ការចិញ្ចឹមមាន់យកពង មិនមែនផ្ដោតសំខាន់តែលើចំនួនពងដែលទទួលបាននោះទេ ប៉ុន្តែគុណភាពសំបកពងក៏ជាកត្តាសំខាន់បំផុតដែលអាចកំណត់នូវប្រាក់ចំណេញរបស់យើង។ កសិករជាច្រើនជួបបញ្ហាពងមាន់មានសំបកស្ដើង ឬទន់ ដែលធ្វើឲ្យវាងាយនឹងបែកមុនពេលដឹកជញ្ជូនទៅដល់ទីផ្សារ ដែលជាហេតុនាំឲ្យខាតបង់ថវិកាទោះបីជាកសិករអាចផលិតពងមាន់បានច្រើនក៏ដោយ។
នៅក្នុងថ្ងៃនេះកសិ សូមណែនាំនូវរូបមន្តបង្កើនជាតិកាល់ស្យូម បែបសាមញ្ញ ដែលអ្នកអាចធ្វើបានដោយខ្លួនឯងនៅផ្ទះ ដើម្បីជួយឲ្យសំបកពងមាន់រឹងមាំល្អ។

១. ការរៀបចំគ្រឿងផ្សំ
- សំបកពងមាន់ដែលប្រើរួច៖ កុំបោះវាចោល ព្រោះវាជាប្រភពកាល់ស្យូមដ៏ល្អបំផុត។
- កំបោរស: ប្រើក្នុងបរិមាណតិចតួចបំផុត។
២. របៀបធ្វើម្សៅកាល់ស្យូមបំប៉ន
- ការសម្អាត៖ ប្រមូលសំបកពងមាន់ដែលសល់ពីការប្រើប្រាស់ក្នុងផ្ទះបាយមកលាងសម្អាតឲ្យបានស្អាតល្អ។
- ការសម្ងួត៖ យកសំបកពងមាន់ដែលលាងរួច ទៅហាលថ្ងៃឲ្យស្ងួតល្អ ដើម្បីសម្លាប់មេរោគ និងងាយស្រួលក្នុងការកិន។
- ការកិន៖ នៅពេលសំបកពងស្ងួតស្រួយហើយ ត្រូវបុក ឬកិនវាឲ្យទៅជាម្សៅម៉ដ្ឋ។
៣. របៀបលាយ និងកម្រិតនៃការប្រើប្រាស់
- ការលាយជាមួយកំបោរស៖ យកម្សៅសំបកពងមាន់ដែលកិនរួច មកលាយជាមួយកំបោរសបន្តិច (ត្រឹមតែមួយចិប ឬទឹកកំបោរបីបួនដំណក់ប៉ុណ្ណោះ)។ កំបោរសមានតួនាទីជួយឲ្យរាងកាយមាន់ស្រូបយកជាតិកាល់ស្យូមពីសំបកពងបានកាន់តែមានប្រសិទ្ធភាព។
- កម្រិតប្រើប្រាស់៖ ប្រើម្សៅសំបកពងមាន់ ១ ស្លាបព្រាបាយ សម្រាប់លាយជាមួយចំណីមាន់ចំនួន ១០ ទៅ ១៥ ក្បាល។
- របៀបផ្តល់៖ ត្រូវលាយវាជាមួយចំណីឲ្យសព្វល្អ ដើម្បីឲ្យមាន់ស៊ីបានស្មើគ្នា។ ហាម លាយក្នុងទឹក ព្រោះវាមិនរលាយ និងមិនផ្តល់ប្រសិទ្ធភាពឡើយ។
- ភាពញឹកញាប់៖ ផ្តល់ឲ្យមាន់ស៊ីត្រឹមតែ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ គឺគ្រប់គ្រាន់ហើយ មិនចាំបាច់ផ្តល់ឲ្យរាល់ថ្ងៃនោះទេ។

៤. ចំណុចគួរប្រុងប្រយ័ត្ន
- កុំប្រើកំបោរសច្រើនពេក៖ ការប្រើកំបោរសលើសកម្រិតអាចបណ្តាលឲ្យមានបញ្ហាដល់សុខភាពមាន់។
- មិនមែនជាថ្នាំព្យាបាល៖ សូមបញ្ជាក់ថា វិធីសាស្ត្រនេះគឺសម្រាប់បំប៉នសំបកពងឲ្យរឹងមាំតែប៉ុណ្ណោះ វាមិនមែនជាថ្នាំសម្រាប់ព្យាបាលមាន់ដែលកំពុងមានជំងឺនោះទេ។
ក្រោយពីអនុវត្តវិធីនេះទៀងទាត់ បងប្អូននឹងសង្កេតឃើញថា សំបកពងមាន់មានភាពរឹងមាំជាងមុន មិនងាយប្រេះបែក ពណ៌សំបកស្អាត និងមានតម្លៃខ្ពស់នៅលើទីផ្សារ៕
ដោយ៖ សែន តុលា
ប្រភព៖ Poultry Tips/ The Poultry Site
