បងប្អូនកសិករយើង ធ្លាប់ជួបបញ្ហាមាន់ឈឺងាប់ច្រើនដែរទេ? ជំងឺឆ្លង គឺជាឧបសគ្គដ៏ធំដែលបំផ្លាញកម្លាំងញើសឈាមយើង។ ដំណោះស្រាយដ៏សំខាន់គឺ ការចាក់វ៉ាក់សាំង! ថ្ងៃនេះ យើងនឹងបង្ហាញ វ៉ាក់សាំងសំខាន់ៗ ៣ មុខ ដែលជាខែលការពារកសិដ្ឋានយើង។
ទី១៖ វ៉ាក់សាំងការពារជំងឺញូកាស ឬជំងឺដង្កោកាច់
ជំងឺញូកាស គឺជាជំងឺឆ្លងលឿន និងសាហាវបំផុត! វាធ្វើឲ្យមាន់ក្អក ពិបាកដកដង្ហើម ហើយបណ្ដាលឲ្យមាន់ងាប់ស្ទើរតែទាំងអស់ក្នុងរយៈពេលខ្លី។ វ៉ាក់សាំងញូកាស ត្រូវតែចាប់ផ្ដើមចាក់ តាំងពីមាន់នៅតូច ឧទាហរណ៍ ពេលមាន់អាយុ ៥ ទៅ ៧ ថ្ងៃ។ ការផ្តល់វ៉ាក់សាំងនេះ ជាធម្មតាគឺដោយវិធី បន្តក់ចូលភ្នែក ឬច្រមុះ ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់។
ទី២៖ វ៉ាក់សាំងការពារជំងឺហ្គាំបូរ៉ូ
ជំងឺហ្គាំបូរ៉ូ ជាជំងឺដែលវាយប្រហារ ប្រព័ន្ធការពាររាងកាយ របស់កូនមាន់តូចៗ! ពេលវាឆ្លងហើយ មាន់នឹងបាក់កម្លាំង រាកទឹកប្រឡាក់ជាប់នឹងរូម និងធ្វើឲ្យមាន់ងាយឆ្លងជំងឺផ្សេងៗទៀត។ វ៉ាក់សាំងហ្គាំបូរ៉ូ ត្រូវបានណែនាំឲ្យផ្តល់នៅពេលមាន់មានអាយុប្រហែល១២ទៅ២១ថៃ។ វិធីងាយស្រួលបំផុតមួយសម្រាប់កសិករគឺ លាយវ៉ាក់សាំងជាមួយទឹកផឹក ដើម្បីការពារការរាលដាលនៃជំងឺក្នុងហ្វូងមាន់។ វ៉ាក់សាំងនេះក៏មមានប្រភេទបន្តក់ភ្នែក ឬច្រមុះផងដែរ។

ទី៣៖ វ៉ាក់សាំងការពារជំងឺអុត
ជំងឺអុត ធ្វើឲ្យមាន់កើតមាន ពងបែក ឬដំបៅក្រហមៗ នៅលើក្បាល ក ស្លាប ឬជើង ដែលធ្វើឲ្យវាពិបាកស៊ីចំណី និងអាចងាប់បាន។ វ៉ាក់សាំងបង្ការជំងឺអុត ជាធម្មតាផ្តល់នៅពេលមាន់មានអាយុប្រហែល ៤ ទៅ ៦ សប្តាហ៍ ហើយវិធីផ្តល់គឺដោយ ចាក់ទម្លុះស្លាប មាន់។ វ៉ាក់សាំងនេះផ្តល់ការការពារបានយូរអង្វែង។
ចំណាំ! វ៉ាក់សាំងទាំង ៣ នេះ ញូកាស ហ្គាំបូរ៉ូ និងអុត គឺវ៉ាក់សាំងសំខាន់សម្រាប់ការមាន់បងប្អូន។ សូមកុំភ្លេច រក្សាកាលវិភាគចាក់វ៉ាក់សាំង និងពិគ្រោះជាមួយពេទ្យសត្វ ដើម្បីទទួលបានការណែនាំត្រឹមត្រូវតាមប្រភេទមាន់ និងបរិស្ថានចិញ្ចឹមរបស់យើង។ ចាក់វ៉ាក់សាំងថ្ងៃនេះ ដើម្បីការពារប្រាក់ចំណេញយើងនៅថ្ងៃស្អែក។
ដោយ៖ ទូច សុខា
