សត្វចង្រិត គឺជាសត្វល្អិតមួយក្នុងចំណោមសត្វល្អិតដែលគេនិយមបរិភោគ។ ក្នុងការចិញ្ចឹមចង្រិតគេមិនសូវចំណាយដើមទុនច្រើនទេ ហើយងាយស្រួលថែរក្សា។ ចង្រិនក៏មានជីវជាតិខ្ពស់ និងរស់ជាតិឆ្ងាញ់ផងដែរ។ សត្វចង្រិតមានផ្ទុកនូវសារធាតុចិញ្ចឹមដ៏ប្រសើរ ព្រមទាំងជាប្រភពប្រូតេអ៊ីនប្រហែល ៦៥% វីតាមីន និងសារធាតុរ៉ែជាច្រើន។ វាពិតជាគួរឱ្យភ្ញាក់ផ្អើលសត្វចង្រិតមានបរិមាណប្រូតេអ៊ីនប្រហាក់ប្រហែលនឹងសាច់គោ តែមានផ្ទុកសារធាតុរ៉ែច្រើនជាងសាច់គោ។ ចង្រិត គឺជាប្រភពប្រូតេអ៊ីនពេញលេញមានន័យថាវាផ្ទុកអាស៊ីតអាមីណេសំខាន់ៗទាំងអស់។ ពួកវាក៏មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ និង ៦ ផងដែរហើយវាមានជាតិកាល់ស្យូម ជាតិដែក និងវីតាមីន B12 ខ្ពស់។

១.ពូជចង្រិត
- ចង្រិតមានច្រើនពូជដូចជា ចង្រិតក្រហម (ចង្រិតស្វា) ចង្រិតស (ចង្រិតទឹកឃ្មុំ) ចង្រិតខ្មៅ (ចង្រិតដែក) និងចង្រិតដូង។ ចង្រិតដែលគេនិយមចិញ្ចឹមគឺ មានត ចង្រិតក្រហមទេ វាមានមាឌមធ្យម និងអាចប្រមូលផលបាននៅអាយុពី ៤០ ទៅ ៥០ថ្ងៃ (ជាមធ្យម ៤៥ថ្ងៃ បន្ទាប់ពីញាស់)។
- ចង្រិត ក្រហមពេលពេញវ័យមានទម្ងន់ខ្លួនជាមធ្យម ០,៩ ក្រាម (នៅពេលប្រមូលផល )
- ជើងខាងក្រោយធំហើយវែង
- ចង្រិតញីមានបំពង់បង្ហូរពងវែង
- ចង្រិតក្រហមចូលចិត្តរស់នៅតាមទីវាល ស្រែ ចម្ការ
- ចង្រិតក្រហម មានភាពធន់មធ្យម ទៅនឹងជំងឺឆ្លង
- ធន់នឹងការប្រែប្រួលអាកាសធាតុ
- អត្រាជាន់ឈាមទាប
- អត្រាញាស់របស់ពងខ្ពស់
- អត្រារស់ពីញាស់ដល់ពេញវ័យខ្ពស់
- ចង្រិតក្រហម អាចចិញ្ចឹមក្នុងអាងដែលមានដង់ស៊ីតេខ្ពស់ មានទីផ្សារក្នុងស្រុក។ សម្រាប់ចង្រិតស្រស់ ជាមធ្យមលក់បាន ៣ដុល្លាក្នុងមួយគីឡូក្រាម។
- ចាប់ផ្តើមចិញ្ចឹមដំបូង ត្រូវទិញមេបាពូជ ពីអ្នកចិញ្ចឹមផ្សេងៗ
២. អាងសម្រាប់ចិញ្ចឹមចង្រិត
ចំពោះអាងចិញ្ចឹមចង្រិតលក្ខណៈគ្រួសារមាន ២ប្រភេទ ទី១ ប្រភេទធុងជ័រ (១៤០លីត្រ) និងទី២ បំពង់លូស៊ីម៉ង់ត៍ (អង្កត់ផ្ចិត ០,៨ម ទៅ ១ម)។ ជាទូទៅកសិករនិយមចិញ្ចឹមក្នុងបំពង់លូស៊ីម៉ង់ត៍ជាង។
