ក្នុងអាជីពជាអ្នកចិញ្ចឹមគោ គ្មានអ្វីដែលរំភើបជាងការឃើញកូនគោថ្មីកើតមកមានសុខភាពល្អ និងរឹងមាំនោះទេ។ ប៉ុន្តែ រយៈពេល ៦០ នាទីដំបូង ក្រោយវាធ្លាក់ដល់ដី គឺជា ម៉ោងមាស ដែលកសិករត្រូវយកចិត្តទុកដាក់បំផុត ព្រោះវាជាពេលវេលាដែលកូនគោប្រឈមនឹងគ្រោះថ្នាក់បំផុតក្នុងការដាច់ខ្យល់ ឬឆ្លងមេរោគ។

១. ការបើកផ្លូវដង្ហើម
ភ្លាមៗក្រោយកើតមក បញ្ហាចម្បងគឺកូនគោអាចឈ្លក់ទឹកភ្លោះ ឬមានសំបោរស្ទះផ្លូវដង្ហើម។អ្វីដែលគួរធ្វើ គឺ កសិករអាចប្រើម្រាមដៃស្អាត ឬកន្សែងស្អាត ជូតសម្អាតស្លេស្មចេញពីមាត់ និងច្រមុះឱ្យអស់។ បើកូនគោមិនសូវដកដង្ហើម បងប្អូនអាចយកចំបើងស្អាត ឬរោមមាន់ រុកចូលក្នុងរន្ធច្រមុះតិចៗ ដើម្បីឱ្យវាកណ្តាស់។ ការកណ្តាស់នឹងជួយរុញច្រានស្លេស្មចេញពីសួតមកក្រៅ។
បម្រាមដាច់ខាត៖ កុំព្យួរជើងកូនគោឡើងលើដើម្បីបង្ហូរទឹកចេញឱ្យសោះ។ ការធ្វើបែបនេះនឹងធ្វើឱ្យគ្រឿងក្នុងសង្កត់លើសួត នាំឱ្យកូនគោដកដង្ហើមលែងរួច។
២. ការភ្ញោចឈាមរត់ និងកម្ដៅ
មេគោជាធម្មជាតិតែងតែលិឍកូនវាភ្លាមៗក្រោយកើត ហើយកសិករមិនគួររារាំងឡើយ។ ហេតុអ្វីសំខាន់? ការលិឍជួយឱ្យកូនគោឆាប់ស្ងួតខ្លួន កាត់បន្ថយការបាត់បង់កម្ដៅ និងជួយឱ្យឈាមរត់បានស្រួល។ ក្នុងករណីមេគោមិនលិឍកូន បងប្អូនត្រូវប្រើបាវស្អាត ឬកន្សែងស្ងួត មកញីលើខ្លួនកូនគោខ្លាំងៗ ដើម្បីជំនួសឱ្យការលិឍរបស់មេវា។
៣. ការថែទាំទងផ្ចិត
ទងផ្ចិតប្រៀបដូចជាទ្វារចំហ ដែលអនុញ្ញាតឱ្យមេរោគចូលទៅក្នុងឈាមកូនគោបានយ៉ាងងាយ។ ដើម្បីការពារបញ្ហានវ យើងត្រូវយកទឹកថ្នាំសម្លាប់មេរោគ មកជ្រលក់ទងផ្ចិតកូនគោឱ្យបានជោក។ យើងកុំគ្រាន់តែយកលាប គឺត្រូវយកដបតូចមួយដាក់ទឹកថ្នាំ រួចយកទៅផ្កាប់ឱ្យផ្ចិតកូនគោចូលក្នុងមាត់ដបតែម្ដង ដើម្បីឱ្យវាជ្រាបចូលបានសព្វល្អ។

៤. ការពិនិត្យភាពរឹងមាំ
កូនគោដែលមានសុខភាពល្អ ត្រូវតែ៖
- ងើបក្បាល៖ ក្នុងរង្វង់ ៣-៥ នាទីក្រោយកើត។
- ចង់ក្រោកឈរ៖ ក្នុងរង្វង់ ២០-៣០ នាទីក្រោយកើត។
- ឈរដោយខ្លួនឯង និងដើររកដោះមេ៖ ក្នុងរង្វង់ ១ ម៉ោង។
ប្រសិនបើកូនគោនៅតែដេកស្ងៀមលើសពី ១ ម៉ោង បងប្អូនត្រូវប្រញាប់ផ្ដល់ជំនួយបន្ថែម ឬហៅពេទ្យសត្វ។
អគ្គនាយកដ្ឋានសុខភាពសត្វ (GDAHP)លើកឡើងថា ការសម្អាតផ្ចិតដោយជាតិអាកុល ឬអ៊ីយ៉ូត ភ្លាមៗក្រោយកើត អាចកាត់បន្ថយអត្រាងាប់ដោយសារជំងឺឆ្លងក្នុងឈាមបានដល់ទៅ ៩០%។ ចំណែកអង្គការFAO បញ្ជាក់ថា កូនគោដែលទទួលបានការភ្ញោចឈាមរត់បានល្អក្នុងម៉ោងដំបូង នឹងមានសមត្ថភាពបៅទឹកដោះដំបូងបានច្រើន និងលឿនជាងកូនគោដទៃ។ ការចំណាយពេលត្រឹមតែ៦០នាទីដំបូងជាមួយកូនគោ នឹងជួយឱ្យបងប្អូនចំណេញពេលវេលា និងថវិកាព្យាបាលអស់រយៈពេលរាប់ខែទៅថ្ងៃមុខ។
ដោយ៖ ចាន់ តារា
ប្រភព៖ Dairy Knowledge / FAO
