ការចាប់ផ្ដើមវគ្គដំបូងនៃកសិដ្ឋានចិញ្ចឹមមាន់ ប្រៀបដូចជាការសាកល្បងដ៏ធំបំផុតសម្រាប់កសិករ។ កសិករថ្មីថ្មោងភាគច្រើនតែងតែជួបការបរាជ័យ ឬខាតបង់ក្នុងវគ្គដំបូងនេះ ដោយសារតែការរំពឹងទុកខ្ពស់ពេក និងការមើលរំលងនូវចំណុចបច្ចេកទេសតូចៗ។ យោងតាមអត្ថបទពី Poultry Tip រួមជាមួយបទពិសោធន៍ពីអ្នកជំនាញផ្សេងទៀត នេះគឺជាមូលហេតុចម្បងដែលនាំឱ្យកសិដ្ឋានដំបូងៗជួបការលំបាក និងវិធីសាស្ត្របង្ការ។

មូលហេតុចម្បងនៃការបរាជ័យក្នុងវគ្គដំបូង
| បញ្ហាដែលជួបប្រទះ | ផលវិបាក |
| ការមើលស្រាលលើជីវសុវត្ថិភាព | មេរោគងាយចូលលុកលុយ ព្រោះកសិករមិនទាន់មានមានវិធានការសម្លាប់ និងមានទម្លាប់តឹងរ៉ឹងលើការបាញ់ថ្នាំ និងការឃាត់ភ្ញៀវ។ |
| ការគ្រប់គ្រងកូនមាន់មិនបានល្អ | ក្នុងសប្ដាហ៍ទី១ បើកម្ដៅ និងខ្យល់អាកាសមិនត្រឹមត្រូវ អត្រាងាប់នឹងហក់ឡើងខ្ពស់ (មរណៈភាពដំបូង)។ |
| ការប្រើប្រាស់ចំណីខុសបច្ចេកទេស | ការដាក់ចំណីមាន់សាច់ឱ្យមាន់ពង ឬការប្រើចំណីមាន់ធំឱ្យកូនមាន់ស៊ី ធ្វើឱ្យវាលូតលាស់យឺត។ |
| ការខ្វះផែនការទីផ្សារ | មាន់ធំដល់អាយុលក់ តែរកម៉ូយទិញមិនបាន ធ្វើឱ្យខាតចំណីជារៀងរាល់ថ្ងៃ។ |
វិធីសាស្ត្របង្ការ ដើម្បីទទួលបានជោគជ័យតាំងពីវគ្គដំបូង
ក. ការផ្ដោតលើសប្ដាហ៍មាស
យោងតាម Poultry Tip ទម្ងន់របស់កូនមាន់នៅថ្ងៃទី៧ គឺជាសូចនាករនៃទម្ងន់ពេលវាធំពេញរូបរាង។ បើក្នុងសប្ដាហ៍ទី១ កូនមាន់លូតលាស់ល្អ នោះវគ្គដែលនៅសល់នឹងមានភាពងាយស្រួល។
- សកម្មភាព៖ ត្រូវត្រួតពិនិត្យសីតុណ្ហភាពទ្រុង ឱ្យបានទៀងទាត់ និងធានាថាមាន់គ្រប់ក្បាលបានស៊ីចំណី និងផឹកទឹកភ្លាមៗពេលមកដល់។
ខ. កុំមើលរំលងការចំណាយលើចំណី និងគុណភាពមាន់
កសិករអាជីពមិនត្រឹមតែមើលលើមាន់ធំ ឬមិនធំនោះទេ តែគេមើលលើតម្លៃ តម្លៃចំណាយលើចំណី ធៀបនឹងទម្ងន់មាន់ដែលទទួលបានសរុបផងដែរ។
- ដំបូន្មាន៖ ប្រសិនបើការចំណាយលើចំណីខ្ពស់ពេក បញ្ជាក់ថាបងប្អូនកំពុងខ្ជះខ្ជាយចំណី (អាចមកពីស្នូកចំណីកំពប់ ឬចំណីគ្មានគុណភាព)។

គ. ការកត់ត្រាជារឿងដែលមិនអាចខ្វះបាន
កសិករថ្មីភាគច្រើនមិនសូវកត់ត្រាទេ។ ប៉ុន្តែអ្នកជំនាញ បញ្ជាក់ថា ការកត់ត្រាចំនួនមាន់ងាប់ បរិមាណចំណីស៊ីប្រចាំថ្ងៃ និងការប្រើប្រាស់ថ្នាំ គឺជាគន្លឹះដើម្បីដឹងថា«តើយើងចំណេញ ឬខាត» នៅត្រង់ចំណុចណា។
អង្គការ FAO លើកឡើងថាថា ក្នុងវគ្គដំបូង កសិករគួរចាប់ផ្ដើមក្នុងចិញ្ចឹមទ្រង់ទ្រាយតូចសិន ដើម្បីរៀនពីចរិតលក្ខណៈរបស់ពូជមាន់ និងការគ្រប់គ្រងបរិស្ថាន មុននឹងពង្រីកទ្រង់ទ្រាយធំ។ ដូចគ្នាដែរ កសិករថ្មីច្រើនតែចាក់វ៉ាក់សាំងយឺតពេល ឬទុកវ៉ាក់សាំងមិនបានត្រឹមត្រូវ (ខូចគុណភាព) ដែលនាំឱ្យមានការងាប់រង្គាលក្នុងវគ្គដំបូង។
កសិដ្ឋានដែលស្អាតបំផុត គឺជាកសិដ្ឋានដែលមិនសូវមានមនុស្សចេញចូលច្រើន។ ជីវសុវត្ថិភាពមិនមែនជាការចំណាយទេ តែវាគឺជាការសន្សំសំចៃ។ កុំចាំដល់មាន់ឈឺ ទើបស្វែងរកថ្នាំព្យាបាល។ ចូរស្វែងរកវិធីការពារ តាំងពីមុនពេលមាន់មកដល់ទ្រុង។
ដោយ៖ ចាន់ តារា
ប្រភព៖ Poultry Tips / FAO
