More

    របៀបថែទាំកូនគោទើបនឹងកើតនិងការចិញ្ចឹមរហូតដល់ផ្តាច់ដោះ

    ការថែទាំកូនគោទើបនឹងកើតបានត្រឹមត្រូវ គឺជាកត្តាគន្លឹះដែលធានានូវអត្រារស់រានមានជីវិតខ្ពស់ និងការលូតលាស់ល្អ។ កសិករត្រូវយកចិត្តទុកដាក់លើដំណាក់កាលសំខាន់ៗចំនួន​បួន​ គឺ ការថែទាំភ្លាមៗក្រោយកើត ការផ្តល់ចំណី ការថែទាំ​សុខភាព និង​ការ​ផ្ដាច់ដោះ​។

    ១. ការថែទាំភ្លាមៗក្រោយពេលកើត

    នាទីដំបូងៗក្រោយកើត​គឺសំខាន់បំផុតសម្រាប់កូនគោ ហើយ​ម្ចាស់គោ​គួរ​ដឹង​រឿង​ទាំង​នេះ​។

    • ពិនិត្យ និង​សម្អាត​ផ្លូវ​ដង្ហើ​ម
      • ត្រូវសម្អាតទឹករំអិលចេញពីច្រមុះ និងមាត់កូនគោភ្លាមៗ។
      • អាចប្រើចំបើង ឬក្រណាត់ស្អាតជូតសម្អាតខ្លួនកូនគោឲ្យស្ងួតល្អ ដើម្បីជួយជំរុញចលនាឈាមរត់ និងការពារកុំឲ្យកូនគោរងា។
    • ថែទាំទងផ្ចិត
      • ត្រូវកាត់ទងផ្ចិតឲ្យនៅសល់ប្រវែងប្រហែល ៤ ទៅ ៥ សង់ទីម៉ែត្រ។
      • ជ្រលក់ទងផ្ចិតនោះទៅក្នុងទឹកថ្នាំសម្លាប់មេរោគ ដើម្បីបង្ការការឆ្លងមេរោគចូលទៅក្នុងខ្លួនកូនគោតាមរយៈទងផ្ចិត។

    ២. ការគ្រប់គ្រងចំណីអាហារ

    ចំណីអាហារក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដំបូង គឺផ្អែកលើទឹកដោះរបស់​មេគោ​។

    - Advertisement -

    ក. ទឹកដោះដំបូង

    ទឹកដោះដំបូង មានសារៈសំខាន់សម្រាប់អាយុជីវិតកូន​គោ​។ វាផ្ទុកទៅដោយថាមពល ប្រូតេអ៊ីន វីតាមីន និងជាពិសេស អង់ទីគ័រ (Antibodies) ដែលជួយការពារកូនគោពីជំងឺផ្សេង​ៗ​។

    កូនគោត្រូវទទួលបានទឹកដោះដំបូងឲ្យបានឆាប់រហ័សបំផុត ក្នុងរយៈពេល ២ ទៅ ៤ ម៉ោង ក្រោយពេលកើត។ បើអាច គួរឲ្យវាទទួលបានយ៉ាងហោចណាស់ ២លីត្រ ក្នុង៦ម៉ោងដំបូង។

    ម្ចាស់គៅ​គួរទុកឲ្យកូនគោបៅទឹកដោះដំបូងពីមេគោដោយផ្ទាល់ ប្រសិនបើមេគោមានសុខភាពល្អ។ បើមិនដូច្នោះទេ ត្រូវជួយច្របាច់យកទឹកដោះឲ្យវាបៅ។

    ខ. ការបំបៅទឹកដោះធម្មតា

    ជាធម្មតា កូនគោអាចបៅទឹកដោះមេគោបានរហូតដល់វាមានអាយុ៦ទៅ៨សប្តាហ៍មុននឹងផ្តាច់​ដោះ។

    គ. ការបង្រៀនស៊ីចំណីរឹង

    ចាប់ពីអាយុ ១សប្តាហ៍ឡើងទៅ ត្រូវចាប់ផ្តើមបង្រៀនកូនគោឲ្យស៊ីចំណីរឹង (ស្មៅទន់ៗ និងចំណីបំប៉នសម្រាប់កូនគោ) បន្តិចម្តងៗ។ការធ្វើបែបនេះគឺដើម្បីបន្ស៊ាំ និងជំរុញការលូតលាស់នៃក្រពះរបស់វា មុនពេលផ្តាច់ដោះ។ ដូច​គ្នា​ដែរ កូនគោ​​ត្រូវការ​ទឹកស្អាតសម្រាប់​ផឹកគ្រប់ពេល។

    ៣. ការគ្រប់គ្រងសុខភាព និងការបង្ការជំងឺ

    ការគ្រប់គ្រងសុខភាពត្រូវធ្វើឡើងជាប្រចាំដើម្បីធានាការលូតលាស់របស់​កូន​គោ​។​ អនាម័យក្រោលគឺ​ជា​រឿង​សំខាន់​។ ក្រោលកូនគោត្រូវតែ ស្ងួត និងស្អាតជានិច្ច មានខ្យល់ចេញចូលល្អ ដើម្បីការពារជំងឺរាគរូស ដែលជាជំងឺបណ្ដាល​ឲ្យ​កូន​គោ​ងាប់​ច្រើនបំផុតពេល​នៅ​តូចៗ។

    បន្ថែម​ពី​នេះ​គួរចាប់ផ្តើមផ្តល់ថ្នាំទម្លាក់ព្រូន​តាមការណែនាំរបស់ពេទ្យសត្វ នៅពេលកូនគោមានអាយុប្រហែ ៤-៦ សប្តាហ៍។

    ដូច​គ្នា​ដែរ​ការចាក់វ៉ាក់សាំង ត្រូវអនុវត្តកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺឆ្លងទូទៅ ដូចជាជំងឺអុតក្តាម តាមកាលកំណត់ដោយពេទ្យសត្វ។

    ៤. ការផ្តាច់ដោះ

    ពេលវេលាត្រឹមត្រូវ​សម្រាប់​ផ្តាច់ដោះគឺ​នៅពេលកូនគោមានអាយុប្រហែល ២ទៅ៣ខែ ឬនៅពេលវាអាចស៊ីចំណីរឹងបានយ៉ាងតិច ០,៧ គីឡូក្រាមក្នុងមួយថ្ងៃ សម្រាប់​រយៈ​ពេល​៣ថ្ងៃ​ជាប់​ៗ​គ្នា​។ ការផ្តាច់ដោះលឿន ជួយឲ្យមេគោឆាប់រកឈ្មោលសារជាថ្មី និងអាចមានលទ្ធភាពបង្កើត​កូនម្តងទៀត​បានលឿន​។

    ចំណាំ៖ ការញែកកូនគោចេញពីមេនៅពេលថ្ងៃ ហើយបំបែកចេញពីក្រោលមេគោនៅពេលយប់ អាចជាវិធីល្អមួយដើម្បីបំបាត់ទម្លាប់បៅរបស់កូនគោ។ ចែករលែកបទពិសោធចិញ្ចឹមគោជាមួយកសិ/Kakse ផ្ញើព័ត៌មាន​ចូល​ប្រអប់សារ​​ហ្វេស​ប៊ុក​ផេកកសិ​។​

    ដោយ៖ ទូច សុខា
    ប្រភព៖ Dairy Knowledge