- សម្ភារៈធ្វើអាង និងការតម្លើងអាងចិញ្ចឹមចង្រិត៖
- បំពង់លូ ៣កង់ អង្កត់ផ្ចិត ០,៨ម៉ែត្រ ឬ ១ម៉ែត្រ កំពស់ ០,៥ម៉ែត្រ
- ខ្សាច់ ១រម៉ក ឬ ០,៥ម៉ែត្រគូប
- ស៊ីម៉ង់ត៍ ១ប៉េ ឬ ៥០ គ.ក
- ក្រដាស់កាតុងពងមាន់ (ផ្លា) ចំនួន៖ ៧២បន្ទះ សម្រាប់លូ ០,៨ម៉ែត្រ /៩៩ បន្ទះ សម្រាប់លូ ១ម៉ែត្រ
- គម្របធុងប៉េត្រូ ឬ ថាសចំនួន ២ សម្រាប់ដាក់ចំណី១ និងទឹក១
- ពោះវៀនម៉ូតូចាស់ចំនួន១ សម្រាប់ចង់ស្បៃគ្របមាត់លូ
- សំណាញ់ ឬស្បៃផ្លាស្ទិច ១ផ្ទាំងទំហំ៖ ១ម×៣ម សម្រាប់លូ ០,៨ម៉ែត្រ / ១,២ម×៣,៦ម សម្រាប់លូ ១ម៉ែត្រ
- ក្នុងមួយអាងទទួលបានចង្រិត ៤គ.ក
- ការតម្លើងអាង
- ចាក់ខ្សាច់ទ្រាប់បាតទំហំ ១,៤ម×៣,៥ម សម្រាប់លូ ១ម៉ែត្រ ហើយកាយឲ្យស្មើ កម្រាស់ ៥សម
- ដាក់លូលើខ្សាច់ ដោយទុកចន្លោះ ៥សម ពីលូនីមួយៗ
- លាយស៊ីម៉ង់ត៍ និងខ្សាច់ចាក់ក្នុងលូទាំង ៣កង់ ឲ្យបានកម្រាស់ ២សម
- ធ្វើចង្អូរព័ទ្ធជុំវិញលូទាំង ៣កង់
- បិទស្កុតមាត់លូ
- រៀបកំណល់ឈើ
- រៀបក្រដាស់កាតុងពងមាន់ លើកំណល់ឈើ ( សម្រាប់ចង្រិតលាក់ខ្លួន និងរស់នៅ )
- ដាក់ថាស់ទឹក និងថាស់ចំណី
- ដាក់ចានពងចូលដើម្បីភ្ញាស់ (ពូជចង្រិតក្រហមប្រើ ៤ចាន ក្នុង១អាង )
- ដាក់គម្របស្បៃ/សំណាញ់ផ្លាស្ទិចគ្របមាត់លូ ទាញឲ្យបានស្មើល្អ
៣.ការផ្ដល់ចំណី និងទឹក
- នៅថ្ងៃញាស់ដំបូង យើងត្រូវរើបចំដាក់ថាសចំណីរាក់ៗដូចជា គម្របធុងប៉េត្រូ ត្រដាស់ឡាំងរឹង ឬសំបកបាវ ដើម្បីឲ្យកូនចង្រិតតូចទាំងនោះឡើងស៊ីបានយ៉ាងងាយស្រួល។ ចំពោះកូនចង្រិតអាយុក្រោម២០ថ្ងៃ ត្រូវផ្ដល់ចំណីកូនមាន់ដែលមានជាតិប្រូតេអ៊ីន ២១% និងអាចបន្ថែមស្លឹកដំឡូងមី ឬត្រកួនជាដើម ប៉ុន្តែអ្នកចិញ្ចឹមខ្លះទៀតផ្ដល់ចំណីទាពងដល់កូនចង្រិត តាំងពីថ្ងៃដែលទើបញាស់ម្ល៉េះ។ ការផ្ដល់ទឹកដល់កូនចង្រិតដែលទើបញាស់គួរតែប្រើអេប៉ុង ឬស្រកីដូងទុំដោយជ្រលក់ទឹកឲ្យសើមល្មម រួចហើយយកអេប៉ុងដាក់ក្នុងថាសទឹកក្នុងកន្លែងចិញ្ចឹម។ ហាមដាក់សើមខ្លាំងពេកដែលអាចធ្វើឲ្យកូនចង្រិតអាចងាប់។ ក្នុងមួយថ្ងៃត្រូវបាញ់ទឹកផ្សើមអេប៉ុងចំនួន២ដង។
