More

    ពូជ​ទា​ស្រុក​ដែល​កសិករនិយម​ចិញ្ចឹម​

    - Advertisement -
    Advertisement

    ជា​ច្រើន​ជំនាន់​មក​ហើយ​ ដែល​កសិករ​នៅ​កម្ពុជា​​បន្ត​និយម​ចិញ្ចឹម​ទា​ពូជ​ស្រុក​ដោយ​សារ​គុណភាព​នៃ​សាច់​​របស់​វា​មាន​ខ្លាញ់​ទាប​ ហើយ​សម​ស្រប​សម្រាប់​ការ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​។

    ពូជទា​ស្រុក​សមស្រប​សម្រាប់​អ្នក​ទើប​ចាប់​ផ្ដើម​ចិញ្ចឹម​​ដោយសារ​វា​អាច​ធន់​នឹង​អាកាសធាតុ​មិន​ល្អ​ និង​រដូវកាល​ដែល​ខ្វះ​ចំណី​។ ទា​ស្រុក​ប្រសើរ​ណាស់​ក្នុង​ការ​ដើរ​រក​ចំណី​ដោយ​ខ្លួន​វា​។

    តែ​គួរ​ឲ្យ​សោកស្ដាយ​ដោយ​សារ​វា​មាន​ជើង​ខ្លី​ធ្វើ​ឲ្យ​ដង​ខ្លួន​​ស្ទើរ​តែ​អូស​ដី​ ដែល​ធ្វើ​ឲ្យ​វា​មាន​ការ​លំបាក​ក្នុង​ការ​ដើរ​ឆ្ងាយ​។ ជា​ទូទៅ​ពូជទា​ស្រុក​ផលិតស៊ុត​ ៦០-៨០គ្រាប់​​ក្នុង​មួយ​ឆ្នាំ​ តែ​ផលិត​កម្ម​ស៊ុត​អាច​កើន​ឡើង​បល​កសិករ​អាច​​កែ​លំអ​ការ​គ្រប់គ្រង​ និងការ​ផ្ដល់​ចំណី​​ចំណី​។

    ១.ទា​សំពៅ​

    ពូជ​ទា​សំពៅ​មាន​ការ​និយម​ចូលចិត្ត​ចិញ្ចឹម​​នៅ​ជនបទ​នៃ​ប្រទេស​កម្ពុជា​ដោយ​សារ​ស៊ុត​របស់​វា​ធំ​។ ទា​សំពៅ​មាន​ទំហំ​ខ្លួន​មធ្យម​ និង​ពូកែ​ដើរ​រក​ចំណី​។ ទា​សំពៅ​ត្រូវ​បាន​សំគាល់​តាម​រយៈ​បង្កង់​សរ​នៅ​ត្រង់​ករ​ និង​រោម​របស់​វា​លឿង​ភ្លឺ​ ចំពុះ​ត្នោត​ និង​ជើង​លឿង​។ ពួក​វា​ចាប់​ផ្ដើម​ផលិត​ស៊ុត​នៅ​អាយុ​ ៥-៦ខែ​។

    ២.ទា​អង្កាម​

    ទា​អង្កាម​មាន​ជើង​តូច​ ហើយ​ខ្លី​ និង​ករខ្លី​ មាន​ដង​ខ្លួន​តូច​ និង​មាន​រោម​ពណ៌​ចាប់​ពី​លឿង​ទុំ​រហូត​ដល់​ពណ៌​ត្នោត​ ដែល​មាន​ចំណុច​ខ្មៅ​តូចៗ។ ពូជ​នេះ​មាន​លក្ខណៈ​សម្បត្តិ​សមស្រប​សម្រាប់​ផលិតកម្ម​ខ្នាត​តូច​ដោយ​សារ​វា​ធន់​នឹង​ភាព​រាំង​ស្ងួត​នឹង​ជំងឺ​ រួម​បញ្ចូល​ទាំង​ពពួក​ប៉ារាស៊ីត​។ ក្រៅ​ពី​នេះ​ពួក​វា​ប៉ិន​ដើរ​រក​ចំណី​ដូច​ជា​រុក្ខជាតិ​ទឹក​ ដែល​មាន​បរិមាណ​ទឹក​ខ្ពស់​។ ពួក​វា​អាច​ស៊ី​ចំណី​ដូច​ជា​ចកបាយ​ទា​ស្មើ​នឹង​ទម្ងន់​ខ្លួន​។

    ៣.ទា​កាប៉ា​

    ទា​កាប៉ា​ខុសគ្នា​ទាំង​ស្រុង​ពី​ពូជ​ទា​ក្នុង​ស្រុក​ដទៃ​ទៀត​ ដោយសារ​វា​អាច​ភ្ញាស់​ស៊ុត​របស់​វា​ មាន​ទំហំ​ខ្លួន​ធំ​ មាន​រោម​ពណ៌​ខ្មៅ​ តែ​ក៏​មាន​ពណ៌​ស​សុទ្ធ​ និង​ខ្មៅ​លាយ​ស​ផង​ដែរ​។ ទា​ញី​ចាប់​ផលិត​ស៊ុត​នៅ​អាយុ​ ៥-៦ខែ​ ដែល​មាន​ពង​ ១៥-២០គ្រាប់​ សម្រាប់​ការ​ពង​មួយ​វគ្គៗ​។ ទា​កាប៉ា​មាន​ការ​និយម​ ចូលចិត្ត​ណាស់​នៅ​ប្រទេស​កម្ពុជា​ដោយ​សារ​វា​ធន់​នឹង​ជំងឺ​ និង​ចំណី​មាន​គុណភាព​ទាប​។

    ទា​ប្រភេទ​នេះ​មាន​ ការ​បន្ត​ពូជ​បាន​ល្អ​ ដែល​អាត្រា​ស៊ុត​វា​អាច​មាន​រហូត​ដល់​ ៨០-៩០%។ ទាកាប៉ាឈ្មោល​អាច​មាន​ទំងន់​ដល់​ទៅ​ ៤-៥គ.ក្រ ហើយ​ញី​វិញ​ ១-១,៥គក្រ។ ទាកាប៉ាញី​ជា​មេទា​ល្អ​អាច​ថែរក្សា​កូន​វា​បាន​គង់វង្ស​ច្រើន​។ ពូជ​ទា​នេះ​សមស្រប​ណាស់​សម្រាប់​កសិករ​ដោយសារ​វា​ពូកែ​រក​ចំណី​ និង​ភ្ញាស់​ខ្លួន​វា​បាន​។ ពងទាកាប៉ា​ត្រូវ​ការ​ ៥អាទិត្យ​ដើម្បី​ញ៉ាស់​ផ្ទុយ​ពី​ទា​ធម្មតា​ ដែល​ត្រូវ​ការ​តែ​រយៈពេល​ ៤អាទិត្យ​។ ទាកាប៉ា​ឈ្មោល​អាច​បង្កាត់​ពូជ​ជា​មួយ​ទាញី​ផ្សេង​ទៀត​ហើយ​កូន​កាត់​របស់​ពូជ​ទាំង​ពីរ​ ជា​ទូទៅ​ធំ​លឿន​ និង​ផលិត​សាច់​បាន​ល្អ​សម្រាប់​ទីផ្សារ​៕

    ប្រភព៖ ឯកសារក្រសួងកសិកម្ម

    - Advertisement -
    Advertisement