ការគ្រប់គ្រងចំណី និងទឹកគឺជាឆ្អឹងខ្នងនៃភាពជោគជ័យក្នុងរបរចិញ្ចឹមមាន់។ ប្រសិនបើបងប្អូនគ្រប់គ្រងផ្នែកនេះបានល្អ វាមិនត្រឹមតែជួយឱ្យមាន់លូតលាស់លឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការចំណាយ និងបង្កើនប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់។
យោងតាមអត្ថបទបច្ចេកទេសពី Poultry Tip រួមផ្សំជាមួយគោលការណ៍ណែនាំពី អង្គការ FAO និង សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) នេះគឺជាអត្ថបទលម្អិតអំពីរបៀបបង្កើនផលិតភាពតាមរយៈការគ្រប់គ្រងចំណី និងទឹក។

១. ការគ្រប់គ្រងចំណី
ចំណីអាចមានតម្លៃរហូតដល់៧០% នៃថ្លៃដើមផលិតកម្មសរុប។ ដូច្នេះការគ្រប់គ្រងចំណីឱ្យមានប្រសិទ្ធភាពគឺជាការចាំបាច់បំផុត។
- តុល្យភាពសារធាតុចិញ្ចឹម៖ មាន់ត្រូវការថាមពល ប្រូតេអ៊ីន វីតាមីន និងជាតិរ៉ែ ទៅតាមវ័យរបស់វា។កូនមាន់ ត្រូវការប្រូតេអ៊ីនខ្ពស់ ដើម្បីស្ថាបនាសាច់ដុំ និងសរីរាង្គ។ ចំណែកមាន់ជំទង់/សាច់ត្រូវការថាមពលខ្ពស់ដើម្បីឡើងគីឡូ។
- ការការពារការខ្ជះខ្ជាយចំណី៖ ប្រើស្នូកចំណីដែលមានបច្ចេកទេសការពារកុំឱ្យមាន់កាយចំណីចេញ និងដាក់ចំណីក្នុងកម្ពស់ត្រឹមត្រូវ។
២. ការគ្រប់គ្រងទឹក
ទោះបីជាទឹកមានតម្លៃថោក ប៉ុន្តែវាមានឥទ្ធិពលខ្លាំងបំផុតលើសុខភាពមាន់។ រាងកាយមាន់មានជាតិទឹកប្រហែល ៧០%។
- សមាមាត្រទឹក និងចំណី៖ ជាទូទៅ មាន់ផឹកទឹកក្នុងបរិមាណ២ដងលើសពីចំណីដែលវាស៊ី។ ប្រសិនបើមាន់ខ្វះទឹក វានឹងឈប់ស៊ីចំណីភ្លាមៗ។
- គុណភាពទឹក៖ ទឹកត្រូវតែស្អាត គ្មានមេរោគ និងគ្មានសារធាតុកខ្វក់។ ទឹកដែលត្រជាក់ល្មម ជួយឱ្យមាន់ផឹកបានច្រើន និងកាត់បន្ថយភាពតានតឹងក្នុងរដូវក្ដៅ។ ហាមឱ្យមាន់ផឹកទឹកដែលក្ដៅដោយសារត្រូវកម្ដៅថ្ងៃ។
៣. ការរៀបចំទុកដាក់ និងជីវសុវត្ថិភាព
ចំណី និងទឹក អាចក្លាយជាប្រភពចម្លងជំងឺ ប្រសិនបើការគ្រប់គ្រងមិនបានល្អ។
- ការការពារផ្សិត៖ ចំណីដែលសើម ឬទុកក្នុងកន្លែងហប់ នឹងដុះផ្សិតដែលបង្កើតជាតិពុលធ្វើឱ្យមាន់ចុះខ្សោយប្រព័ន្ធការពារ និងខូចថ្លើម។
- អនាម័យស្នូក៖ ស្នូកទឹកត្រូវលាងសម្អាតជារៀងរាល់ថ្ងៃ ដើម្បីការពារការកើតមានស្លែដែលជាជម្រកមេរោគ។
បើតាមសាកលវិទ្យាល័យភូមិន្ទកសិកម្ម ការសិក្សានៅកម្ពុជាយើងបង្ហាញថា ការបន្ថែមបន្លែបៃតង និងការគ្រប់គ្រងទឹកស្អាត ជួយឱ្យមាន់ស្រែមានសុខភាពល្អ និងកាត់បន្ថយការប្រើប្រាស់ថ្នាំផ្សះបានយ៉ាងច្រើន។
ចំណែកអង្គការ FAO បញ្ជាក់ថាទឹកគឺជាសារធាតុចិញ្ចឹមដ៏សំខាន់បំផុត។ ការរក្សាភាពស្អាតនៃប្រភពទឹក គឺជាជំហានដំបូងនៃជីវសុវត្ថិភាពក្នុងកសិដ្ឋានចិញ្ចឹមមាន់។
ជំរុញឱ្យកសិករប្រើប្រាស់ចំណីដែលមានស្ដង់ដារ និងការត្រួតពិនិត្យកាលបរិច្ឆេទប្រើប្រាស់ឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងបញ្ហាមាន់ឆ្លងរោគនៅគែ។
ផលិតភាពមាន់មិនមែនផ្អែកលើតែពូជល្អនោះទេ ប៉ុន្តែវាផ្អែកលើអ្វីដែលវាស៊ី និងអ្វីដែលវាផឹក។ ការផ្ដល់ចំណីដែលមានតុល្យភាព និងទឹកដែលស្អាតជានិច្ច គឺជាវិនិយោគដែលចំណេញបំផុតសម្រាប់កសិករ។
ដោយ៖ ចាន់ តារា
ប្រភព៖ The American Poultry Association / Poultry Tips
