ទឹកដោះ​ដំបូង​ជា​​វ៉ាក់សាំង​ធម្មជាតិ​សម្រាប់កូនគោ​

ក្រោយពេលកើត​ភ្លាមៗ​ អ្វីដែលកូនគោត្រូវការបំផុតមិនមែនជាស្មៅ ឬទឹកនោះទេ ប៉ុន្តែគឺ​ទឹកដោះដំបូង (Colostrum)។ នៅក្នុងមជ្ឈដ្ឋានពេទ្យសត្វ យើងប្រៀបប្រដូចទឹកដោះដំបូងនេះទៅនឹងវ៉ាក់សាំងធម្មជាតិ​ដែលមេគោផ្ដល់ឱ្យកូនតាំងពីដង្ហើមដំបូង ដើម្បីការពារកូន​ពីមេរោគរាប់លានដែលនៅជុំវិញខ្លួន។

នេះគឺជាចំណេះដឹងបច្ចេកទេសខ្លះៗ​ដែលបងប្អូនកសិករត្រូវយល់ដឹង ដើម្បីធានាថាកូនគោរបស់បងប្អូននឹងមានសុខភាពល្អ និងរឹងមាំ។

១. ហេតុអ្វីបានជាហៅថាទឹកដោះដំបូង​ជា​វ៉ាក់សាំងធម្មជាតិ?

កូនគោដែលទើបនឹងកើតមក គ្មានប្រព័ន្ធការពារខ្លួន (Immunity) ទាល់តែសោះ។ ទឹកដោះដំបូងមានលក្ខណៈពិសេសខុសពីទឹកដោះធម្មតាត្រង់ថា៖

  • សម្បូរដោយអង់ទីគ័រ៖ វាគឺជាកងទ័ព​ដែលចូលទៅក្នុងឈាមកូនគោ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាក ជំងឺសួត និងមេរោគផ្សេងៗ។
  • ថាមពលខ្ពស់៖ វាមានជាតិខ្លាញ់ និងប្រូតេអ៊ីនខ្ពស់ជាងទឹកដោះធម្មតាដល់ទៅ ២ ទៅ ៣ ដង ដើម្បីផ្ដល់កម្ដៅ និងកម្លាំងឱ្យកូនគោឆាប់ឈរលិឍដោះមេបាន។
  • ថ្នាំបញ្ចុះធម្មជាតិ៖ វាជួយលាងសម្អាតកាកសំណល់ដំបូង (អាចម៍ព្រៃ) ចេញពីពោះវៀនកូនគោ ធ្វើឱ្យប្រព័ន្ធរំលាយអាហារចាប់ផ្ដើមដំណើរការបានល្អ។

២. ម៉ោងមាសនៃការផ្ដល់ទឹកដោះដំបូង

ពេលវេលាគឺជាកត្តាស្លាប់រស់។ បងប្អូនត្រូវចងចាំថាពោះវៀនកូនគោនឹងបិទ​ មិនទទួលយកអង់ទីគ័រទៀតទេ ក្រោយពេលកើតបាន២៤ម៉ោង។

  • ល្អបំផុត៖ ក្នុងរង្វង់ ២ ម៉ោងដំបូង ជាពេលដែលពោះវៀនបើកចំហខ្លាំងបំផុតដើម្បីស្រូបយកកងទ័ពការពារខ្លួន។
  • យឺតបំផុត៖ មិនត្រូវឱ្យលើសពី ៦ ម៉ោង ឡើយ។
  • ក្រោយ ២៤ ម៉ោង៖ ទឹកដោះដំបូងនឹងក្លាយទៅជាអាហារធម្មតា វាលែងមានប្រសិទ្ធភាពជាវ៉ាក់សាំងទៀតហើយ។

៣. បរិមាណដែលកូនគោត្រូវការ

កសិករខ្លះគិតថាឱ្យកូនគោបៅតែបន្តិចបន្តួចគឺគ្រប់គ្រាន់ ប៉ុន្តែតាមបច្ចេកទេស កូនគោត្រូវបៅឱ្យបាន ១០% នៃទម្ងន់ខ្លួន​ក្នុងថ្ងៃដំបូង។ ឧទាហរណ៍ ប្រសិនបើកូនគោទើបកើតមានទម្ងន់៣០គីឡូក្រាម វាក្នុងបៅទឹកដោះដំបូងឱ្យបាន​លីត្រ​ក្នុងរយៈពេល ២៤ម៉ោងដំបូង។

ចំណុចប្រុងប្រយ័ត្នសម្រាប់បងប្អូនកសិករ

  • អនាម័យដោះមេគោ៖ មុនឱ្យកូនគោចូលទៅបៅ ឬលិឍដោះមេ បងប្អូនត្រូវយកកន្សែងស្អាតជ្រលក់ទឹកក្ដៅឧណ្ហៗជូតសម្អាតដោះមេគោឱ្យបានស្អាត ដើម្បីបង្ការមេរោគពីដី ឬលាមកដែលជាប់នឹងដោះ កុំឱ្យចូលក្នុងពោះកូនគោ។
  • ករណីមេគោគ្មានទឹកដោះ៖ ប្រសិនបើមេគោគ្មានទឹកដោះដំបូង បងប្អូនត្រូវរក​ទឹកដោះដំបូងជំនួស ឬប្រើទឹកដោះដំបូងដែលបងប្អូនធ្លាប់ច្រកដបទុកក្នុងទូទឹកកកកកពីមេគោផ្សេង (បើមាន)។

អគ្គនាយកដ្ឋានសុខភាពសត្វ (GDAHP)លើក​ឡើងថា ការបំបៅទឹកដោះដំបូងបានត្រឹមត្រូវ និងទាន់ពេលវេលា អាចកាត់បន្ថយអត្រាងាប់របស់កូនគោក្នុងខែដំបូងបានរហូតដល់ ៥០% ទៅ ៧០%។ ចំណែក​អង្គការ FAO បញ្ជាក់ថា គ្មានថ្នាំផ្សះ ឬវ៉ាក់សាំងណាមានប្រសិទ្ធភាពជាងទឹកដោះដំបូងឡើយ សម្រាប់ការរស់រានរបស់កូនគោក្នុងសប្ដាហ៍ដំបូង។

ទឹកដោះដំបូងគឺជាកាដូដ៏មានតម្លៃបំផុតដែលមេគោផ្ដល់ឱ្យកូនវា។ ក្នុងនាមជាកសិករវៃឆ្លាត ការជួយឱ្យកូនគោបានបៅទឹកដោះដំបូងបានលឿន និងគ្រប់គ្រាន់ គឺជាការវិនិយោគដែលមិនចំណាយប្រាក់សូម្បីមួយរៀល តែទទួលបានផលមកវិញនូវសត្វដែលរឹងមាំ និងធំធាត់លឿន។

ដោយ៖ ចាន់ តារា
ប្រភព៖ FAO / MSD Animal Health