- ចំពោះចង្រិតធំ ក៏មិនខុសគ្នាជាមួយការផ្ដល់ចំណីកូនចង្រិតដែរ។ គេលាយចំណីកូនមាន់ដែលមានជាតិប្រូតេអ៊ីន ២១% និងចំណីមាន់ធំដែលមានជាតិប្រូតេអ៊ីន ១៤% លាយបញ្ចូលគ្នា សម្រាប់ចង្រិតដែលមានអាយុច្រើនជាង ២០ថ្ងៃ។ អ្នកចិញ្ចឹមខ្លះប្រើមេចំណីសម្រាប់ជ្រូកលាយជាមួយកន្ទក់ ( មេចំណី ១ភាគ លាយជាមួយកន្ទក់ម៉ត់ ៣ភាគ ) សម្រាប់ផ្ដល់ឲ្យចង្រិតធំ ( អាយុច្រើនជាង២០ថ្ងៃ )។ ចំពោះចំណីរុក្ខជាតិវិញត្រូវដាក់ចម្រុះគ្នាឲ្យបានច្រើនមុនដូចជា ស្លឹកដំឡូងមី មមាចខ្មោចផ្កាស្វាយ មមាចខ្មោចផ្កាលឿង ស្ពៃទឹក/ស្ពៃគោក ត្រកួន ជាដើម។ ចង្រិតធំដែលមានអាយុលើស ២០ថ្ងៃ គេអាចប្រើគម្របធុងប៉េត្រូ ឬកំទេចថ្មដាក់ក្នុងថាសទឹកបាន ដើម្បីឲ្យស្រួលលាងសម្អាតថាសទឹក ដោយដាក់ទឹកផ្ទាល់ក្នុងថាសទឹកតែម្ដង ដែលមានជម្រៅរាក់ជាង ១សម។
- ចំណាំ៖ ចំណីត្រូវដាក់បន្ថែមរាល់ពេលជិតអស់ ឬអស់ ពីថាសចំណី។ មិនអាចកំណត់ចំនួនប៉ុន្មានដែលត្រូវដាក់ទេ ប៉ុន្តែត្រូវតែដាក់រាល់ពេលជិតអស់ចំណី។
៤.ការប្រមូលផល
- ចាប់លើកក្រដាស់កាតុងពងមាន់ (ផ្លា) ដែលចង្រិតលាក់ខ្លួន និងរស់នៅ ម្ដងមួយគូ ហើយគោះថ្នមៗឲ្យធ្លាក់ចង្រិតចូលក្នុងចានដែក ឬចានជ័រធំល្មម ដែលពុំទាន់មានដាក់ទឹក
- ចាក់ផ្ទេរចង្រិតទៅក្នុងចានដែល ឬចានជ័រ ចូលក្នុងធុង ឬចានដែកមួយផ្សេងទៀត ដែលមានទឹកស្អាតក្នុងនោះ មិនឲ្យធ្លាក់កាកសំណល់ផ្សេងៗចូល ដូចជាអាចម៌ចង្រិត កម្ទេចកម្ទីចំណី ដើម្បីលាងសម្អាត។
- ចង្រិតត្រូវត្រាំទឹកប្រហែល ១-២ម៉ោង រហូតដល់ចង្រិតងាប់អស់ និងលាងសម្អាតឲ្យបាន ៣ ទៅ ៤ដង ដើម្បីឲ្យស្អាតល្អ
- ដាក់ចង្រិតដែលបានលាងសម្អាតរួចក្នុង កញ្រ្ចែងដែលមានប្រហោងតូចៗ ១-២ម៉ោង ឲ្យបានស្រស់ទឹក ស្ងួតល្អ វេចខ្ចប់រក្សាទុក។
ប្រសិនបើបងប្អូនជាអ្នកមានបទពិសោធចិញ្ចឹមចង្រិតមានអ្វីចង់ចែករំលែក អាចទាក់ទងកសិតាមហ្វេសប៊ុកផេកបាន។
ចែករំលែកដោយ៖ ឡឹក គឹមសួរ
ប្រភព៖ FAO
