តើបងប្អូនកំពុងព្យាយាមរកវិធីឲ្យមាន់លូតលាស់បានល្អមែនទេ? ខ្ញី ខ្ទឹមស និងស្លឹកម្រុំនឹងជួយអ្នកដោះស្រាយបញ្ហានេះ។
មូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងទៀតដែលមាន់របស់បងប្អូនមិនឡើងគីឡូគឺបញ្ហាខ្សោយពោះវៀន។ នៅពេលដែលពោះវៀនខ្សោយ វាមិនអាចស្រូបយកសារធាតុចិញ្ចឹមបានល្អឡើយ ទោះបីជាយើងប្រើចំណីល្អប៉ុនណាក៏ដោយ។
បញ្ហាមាន់ខ្សោយពោះវៀតអាចកើតពី ទឹកផឹកមិនស្អាត ទ្រុងសើម ការដាក់មាន់ច្រើនពេកក្នុងកន្លែងតូចចង្អៀត និងចំណីដែលរក្សាទុកក្នុងកន្លែងសើម។ អ្វីទាំងនេះជាមូលហេតុធ្វើឲ្យពោះវៀនមាន់របស់បងប្អូនចុះខ្សោយ ដូច្នេះគួរតែកែទម្លាប់ទាំងនេះចេញ។ ក្រោពីនេះការផ្ដល់ ខ្ញី ខ្ទឹមស និងស្លឹកម្រុំ លាយជាមួយចំណីក៏អាចរួមចំណែកជួយសុខភាពមាន់បងប្អូនបានដែរ រួចចាំមើលប្រសិទ្ធភាព ក្នុងរយៈពេល ២១ ថ្ងៃ (៣សប្ដាហ៍)។

សប្តាហ៍ទី ១៖ ខ្ញី
ក្នុងសប្តាហ៍ដំបូង យើងចាប់ផ្តើមជាមួយខ្ញី។ ខ្ញីជួយជួសជុលស្រទាប់ពោះវៀនដែលខូច បំផុសអង់ស៊ីមរំលាយអាហារ និងជួយឱ្យប្រព័ន្ធមេតាបូលីស ដំណើរការឡើងវិញ បន្ទាប់ពីវាត្រូវបានខូចខាតដោយសារការគ្រប់គ្រងមិនល្អ។
- កម្រិតប្រើប្រាស់៖ ប្រើខ្ញីស្រស់ ១ មើមប៉ុនមេដៃ ក្នុងទឹកផឹក ៥ លីត្រ។
- ការរៀបចំ៖ បុកខ្ញីឱ្យបែក រួចចាក់ទឹកដាំឱ្យពុះរយៈពេល ១០ នាទី បន្ទាប់មកទុកឱ្យត្រជាក់។
- កាលវិភាគ៖ ឱ្យមាន់ផឹកជាទឹករៀងរាល់ព្រឹក ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។ ឈប់ប្រើប្រាស់នៅថ្ងៃចុងសប្តាហ៍។
សប្តាហ៍ទី ២៖ ខ្ទឹមស
បន្ទាប់ពីសប្តាហ៍ទី ១ បានជួសជុលពោះវៀនរួចរាល់ សប្តាហ៍ទី ២ គឺជាពេលដែលត្រូវបង្កើនល្បឿននៃការលូតលាស់។ ខ្ទឹមសមានផ្ទុកសារធាតុ Allicin ដែលជាអ្នកជម្រុញការលូតលាស់ដ៏មានឥទ្ធិពលពីធម្មជាតិ។ វាជួយសម្លាប់បាក់តេរីដែលនៅសេសសល់ក្នុងពោះវៀនដែលចាំដណ្តើមសារធាតុចិញ្ចឹម បង្កើនភាពស៊ាំ និងជំរុញឱ្យទម្ងន់មាន់ឡើងលឿនបំផុត។
