More

    ស្រូវ​បណ្ដុះ​អាហារ​បែប​ធម្មជាតិ​បង្កើន​សុខភាព​មាន់​

    ការចិញ្ចឹមមាន់ឱ្យមានសុខភាពល្អ និងធំធាត់លឿន មិនមែនទាល់តែប្រើចំណីថ្លៃៗជានិច្ចនោះទេ។ ស្រូវបណ្ដុះ គឺជាបច្ចេកទេសកែច្នៃគ្រាប់ស្រូវធម្មតា ឱ្យក្លាយជាប្រភពវីតាមីន និងអង់ស៊ីមដ៏ខ្ពស់ ដែលជួយឱ្យមាន់លូតលាស់បានយ៉ាងអស្ចារ្យ។

    ១. គុណសម្បត្តិ និងអត្ថប្រយោជន៍នៃស្រូវបណ្ដុះ

    នៅពេលគ្រាប់ស្រូវចាប់ផ្ដើមដុះពន្លក ដំណើរការជីវគីមីក្នុងគ្រាប់ធញ្ញជាតិផ្លាស់ប្តូរ ដែលផ្ដល់នូវអត្ថប្រយោជន៍ដូចជា៖

    • បង្កើនវីតាមីន និងជាតិរ៉ែ៖ ស្រូវបណ្ដុះសម្បូរទៅដោយវីតាមីន A, B, C, និង E រួមទាំងជាតិដែក និងស័ង្កសី ខ្ពស់ជាងស្រូវធម្មតា។
    • ជួយដល់ប្រព័ន្ធរំលាយអាហារ៖ វាផ្ទុកទៅដោយ អង់ស៊ីមធម្មជាតិ ដែលជួយឱ្យក្រពះមាន់ស្រូបយកសារធាតុចិញ្ចឹមបានល្អជាងមុន និងកាត់បន្ថយបញ្ហាហើមពោះ ឬរាក។
    • ពង្រឹងភាពស៊ាំ៖ ជួយឱ្យមាន់មានសុខភាពរឹងមាំ ធន់នឹងអាកាសធាតុប្រែប្រួល និងមិនងាយឆ្លងជំងឺ។
    • បង្កើនគុណភាពស៊ុត និងសាច់៖ សម្រាប់មាន់ពង វានឹងជួយឱ្យពងមានទំហំធំ សំបកក្រាស់ និងផ្នែកលឿងមានពណ៌ស្អាត។ សម្រាប់មាន់សាច់ វានឹងជួយឱ្យសាច់រឹងមាំ និងមានជាតិខ្លាញ់ទាប។
    • កាត់បន្ថយការចំណាយ៖ ស្រូវបណ្ដុះជួយឱ្យមាន់ឆាប់ឆ្អែត និងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ ដែលកាត់បន្ថយការប្រើប្រាស់ចំណីផ្សំពីផ្សារ។

    ២. របៀបធ្វើស្រូវបណ្ដុះ

    ដើម្បីទទួលបានស្រូវបណ្ដុះដែលមានគុណភាព បងប្អូនអាចអនុវត្តតាមជំហានខាងក្រោម៖

    1. ការត្រាំ៖ យកស្រូវទៅលាងជម្រះឱ្យស្អាត (រើសគ្រាប់ស្កកចេញ) រួចត្រាំក្នុងទឹកស្អាតរយៈពេល ១២ ទៅ២៤ម៉ោង។
    2. ការផ្អាប់៖ ស្រង់ស្រូវដែលត្រាំរួច ដាក់ក្នុងបាវ កញ្ជើ ឬធុងដែលមានប្រហោងខ្យល់ចេញចូល។ គ្របវាឱ្យជិតដើម្បីរក្សាសំណើម និងកម្ដៅ រួចទុកក្នុងកន្លែងម្លប់។
    3. ការដុះពន្លក៖ រង់ចាំរយៈពេល ២៤ ទៅ ៤៨ ម៉ោង។ នៅពេលបងប្អូនឃើញមានដុះពន្លកសៗតូច​ៗ (ប្រវែងប្រហែល ២-៥ មីលីម៉ែត្រ) នោះគឺជាពេលដែលស្រូវមានសារធាតុចិញ្ចឹមខ្ពស់បំផុត​។

    ការប្រុងប្រយ័ត្ន៖ កុំទុកឱ្យស្រូវដុះវែងពេកក្លាយជាកូនដើម​ស្រូវ (លើសពី ៣ ថ្ងៃ) ព្រោះសារធាតុចិញ្ចឹមមួយចំនួននឹងថយចុះ ហើយត្រូវប្រយ័ត្នកុំឱ្យមានដុះផ្សិត ឬមានក្លិនស្អុយ​ឬផ្អួរ ដែលអាចធ្វើឱ្យមាន់ពុល។

    ៣. របៀបប្រើប្រាស់សម្រាប់មាន់

    បងប្អូនអាចផ្ដល់ស្រូវបណ្ដុះឱ្យមាន់ស៊ីតាមវិធីខាងក្រោម៖

    • ផ្ដល់ឱ្យស៊ីផ្ទាល់៖ បងប្អូនអាចបាចស្រូវបណ្ដុះឱ្យមាន់ស៊ីនៅពេលព្រឹក ឬពេលល្ងាចជាចំណីបន្ថែម។
    • លាយជាមួយចំណីផ្សេងៗ៖ បងប្អូនអាចយកស្រូវបណ្ដុះទៅលាយជាមួយកន្ទក់ បន្លែហាន់ ឬត្រីកិន ដើម្បីបង្កើនរសជាតិ និងអាហារូបត្ថម្ភ។
    • កម្រិតនៃការផ្ដល់ឱ្យ៖ អាចផ្ដល់ឱ្យមាន់ស៊ីប្រហែល ២០% ទៅ ៣០% នៃបរិមាណចំណីសរុបប្រចាំថ្ងៃ។
    • សម្រាប់កូនមាន់៖ គួរកិន ឬបំបែកគ្រាប់ស្រូវបណ្ដុះឱ្យតូចបន្តិច ដើម្បីឱ្យកូនមាន់ងាយស្រួលស៊ី។

    ស្រូវបណ្ដុះគឺជាបច្ចេកទេសចំណាយតិច បានផលច្រើន ដែលកសិករគ្រប់រូបគួរអនុវត្ត។ ចំ​បទពិសោធបងប្អូន​យ៉ាងម៉េចដែរ? ចង់ចែករំលែកទាក់ទង​មក​ក្រុម​ការងារ​កសិ​។​

    ដោយ៖ ចាន់ តារា
    ប្រភព៖ Chicken-Chick / Get strong animal