បញ្ហាមាន់ស៊ីពងខ្លួនឯង គឺជាបញ្ហាអាក្រក់មួយដែលបង្កមានការខាតបង់ដល់អ្នកចិញ្ចឹម។ បញ្ហានេះអាចកើតឡើងដោយសារមូលហេតុច្រើនយ៉ាងដែលទាក់ទងនឹងបញ្ហាខ្វះសារជាតិចិញ្ចឹម និងបញ្ហាបរិស្ថាន។
១. មូលហេតុមាន់ស៊ីពងខ្លួនឯង
ក. កង្វះសារធាតុចិញ្ចឹម
បញ្ហានេះជាមូលហេតុចម្បងបំផុត៖
- កង្វះជាតិកាល់ស្យូម៖ មេមាន់ពងត្រូវការកាល់ស្យូមច្រើនដើម្បីបង្កើតសំបកពង។ បើវាខ្វះជាតិកាល់ស្យូម វានឹងស្វែងរកប្រភពកាល់ស្យូមពីខាងក្រៅ ហើយសំបកពងរបស់វាផ្ទាល់គឺជាប្រភពដ៏ងាយស្រួល។
- កង្វះជាតិប្រូតេអ៊ីន៖ ពងមាន់មានជាតិប្រូតេអ៊ីនខ្ពស់។ ប្រសិនបើចំណីអាហាររបស់វាមានជាតិប្រូតេអ៊ីនទាប មាន់អាចស៊ីពងដើម្បីបំពេញតម្រូវការប្រូតេអ៊ីនរបស់ខ្លួន។

ខ. បញ្ហាបរិស្ថាន និងទម្លាប់
- ភាពអផ្សុក៖ នៅពេលមាន់ត្រូវបានដាក់ក្នុងទ្រុងតូចចង្អៀតយូរពេក ឬខ្វះសកម្មភាពដើរហើរ វានឹងអផ្សុក ហើយចាប់ផ្តើមចឹកអ្វីដែលនៅក្បែរវា រួមទាំងពងផងដែរ។
- តាមគ្នា ៖ នៅពេលមាន់មួយចាប់ផ្ដើមស៊ីពង មាន់ផ្សេងៗទៀតក្នុងហ្វូងអាចចេះស៊ីតាមគ្នាដែរ។
- ការបែកពងដោយចៃដន្យ៖ ប្រសិនបើពងបែកដោយចៃដន្យ (ដូចជាដោយសារតែសំបកពងស្ដើង ឬកន្លែងពងរឹង) ហើយមាន់បានភ្លក្សរសជាតិស៊ុត វានឹងចូលចិត្ត ហើយចាប់ផ្ដើមធ្វើចឹកស៊ីដោយចេតនា។
- កង្វះសំបុកពង៖ ការខ្វះខាតសំបុកពង ឬទ្រុងពងតូចចង្អៀត ធ្វើឲ្យមាន់ត្រូវពងនៅកន្លែងដែលមិនសមរម្យ ឬធ្វើឲ្យពងបុកគ្នាបែក ពេលពងបែក មាន់អាចនឹងចាប់ផ្ដើមសាកល្បងស៊ីពងដែលបែក។
២. វិធីដោះស្រាយ និងការពារ
ការដោះស្រាយបញ្ហានេះតម្រូវឲ្យមានការកែតម្រូវទាំងរបបអាហារ និងបរិស្ថាន៖
ក. កែតម្រូវរបបអាហារ
- បន្ថែមជាតិកាល់ស្យូម៖
- ត្រូវមាន សំបកអយស្ទ័រកិន ឬសំបកពងមាន់ (ត្រូវលាង និងកិនឲ្យម៉ដ្ឋ រួចយកទៅលីង) ដាក់ទុកក្នុងចានដាច់ដោយឡែកមួយឲ្យមាន់ស៊ីបានគ្រប់ពេល។ ការណ៍នេះនឹងជួយឲ្យសំបកពងកាន់តែរឹងមាំ និងបំពេញតម្រូវការកាល់ស្យូមរបស់វា។
- ធានាជាតិប្រូតេអ៊ីនគ្រប់គ្រាន់៖
- ត្រូវផ្តល់ចំណីមេមាន់ពង ដែលមានជាតិប្រូតេអ៊ីនយ៉ាងតិច ១៦%។
- អាចបន្ថែមចំណីជំនួយដែលមានជាតិប្រូតេអ៊ីនខ្ពស់ ដូចជា ដង្កូវ ឬត្រីកិនបន្តិចបន្តួច។
- ជៀសវាងឲ្យមាន់ស៊ីស៊ុតឆៅ៖ កុំឲ្យមាន់ស៊ីស៊ុតឆៅ ឬស៊ុតបែកផ្ទាល់ ព្រោះវាអាចចាប់បានរសជាតិហើយចង់ស៊ីទៀត។
ខ. កែតម្រូវបរិស្ថាន និងទម្លាប់
- ប្រមូលពងឲ្យបានញឹកញាប់
- ត្រូវប្រមូលពងឲ្យបានញឹកញាប់ (យ៉ាងហោចណាស់ ២-៣ ដងក្នុងមួយថ្ងៃ បើមាន) ជាពិសេសនៅពេលព្រឹក និងពេលរសៀល ដើម្បីកាត់បន្ថយឱកាសដែលពងត្រូវបែក ឬត្រូវមាន់ស៊ី។
- ផ្តល់សកម្មភាពលេង
- ផ្តល់កន្លែងលេង ឬដីសម្រាប់កាយរកចំណី ដើម្បីកាត់បន្ថយភាពអផ្សុក។ អាចព្យួរ ស្ពៃក្ដោប ឬ បន្លែផ្សេងៗ ឲ្យវាចឹកលេង។
- សំបុកត្រឹមត្រូវ
- ត្រូវដាក់សំបុក ឬកន្លែងសម្រាប់ពងឲ្យបានគ្រប់គ្រាន់ (ប្រមាណ ១ ទ្រុងសម្រាប់មាន់ ៤-៥ ក្បាល)។
- ដាក់ចំបើង ឬ សម្ភារៈទន់ៗ ក្នុងទ្រុងពងឲ្យបានក្រាស់ ដើម្បីការពារពងកុំឲ្យបែកនៅពេលមាន់ពង ឬពេលវាដើរ។
- ប្រើពងក្លែងក្លាយ
- ដាក់ពងប្លាស្ទិក ឬពងសេរ៉ាមិច ក្នុងទ្រុងពង។ នៅពេលមាន់ព្យាយាមចឹកពងទាំងនោះ វានឹងចឹកមិនបែក ហើយអាចធ្វើឲ្យវាអស់ចិត្តពីការស៊ីពង។
- កំណត់អត្តសញ្ញាណ និងញែកមាន់ដែលស៊ីពង
- តាមដានមើលថា តើមាន់មួយណាជាអ្នកចាប់ផ្តើមស៊ីពង ហើយញែកវាចេញពីហ្វូង។ ការញែកមាន់នោះចេញពីហ្វូងជាបណ្តោះអាសន្ន អាចជួយបំបាត់ទម្លាប់អាក្រក់នេះបាន មុនពេលមាន់ផ្សេងៗចេះតាម។
តើបងប្អូនយើងធ្លាប់ជួបបញ្ហាមាន់ស៊ីពងបែបនេះឬអត់? បើមានដំណោះស្រាយអ្វីផ្សេងពីនេះ សូមជួយចែករំលែកមកកសិ/Kakse ផង។
ប្រភព៖Silver Fox Farm
