More

    កាលវិភាគចាក់វ៉ាក់សាំងគោ កសិករ​គួរ​ដឹង

    ដើម្បីជួយឱ្យបងប្អូនកសិករអាចគ្រប់គ្រងសុខភាពសត្វគោបានល្អ និងមិនភ្លេចកាលបរិច្ឆេទសំខាន់ៗ កសិបានរៀបចំ «កាលវិភាគចាក់វ៉ាក់សាំងប្រចាំឆ្នាំ» ដូចខាងក្រោម៖

    កាលវិភាគចាក់វ៉ាក់សាំងការពារជំងឺសត្វគោ (ប្រចាំឆ្នាំ)

    ប្រភេទជំងឺពេលវេលាដែលត្រូវចាក់ (ខែ)ចំនួនដង/ឆ្នាំសត្វដែលត្រូវចាក់
    អុតក្ដាម (FMD)មីនា – មេសា និង កញ្ញា – តុលា២ ដងគោអាយុចាប់ពី ៤ ខែឡើងទៅ
    សាទឹកគោ (HS)មេសា – ឧសភា (មុនរដូវភ្លៀង)១-២ ដងគោអាយុចាប់ពី ៦ ខែឡើងទៅ
    ដុំពកស្បែក (LSD)អាចចាក់បាន គ្រប់ពេលវេលា១ ដងគោអាយុចាប់ពី ៦ សប្ដាហ៍ឡើងទៅ
    ជំងឺអង់ត្រាក់ ឬឈាមខ្មៅ (Anthrax)ចាក់ក្នុងតំបន់ដែលធ្លាប់កើតមាន១ ដងតាមការណែនាំរបស់ពេទ្យសត្វ

    ចំណុចសំខាន់៥បងប្អូន​គួរ​ដឹង​អំពី​វ៉ាក់សាំង

    ដើម្បីឱ្យវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់បំផុត បងប្អូនត្រូវចងចាំចំណុចទាំងនេះ៖

    1. ចាក់តែលើសត្វដែលមានសុខភាពល្អ៖ ហាមចាក់វ៉ាក់សាំងលើគោដែលកំពុងឈឺ ស្គមស្គាំង ឬមានកម្លាំងខ្សោយខ្លាំង ព្រោះវ៉ាក់សាំងអាចធ្វើឱ្យវាឈឺធ្ងន់ជាងមុន។
    2. រក្សាភាពត្រជាក់៖ វ៉ាក់សាំងត្រូវរក្សាទុកក្នុងធុងទឹកកកដែលមានសីតុណ្ហភាពចន្លោះ ២អង្សាសេ ដល់៨អង្សាសេជានិច្ច ចាប់ពីកន្លែងលក់រហូតដល់ពេលចាក់។
    3. ពេលវេលាចាក់៖ គួរចាក់នៅពេលព្រឹកព្រលឹម ឬពេលល្ងាច ដែលអាកាសធាតុត្រជាក់ ដើម្បីកាត់បន្ថយភាពតានតឹងដល់សត្វ។
    4. ប្ដូរម្ជុល៖ បើអាចធ្វើបាន គួរដូរម្ជុលសម្រាប់គោមួយក្បាលម្ដង ឬយ៉ាងហោចណាស់ប្ដូរម្ជុលឱ្យបានញឹកញាប់ ដើម្បីបង្ការការឆ្លងជំងឺពីក្បាលមួយទៅក្បាលមួយទៀត។
    5. ការតាមដាន៖ ក្រោយចាក់រួចត្រូវតាមដានគោប្រហែល ៣០នាទី ក្រែងលោវាមានប្រតិកម្ម ជាមួយថ្នាំ ដើម្បីឱ្យពេទ្យសត្វជួយសង្គ្រោះទាន់ពេល។

    ការចាក់វ៉ាក់សាំងមុនរដូវកាល ដូចជាចាក់ការពារសាទឹកមុនរដូវភ្លៀងផ្ដល់ផលចំណេញច្រើនជាងការចាំដល់កើតជំងឺទើបព្យាបាល។ វ៉ាក់សាំងត្រូវការពេលប្រហែល ១៤ថ្ងៃ ដើម្បីបង្កើតភាពស៊ាំក្នុងខ្លួនសត្វ។ ដូច្នេះ មិនមែនចាក់ភ្លាម ការពារបានភ្លាមនោះទេ។ កសិករគួរកត់ត្រាកាលបរិច្ឆេទចាក់វ៉ាក់សាំងក្នុងសៀវភៅតាមដាន ដើម្បីងាយស្រួលត្រួតពិនិត្យប្រសិទ្ធភាពថ្នាំ។

    ការមានកាលវិភាគច្បាស់លាស់ នឹងជួយឱ្យបងប្អូនក្លាយជាម្ចាស់កសិដ្ឋានដែលមានវិជ្ជាជីវៈ និងកាត់បន្ថយគ្រោះថ្នាក់ដែលមើលមិនឃើញ។

    ដោយ៖ ចាន់ តារា
    ប្រភព៖ ឯកសារក្រសួងកសិកម្ម៖ ជំងឺសាទឹក /ជំងឺអុតក្ដាម/ជំងឺដុំពកលើស្បែក