គោជាសត្វផ្ដល់ប្រយោជន៍ដ៏សំខាន់មួយដល់បងប្អូនកសិករខ្មែរយើង។ គោជាកម្លាំងអូសទាញក្នុងការធ្វើស្រែ។ បន្ថែមពីនេះទៅទៀត យើងអាចយកសាច់របស់វាមកធ្វើជាអាហារ។ ជាមួយគ្នានេះដែរ លាមកគោក៏អាចប្រែក្លាយជាជីសម្រាប់ដីស្រែចម្ការរបស់យើង ហើយថែមទាំងអាចច្នៃយកធ្វើជាឧស្ម័នធម្មជាតិ សម្រាប់បង្កាត់ភ្លើងទៀតផង។ ការចិញ្ចឹមគោត្រូវធ្វើតាមដំណាក់កាលៗមួយចំនួន ដើម្បីឱ្យគោមានសុខភាពល្អ ដើម្បីផ្ដល់ជាប្រយោជន៍ និងផលដល់កសិករយើង។ ខាងក្រោមនេះជាវិធីសាស្ត្រត្រួសៗមួយចំនួន ដើម្បីចិញ្ចឹមគោជាលក្ខណៈគ្រួសារបានជោគជ័យ៖
១- សំណង់ក្រោល ឬ ជម្រក
ការសាងសង់ក្រោលគោ យើងត្រូវរកទីទួលខ្ពស់ មានខ្យល់ចេញចូល និងស្រួលបង្ហូរទឹក។ បន្ថែមពីនេះទៅទៀត យើងត្រូវសង់ក្រោមខ្យល់ដើម្បីកុំឱ្យមានធុំក្លិន។ យើងត្រូវសង់ក្រោលគោតាមបណ្ដោយថ្ងៃ ដើម្បីកុំឱ្យគោចាំងភ្នែកពេក ហើយមានពន្លឺគ្រប់គ្រាន់។ រោងគោត្រូវមានកន្លែងដាក់ស្មៅ និងកន្លែងដាក់ទឹក ហើយត្រូវមានរណ្ដៅ ឬ រោងដាក់លាមក។ និយាយរួមទៅ សង់ក្រោលគោត្រូវការដីធំបន្តិច ដោយគោពេញវ័យមួយក្បាល ត្រូវការយ៉ាងតិច ៤ម៉ែត្រការ៉េ។ នេះនៅមិនទាន់រាប់ទំហំគោបំបៅកូន និងកន្លែងដាក់លាមកគោទៀតផង។
២- ការជ្រើសរើសពូជគោ
ការជ្រើសរើសពូជគោត្រូវគិតគូរខ្ពស់លើរូបរាងគោទាំងមូល ដែលរួមមាន ក្បាល ក ដងខ្លួន ជើង កន្ទុយ ស្បែក និងប្រដាប់បន្តពូជ។ បន្ថែមពីនេះទៅទៀត ដើម្បីអនាគតវែងឆ្ងាយ យើងត្រូវចេះរើសទាំងគោបា និងគោមេ។ ចំពោះគោបាបង្កាត់ យើងត្រូវរើសគោដែលមានប្រវត្តិល្អ និងមានកាយសម្បទាធំ និងមាំមួន ជាមួយនឹងពងស្វាសទំហំស្មើគ្នា។ ចំណែកគោមេវិញ ត្រូវមានរូបរាងស្អាត និងធំធាត់ល្អ។ បន្តមកទៀត យើងត្រូវរៀនសូត្រពីវិធីសាស្ត្រក្នុងការបង្កាត់កូនគោ និងថែទាំកូនគោ ក្រោយពេលវាកើតមក។
៣- ការផ្ដល់ចំណីឱ្យគោ
ការជ្រើសរើសចំណីជារឿងសំខាន់មួយ ក្នុងការចិញ្ចឹមសត្វគោ។ ចំណីដ៏សំខាន់របស់គោរួមមាន កន្ធុំថេត ស្លឹកអង្គារដី ដំឡូងមី ស្មៅដំរី ក៏ដូចជាចំបើងផ្អាប់ជាដើម។ ក្រៅពីចំណី យើងត្រូវចេះតាមដានតម្រូវការទឹករបស់គោផងដែរ ដោយជាទូទៅគោមួយក្បាលត្រូវការ ៣០-៤០លីត្រក្នុងមួយថ្ងៃ។
៤- ការថែទាំ និងការការពារជំងឺ
ក្រៅពីរឿងសង់ក្រោលគោ និងរើសពូជគោ យើងក៏ត្រូវចេះតាមដាន និងថែទាំសត្វគោរបស់យើងពីជំងឺផ្សេងៗដែរ។ ជំងឺសត្វគោមួយចំនួនរួមមាន ជំងឺអុតក្ដាម ជំងឺសារទឹក ជំងឺឈាមខ្មៅ និងបូសខ្យល់ជាដើម។ ដើម្បីការពារពីជំងឺនេះ យើងត្រូវចាក់ថ្នាំការពារ ក៏ដូចជាអនុវត្តវិធានការការពារផ្សេងៗ៕
អត្ថបទដោយ៖ សែន តុលា
ប្រភព៖ ឯកសារក្រសួងកសិកម្ម