- កម្រិតប្រើប្រាស់៖ ខ្ទឹមសស្រស់ ១០ កំពឹស ក្នុងទឹក ១០ លីត្រ។
- ការរៀបចំ៖ កុំដាំទឹកឱ្យពុះ។ គ្រាន់តែបុកខ្ទឹមសឱ្យបែក រួចត្រាំក្នុងទឹកផឹករយៈពេល ២ ម៉ោង។
- កាលវិភាគ៖ ឱ្យមាន់ផឹកជាទឹកផឹករៀងរាល់ព្រឹក ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។ ឈប់ប្រើប្រាស់នៅថ្ងៃចុងសប្តាហ៍។
សប្តាហ៍ទី ៣៖ ស្លឹកម្រុំ
ចូលដល់សប្តាហ៍ទី ៣ បងប្អូននឹងឃើញមាន់ស៊ីច្រើនជាងមុន រហ័សរហួនជាងមុន និងឡើងសាច់។ សប្តាហ៍ទី ៣ យើងប្រើស្លឹកម្រុំ ដែលជារុក្ខជាតិមានសារធាតុចិញ្ចឹមខ្ពស់ និងសម្បូរទៅដោយប្រូតេអ៊ីន ជាតិដែក កាល់ស្យូម វីតាមីន A និង C ដែលនឹងទៅជួយពង្រឹងទម្ងន់ដែលឡើងបានពី ២ សប្តាហ៍មុនឱ្យនៅថេរ។
- កម្រិតប្រើប្រាស់៖ ប្រើស្លឹកម្រុំស្ងួតកិនជាម្សៅ។
- ការរៀបចំ៖ លាយម្សៅស្លឹកម្រុំ ២ ក្តាប់ដៃ ក្នុងចំណីមាន់ ១ គីឡូក្រាម។
- កាលវិភាគ៖ ឱ្យស៊ីរៀងរាល់ព្រឹក ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។ ឈប់ប្រើនៅថ្ងៃចុងសប្តាហ៍ដើម្បីឱ្យប្រព័ន្ធរាងកាយរបស់វាបានសម្រាក។

អាថ៌កំបាំងនៃភាពជោគជ័យ៖ ការផ្លាស់ប្តូរវេន
អាថ៌កំបាំងដែលធ្វើឱ្យវិធីសាស្ត្រនេះមានប្រសិទ្ធភាព គឺ៖ កុំប្រើទាំង ៣មុខ ក្នុងពេលតែមួយ និងកុំប្រើមុខណាមួយយូរពេក។ ការផ្លាស់ប្តូរវេនគ្នារៀងរាល់សប្តាហ៍គឺជារឿងចាំបាច់បំផុត៖
- សប្តាហ៍ទី ១៖ ខ្ញី លាយក្នុងទឹកផឹក។
- សប្តាហ៍ទី ២៖ ខ្ទឹមស លាយក្នុងទឹកផឹក។
- សប្តាហ៍ទី ៣៖ ស្លឹកម្រុំ លាយក្នុងចំណី។
- សប្តាហ៍ទី ៤៖ សម្រាក ដោយឱ្យផឹកតែទឹកស្អាតធម្មតា។
- ចាប់ផ្តើមឡើងវិញ៖ ត្រឡប់ទៅប្រើខ្ញីនៅសប្តាហ៍បន្ទាប់ រួចអនុវត្តតាមលំដាប់ដដែល។
ប្រសិនបើបងប្អូនសាកល្បងអនុវត្តតាមរូបមន្តផ្លាស់ប្តូរវេនរយៈពេល ៣ សប្តាហ៍នេះ បងប្អូនអាចនឹងឃើញមាន់មានទម្ងន់កើនឡើងបន្ថែមពី ២០០ ទៅ ៣០០ ក្រាមក្នុងមួយក្បាល ដោយប្រើបែបធម្មជាតិ ១០០% គ្មានសារធាតុគីមី និងគ្មានបញ្ហាស៊ាំថ្នាំ។
ដោយ៖ សែន តុលា
ប្រភព៖ Poultry Tips / PubMed
