ដីស្រែយើងធ្លាប់តែឃើញគេស្ទូងស្រូវមែនទេ? ចុះបើសិនជាយើងបន្ថែមការចិញ្ចឹមត្រីទៅក្នុងស្រែស្រូវដែរ តើនឹងមានអ្វីកើតឡើង?
អត្រាបរិមាណត្រីធម្មជាតិនៅតាមបឹង ទន្លេពីមួយឆ្មាំទៅមួយឆ្នាំបានធ្លាក់ចុះជាលំដាប់ ដោយសារកំណើននៃតម្រូវការការផ្គត់ផ្គង់។ ហេតុនេះ ទើបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឲ្យកសិករអនុវត្តនូវការចិញ្ចឹមត្រីបន្ថែម ពិសេសការចិញ្ចឹមត្រីក្នុងស្រែ។ លើសពីនេះការចិញ្ចឹមត្រីក្នុងស្រែក៏មានសារៈប្រយោជន៍ផ្សេងៗទៀតដែរ។
ត្រីនិងស្រូវ ផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដោយស្រូវអាចយកផលពីត្រី ឯត្រីក៏អាចយកផលពីស្រូវដូចគ្នា។
តស់ មកដឹងបន្ថែមពីគុណសម្បត្តិនៃការចិញ្ចឹមត្រីក្នុងស្រែ៖
- ចំពោះដំណាំស្រូវ៖ត្រីជួយកាត់បន្ថយស្មៅ និងសត្វល្អិតមួយចំនួននៅក្នុងស្រែ ហើយកាកសំណល់របស់ត្រីអាចធ្វើជាជីដែលជួយឲ្យស្រូវមានការលូតលាស់បានល្អ
- ចំពោះត្រី៖ កាកសំណល់រុក្ខជាតិ និងសត្វល្អិតក្នុងស្រែអាចធ្វើជាចំណីរបស់ត្រី ដែលជួយឲ្យកសិករកាត់បន្ថយការប្រើប្រាស់ចំណីត្រី ជាពិសេសកសិករដែលមិនមានផ្ទៃដីក្នុងការជីកស្រះក៏អាចចិញ្ចឹមត្រីបាន។
- សេដ្ឋកិច្ច៖ កាត់បន្ថយការចំណាយលើការទិញម្ហូបអាហារ ជាពិសេសកសិករអាចទទួលបានចំណូលពីរផ្លូវក្នុងពេលតែមួយគឺបានទាំងស្រូវ និងត្រី។
អត្ថបទដោយ៖ Kakse /កសិ
ប្រភព៖ World fish center
