ក្នុងដំណាក់កាលមាន់ឈឺ ឬក្រោយចាក់វ៉ាក់សាំង មាន់ត្រូវការវីតាមីនច្រើនជាងធម្មតាទ្វេដង ដើម្បីជួយឱ្យរាងកាយងើបឡើងវិញ។

    វិធីសាស្ត្រដោះស្រាយបន្ទាន់

    ប្រសិនបើឃើញហ្វូងមាន់មានសញ្ញាសំកុក ឬទន់ជើងច្រើន៖

    1. ផ្ដល់វីតាមីនចម្រុះ៖ លាយក្នុងទឹកផឹកក្នុងកម្រិតខ្ពស់ (តាមស្លាកសញ្ញា) រយៈពេល ៣-៥ ថ្ងៃជាប់គ្នា។ ប្រឹក្សាជាមួយ​ពេទ្យ​សត្វ​ដើម្បី​បាន​ព័ត៌មាន​ពីការប្រើប្រាស់បានត្រឹមត្រូវ​។​
    2. ពិនិត្យចំណី៖ ប្រសិនបើចំណីមានក្លិនផ្អូម ឬដុះផ្សិត ត្រូវបោះចោល និងដូរចំណីថ្មីភ្លាម។
    3. បន្ថែមកម្រាលទ្រុង៖ បើមាន់ទន់ជើង ត្រូវដាក់អង្កាមឱ្យក្រាស់ ដើម្បីកុំឱ្យជើងវាប៉ះដីត្រជាក់ ឬរឹងពេក។

    ការការពារគឺចំណេញជាងការព្យាបាល! ការលាយបន្លែបៃតង ២០% ក្នុងចំណីប្រចាំថ្ងៃ គឺជាថ្នាំទិព្វសម្រាប់កសិដ្ឋានបងប្អូន។

    ដោយ៖ ចាន់ តារា
    ប្រភព៖ FAO / MSD Veterinary Manual