More

    ខ្ទឹមសឱសថធម្មជាតិជួយដល់សុខភាពមាន់

    បងប្អូន​អ្នកចិញ្ចឹម​មាន់ធ្លាប់ដឹង​ឬអត់? ខ្ទឹមសមិនត្រឹមតែជាគ្រឿងផ្សំសម្រាប់ចម្អិនអាហារប៉ុណ្ណោះទេ តែវាជាឱសថធម្មជាតិដ៏មានតម្លៃដែលអាចជួយបង្កើនសុខភាព និងផលិតភាពរបស់មាន់ដែលបងប្អូនផង​ដែរ​។

    ១. សារធាតុសំខាន់ៗក្នុងខ្ទឹមស

    ប្រសិទ្ធភាពរបស់ខ្ទឹមសគឺស្ថិតនៅលើសារធាតុសកម្មសំខាន់មួយឈ្មោះថា “អាលីស៊ីន (Allicin)” ដែលត្រូវបានបញ្ចេញនៅពេលដែលខ្ទឹមសត្រូវបានបុក កិន ឬចិញ្ច្រាំ។

    អាលីស៊ីន ជាសារធាតុនេះមានលក្ខណៈសម្បត្តិសំខាន់ៗ​ដើរតួជា ថ្នាំផ្សះធម្មជាតិ ជួយប្រឆាំងនឹងមេរោគបាក់តេរីមួយចំនួន។ ដូចគ្នា​ ខ្ទឹមសក៏​ជួយ​ប្រឆាំងផ្សិតទប់ស្កាត់ការលូតលាស់នៃ​មេរោគផ្សិត និង​ជួយបណ្ដេញប៉ារ៉ាស៊ីតខាងក្នុងមួយចំនួន (ដូចជាព្រូន)។ បន្ថែម​ពី​នេះ​ក៏​ជួយ​ពង្រឹងភាពស៊ាំដល់​មាន់ ជួយឲ្យប្រព័ន្ធការពាររាងកាយរបស់មាន់រឹងមាំ។

    - Advertisement -

    ២. ខ្ទឹមសជួយអ្វីខ្លះដល់មាន់?

    ការប្រើប្រាស់ខ្ទឹមសជាប្រចាំក្នុងបរិមាណសមស្រប ផ្តល់ផលប្រយោជន៍សំខាន់ៗដូចខាងក្រោម៖

    • ជាថ្នាំផ្សះធម្មជាតិ៖ គឺជួយទប់ស្កាត់ការឆ្លងមេរោគបាក់តេរីក្នុងពោះវៀន។ កសិករអាចប្រើជាថ្នាំបង្ការ ដើម្បីកាត់បន្ថយតម្រូវការប្រើប្រាស់ថ្នាំផ្សំ។
    • ពង្រឹងភាពស៊ាំ៖ ដោយជួយទប់ស្កាត់ការឆ្លងមេរោគបាក់តេរីក្នុងពោះវៀន។ កសិករអាចប្រើជាថ្នាំបង្ការ ដើម្បីកាត់បន្ថយតម្រូវការប្រើប្រាស់ថ្នាំផ្សំ។
    • កម្ចាត់ប៉ារ៉ាស៊ីត៖ សារធាតុ Allicin អាចជួយបណ្ដេញ ព្រូន និងប៉ារ៉ាស៊ីតខាងក្នុងមួយចំនួនទៀត ដែលធ្វើឲ្យមាន់ស្រូបយកសារធាតុចិញ្ចឹមពីចំណីបានកាន់តែពេញលេញ។
    • បង្កើនចំណង់អាហារ៖ ក្លិន និងរសជាតិរបស់ខ្ទឹមស អាចជំរុញឲ្យមាន់ស៊ីចំណីបានច្រើន និងរំលាយអាហារបានល្អ។
    • កាត់បន្ថយក្លិនអាម៉ូញាក់៖ ខ្ទឹមសជួយឲ្យប្រព័ន្ធរំលាយអាហារមាន់ដំណើរការល្អ ដែលអាចកាត់បន្ថយការផលិតឧស្ម័នមិនល្អ (ដូចជាអាម៉ូញាក់) នៅក្នុងលាមក និងក្នុងទ្រុងមាន់។

    ៣. វិធីប្រើប្រាស់ខ្ទឹមសសម្រាប់មាន់

    កសិករអាចជ្រើសរើសប្រើប្រាស់ខ្ទឹមសតាមរយៈការលាយក្នុងទឹកផឹក ឬលាយក្នុងចំណី។

    ក. លាយក្នុងទឹកផឹក (ងាយស្រួលបំផុត)

    យកខ្ទឹមស ២-៣ កំពឹស (សម្រាប់មាន់ប្រហែល ២០ ក្បាល) មកចិត ឬបុក ឲ្យទាល់តែចេញជាតិAllicin ។ រួចដាក់ខ្ទឹមសដែលបុកហើយនោះលាយជាមួយទឹកផឹក ១លីត្រ រួចទុកចោលប្រហែល ១៥ នាទីមុននឹងឲ្យមាន់ផឹក ហើយ​ត្រូវផ្លាស់ប្តូរទឹកថ្មីរៀងរាល់២៤ម៉ោងម្តង។

    គន្លឹះគួរដឹង៖ គួរប្រើខ្ទឹមសលាយក្នុងទឹកផឹកនៅពេលមាន់មានសញ្ញាចាប់ផ្តើមឈឺ ឬក្នុងរដូវផ្លាស់ប្តូរអាកាសធាតុ។

    ខ. លាយក្នុងចំណី

    យើង​អាចយកខ្ទឹមសស្រស់មកបុក ឬកិន រួចលាយបញ្ចូលជាមួយចំណីបៃតង ឬចំណីផ្សំ របស់​មាន់។ ប្រើប្រាស់ក្នុងកម្រិតសមស្រប (ឧទាហរណ៍ ខ្ទឹមស ១ភាគនៃចំណីសរុប១០០ ភាគ) ដើម្បីជៀសវាងក្លិនខ្លាំងពេកធ្វើឲ្យមាន់មិនចង់ស៊ី។

    គ. លាយជាមួយរមៀត

    កសិករអាចប្រើប្រាស់ខ្ទឹមស លាយជាមួយរមៀតដើម្បីបង្កើនប្រសិទ្ធភាពទប់ស្កាត់ជំងឺ និងពង្រឹងភាពស៊ាំរបស់មាន់ឲ្យកាន់តែខ្លាំងក្លា។

    ប្រការប្រុងប្រយ័ត្ន៖ ទោះបីជាខ្ទឹមសមានប្រយោជន៍ក៏ដោយ កុំប្រើប្រាស់ក្នុងបរិមាណច្រើនលើសលប់ ព្រោះវាអាចប៉ះពាល់ដល់រសជាតិសាច់ ឬពង និងអាចធ្វើឲ្យមាន់មិនចង់ស៊ីចំណី។ គួរប្រើជា​ថ្នាំជំនួយសុខភាពមាន់​ក្នុងកម្រិតតិចតួចនិងទៀងទាត់។

    ដោយ៖ ទូច សុខា
    ប្រភព៖ Poultry DVM