អំបិល គឺជាសារធាតុខនិកដែលមិនអាចខ្វះបាននៅក្នុងរបបអាហាររបស់មាន់ ទោះបីជាវាត្រូវបានប្រើក្នុងបរិមាណតិចតួចបំផុតក៏ដោយ។ កសិករភាគច្រើនយល់ថាមាន់ត្រូវការតែពោត និងកន្ទក់ ប៉ុន្តែបងប្អូនត្រូវដឹងថា បើគ្មានអំបិលទេ ផលិតភាពមាន់នឹងធ្លាក់ចុះភ្លាមៗ។
តួនាទីសំខាន់របស់អំបិលចំពោះសត្វមាន់
អំបិលផ្ដល់នូវសារធាតុសំខាន់ពីរគឺ សូដ្យូមនិងក្លរួ ដែលមានតួនាទី៖
- តុល្យភាពជាតិទឹក៖ ជួយរក្សាជាតិទឹកក្នុងកោសិកា និងឈាមឱ្យមានលំនឹង។
- ប្រព័ន្ធប្រសាទ និងសាច់ដុំ៖ ចាំបាច់សម្រាប់ការបញ្ជូនសញ្ញាប្រសាទ និងការកន្ត្រាក់សាច់ដុំ។
- ការរំលាយអាហារ៖ ក្លរូក្នុងអំបិលគឺជាធាតុផ្សំចម្បងនៃអាស៊ីតក្រពះ (Hydrochloric Acid) ដែលជួយកិនរំលាយប្រូតេអ៊ីនក្នុងចំណី។

តើនឹងមានអ្វីកើតឡើងបើមាន់ខ្វះអំបិល?
យោងតាម University of Maine សញ្ញានៃការខ្វះអំបិលរួមមាន៖
- ការចឹកគ្នា៖ នៅពេលខ្វះអំបិល មាន់នឹងព្យាយាមរកជាតិប្រៃតាមរយៈការ ចឹកគូទគ្នា ឬចឹកស៊ីរោមគ្នា ដើម្បីជញ្ជក់ឈាម ព្រោះឈាមមានជាតិប្រៃ។
- ការលូតលាស់យឺត៖ មាន់ចុះខ្សោយចំណង់អាហារ ធ្វើឱ្យវាអន់សាច់។
- ធ្លាក់ចុះចំនួនពង៖ ចំពោះមាន់ពង ចំនួនស៊ុតនឹងថយចុះយ៉ាងលឿន ហើយមាន់អាចនឹងស៊ីស៊ុតខ្លួនឯង។
ការប្រើប្រាស់ដោយប្រុងប្រយ័ត្ន
ទោះបីជាអំបិលសំខាន់ ប៉ុន្តែការប្រើលើសគឺគ្រោះថ្នាក់។ សត្វមាន់មានសមត្ថភាពទប់ទល់នឹងជាតិប្រៃទាបណាស់។
- កម្រិតណែនាំ៖ ជាទូទៅត្រូវប្រើអំបិលត្រឹមតែ ០,២% ទៅ ០,៥% ប៉ុណ្ណោះក្នុងរបបចំណីសរុប (ប្រហែល ៥០ ក្រាម ក្នុងចំណី ១ បាវ ៥០ គីឡូ)។
- គ្រោះថ្នាក់នៃការលើសអំបិល៖ មាន់ផឹកទឹកច្រើនហួសប្រមាណនាំឱ្យរាកទឹក និងធ្វើឱ្យ កម្រាលទ្រុងសើម អាចបង្កជាជំងឺផ្លូវដង្ហើម អាចបង្កឱ្យមាន ជំងឺហើមពោះដោយមានទឹកក្នុងភ្នាសពោះ (Ascites) ឬមានទឹកក្នុងពោះវៀន។ ករណីធ្ងន់ធ្ងរ អាចធ្វើឱ្យខូចតម្រងនោម និងងាប់បាន។

ការប្រុងប្រយ័ត្នចំពោះម្សៅត្រី
នេះគឺជាចំណុចដែលកសិករខ្មែរត្រូវដឹងបំផុត។ ម្សៅត្រីដែលផលិតក្នុងស្រុកខ្លះមានជាតិអំបិលខ្ពស់រួចទៅហើយ ដោយសារគេផ្អាប់អំបិលការពារកុំឱ្យស្អុយ។ ប្រសិនបើបងប្អូនប្រើម្សៅត្រីប្រៃខ្លាំង ហើយបន្ថែមអំបិលទៀត នោះមាន់នឹងពុលអំបិលមិនខាន។
ជាការណែនាំ កសិករគួរប្រើអំបិលអ៊ីយូដក្នុងកម្រិតទាបបំផុតសម្រាប់ការលាយចំណីមាន់ស្រែ ដើម្បីពង្រឹងសុខភាពទូទៅ។
បើតាម MSD Veterinary Manual បញ្ជាក់ថា ជាតិពុលអំបិលច្រើនតែកើតឡើងនៅពេលមាន់ ខ្វះទឹកស្អាតសម្រាប់ផឹក។ បើចំណីប្រៃ ហើយទឹកផឹកក៏មិនស្អាត ឬខ្វះទឹក មាន់នឹងងាប់លឿនបំផុត។
ដូចគ្នាដែរអង្គការ FAO ផ្តល់ដំបូន្មានថា ក្នុងរដូវក្ដៅខ្លាំងជាតិរ៉ែក្នុងអំបិល (Electrolytes) ជួយឱ្យមាន់ធន់នឹងកម្ដៅ ប៉ុន្តែត្រូវប្រើក្នុងកម្រិតតិចតួចបំផុត និងទឹកផឹកត្រូវតែមានជានិច្ច។
អំបិលគឺជាគ្រឿងទេសដែលជួយឱ្យមាន់ធំធាត់ និងឈប់ចឹកគ្នា ប៉ុន្តែត្រូវប្រើវាដោយភាពវៃឆ្លាត និងមានតុល្យភាព។
ដោយ៖ សែន តុលា
ប្រភព៖ University of Maine / FAO / MSD Veterinary Manual
