កូនមាន់ទើបនឹងញាស់ (អាយុ ០-៤ សប្ដាហ៍) គឺជារយៈពេលដែលងាយរងគ្រោះបំផុត។ បញ្ហាធំបំផុតដែលបណ្ដាលឲ្យកូនមាន់ងាប់ច្រើនគឺដោយសារការរងាឬការបាត់បង់កម្ដៅ។ ការថែទាំកម្ដៅបានត្រឹមត្រូវ គឺជាគន្លឹះនៃភាពជោគជ័យក្នុងការចិញ្ចឹម។
ខាងក្រោមនេះជាវិធានការសំខាន់ៗដែលបងប្អូនត្រូវអនុវត្តដើម្បីរក្សាកូនមាន់ឲ្យមានសុខភាពល្អ។
១. ការរៀបចំជម្រក និងសម្ភារៈផ្ដល់កម្ដៅ
កូនមាន់ត្រូវការកម្ដៅពីខាងក្រៅដើម្បីរស់រានព្រោះវាគ្មានសមត្ថភាពគ្រប់គ្រងកម្ដៅខ្លួនឯងបានល្អដូចមាន់ធំទេ។
- កន្លែងបិទជិត
- ត្រូវរៀបចំកន្លែងចិញ្ចឹមកូនមាន់ឲ្យមានជញ្ជាំងបិទបាំងជុំវិញ ឬប្រើរបាំងដើម្បីការពារកុំឲ្យខ្យល់ត្រជាក់បក់ចូលដោយផ្ទាល់ និងដើម្បីប្រមូលផ្ដុំកម្ដៅឲ្យបានល្អ។
- ទំហំនៃរបាំងនេះត្រូវមានលក្ខណៈសមាមាត្រទៅនឹងចំនួនកូនមាន់ (កុំតូចពេក អាចធ្វើឲ្យមាន់ប្រមូលផ្ដុំគ្នាថប់ដង្ហើម)។
- ប្រភពកម្ដៅចាំបាច់
- ប្រើអំពូលកម្ដៅឬឧបករណ៍ផ្ដល់កម្ដៅផ្សេងៗ (ដូចជា ចង្ក្រានកម្ដៅ ឬចង្ក្រានធ្យូង)។
- ត្រូវដំឡើងអំពូលកម្ដៅឲ្យមានកម្ពស់សមស្រប ដែលអាចផ្ដល់កម្ដៅបានគ្រប់គ្រាន់ដល់កូនមាន់ដែលនៅពីក្រោមអំពូល។
- កម្រាលទ្រុង
- ប្រើចំបើងស្ងួត ឬស្រកីដូងស្ងួត ក្រាលកម្រាលទ្រុងឲ្យបានក្រាស់ល្មម (ប្រហែល ៥-៧ សង់ទីម៉ែត្រ)។ កម្រាលស្ងួតជួយរក្សាកម្ដៅនិងការពារកុំឲ្យកូនមាន់ត្រជាក់ពីសំណើម។

២. ការគ្រប់គ្រង និងកែតម្រូវសីតុណ្ហភាព
កូនមាន់មានតម្រូវការសីតុណ្ហភាពខុសៗគ្នាទៅតាមអាយុ៖
- សប្ដាហ៍ទី ១ សីតុណ្ហភាពសម្រាប់កូនមាន់ប្រហែល៣២ទៅ៣៥អង្សា
- សប្ដាហ៍ទី ២ សីតុណ្ហភាពសម្រាប់កូនមាន់ប្រហែល២៩ទៅ៣២អង្សា
- សប្ដាហ៍ទី ៣ សីតុណ្ហភាពសម្រាប់កូនមាន់ប្រហែល២៦ទៅ២៩អង្សា
- សប្ដាហ៍ទី ៤ សីតុណ្ហភាពសម្រាប់កូនមាន់ប្រហែល២៣ទៅ២៦អង្សា
ចំណាំ: ត្រូវបន្ថយកម្ដៅប្រហែល ៣អង្សារៀងរាល់សប្ដាហ៍។
៣. តាមដានឥរិយាបថកូនមាន់
កូនមាន់នឹងបង្ហាញសញ្ញាប្រាប់យើងថាតើសីតុណ្ហភាពដែលយើងផ្ដល់ឲ្យនោះត្រឹមត្រូវ ឬអត់។ យើងអាចសង្កេតល់សញ្ញាមួយចំនូនដូចខាងក្រោម។
- កូនមាន់ប្រមូលផ្ដុំគ្នា បានន័យថាត្រជាក់ខ្លាំង មិនគ្រប់កម្ដៅ។ ដូចនេះយើងត្រូវបន្ថយកម្ពស់អំពូលកម្ដៅ ឬបន្ថែមប្រភពកម្ដៅ។
- កូនមាន់ដេកនៅគែមឆ្ងាយ មានន័យថាក្ដៅខ្លាំងពេកពេលនៅក្រោមអំពូលកម្ដៅ។ ហេតុនេះយើងត្រូវលើកអំពូលកម្ដៅឲ្យខ្ពស់ឡើងបន្តិច ឬកាត់បន្ថយកម្ដៅ។
- កូនមាន់រត់ទៅមក និងហត់ អាចមានន័យថាខ្យល់ចេញចូលមិនល្អ មានជាតិពុល (អាម៉ូញាក់) ឬសើម។ យើងអាចបើកច្រកឲ្យមានខ្យល់ចេញចូលបានខ្លះហើយសម្អាតកម្រាលទ្រុង។
- កូនមាន់បែកខ្ញែកគ្នាស្មើ មានន័យថាសីតុណ្ហភាពល្អ គ្រប់គ្រាន់ និងមានផាសុកភាព។ យើងអាចរក្សាកម្ដៅឲ្យនៅដដែល។
៤. អនាម័យ និងចំណីអាហារ
- ទឹកស្អាត៖ ត្រូវផ្តល់ទឹកស្អាតដល់កូនមាន់ជាពិសេសនៅពេលព្រឹកព្រលឹម ដើម្បីជួយរក្សាកម្ដៅក្នុងខ្លួននិងជំរុញឲ្យវាផឹកទឹក។
- អនាម័យ៖ រក្សាកម្រាលទ្រុង និងឧបករណ៍ដាក់ទឹក/ចំណីឲ្យនៅស្ងួត និងស្អាតជានិច្ច ដើម្បីការពារជំងឺរាករូសដែលធ្វើឲ្យកូនមាន់កាន់តែចុះខ្សោយ។
ការគ្រប់គ្រងកម្ដៅគឺជាកាតព្វកិច្ចចម្បងក្នុងអំឡុងពេលចិញ្ចឹមកូនមាន់។ ត្រូវតាមដានមើលឥរិយាបថរបស់វា ហើយកែតម្រូវកម្ដៅតាមតម្រូវការ នោះទើបកូនមាន់របស់បងប្អូនលូតលាស់រឹងមាំ និងមានអត្រារស់រានខ្ពស់។
ប្រភព៖ Chicken heat schedule
ដោយ៖ ចាន់ តារា
អត្ថបទគួរអាន៖
១. ឃើញចំណុចទាំងនេះគឺទ្រុងមាន់គ្មានអនាម័យ
២. កុំរំលងវ៉ាក់សាំងបីមុខនេះ បើមិនចង់ឃើញកូនមាន់ងាប់ពាយ
៣. កម្ចាត់មូសនិងជម្រកមូសជួយការពារមាន់ពីជំងឺអុត
