ដើម្បីជួយឱ្យបងប្អូនកសិករអាចគ្រប់គ្រងសុខភាពសត្វគោបានល្អ និងមិនភ្លេចកាលបរិច្ឆេទសំខាន់ៗ កសិបានរៀបចំ «កាលវិភាគចាក់វ៉ាក់សាំងប្រចាំឆ្នាំ» ដូចខាងក្រោម៖
កាលវិភាគចាក់វ៉ាក់សាំងការពារជំងឺសត្វគោ (ប្រចាំឆ្នាំ)
| ប្រភេទជំងឺ | ពេលវេលាដែលត្រូវចាក់ (ខែ) | ចំនួនដង/ឆ្នាំ | សត្វដែលត្រូវចាក់ |
| អុតក្ដាម (FMD) | មីនា – មេសា និង កញ្ញា – តុលា | ២ ដង | គោអាយុចាប់ពី ៤ ខែឡើងទៅ |
| សាទឹកគោ (HS) | មេសា – ឧសភា (មុនរដូវភ្លៀង) | ១-២ ដង | គោអាយុចាប់ពី ៦ ខែឡើងទៅ |
| ដុំពកស្បែក (LSD) | អាចចាក់បាន គ្រប់ពេលវេលា | ១ ដង | គោអាយុចាប់ពី ៦ សប្ដាហ៍ឡើងទៅ |
| ជំងឺអង់ត្រាក់ ឬឈាមខ្មៅ (Anthrax) | ចាក់ក្នុងតំបន់ដែលធ្លាប់កើតមាន | ១ ដង | តាមការណែនាំរបស់ពេទ្យសត្វ |
ចំណុចសំខាន់៥បងប្អូនគួរដឹងអំពីវ៉ាក់សាំង
ដើម្បីឱ្យវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់បំផុត បងប្អូនត្រូវចងចាំចំណុចទាំងនេះ៖
- ចាក់តែលើសត្វដែលមានសុខភាពល្អ៖ ហាមចាក់វ៉ាក់សាំងលើគោដែលកំពុងឈឺ ស្គមស្គាំង ឬមានកម្លាំងខ្សោយខ្លាំង ព្រោះវ៉ាក់សាំងអាចធ្វើឱ្យវាឈឺធ្ងន់ជាងមុន។
- រក្សាភាពត្រជាក់៖ វ៉ាក់សាំងត្រូវរក្សាទុកក្នុងធុងទឹកកកដែលមានសីតុណ្ហភាពចន្លោះ ២អង្សាសេ ដល់៨អង្សាសេជានិច្ច ចាប់ពីកន្លែងលក់រហូតដល់ពេលចាក់។
- ពេលវេលាចាក់៖ គួរចាក់នៅពេលព្រឹកព្រលឹម ឬពេលល្ងាច ដែលអាកាសធាតុត្រជាក់ ដើម្បីកាត់បន្ថយភាពតានតឹងដល់សត្វ។
- ប្ដូរម្ជុល៖ បើអាចធ្វើបាន គួរដូរម្ជុលសម្រាប់គោមួយក្បាលម្ដង ឬយ៉ាងហោចណាស់ប្ដូរម្ជុលឱ្យបានញឹកញាប់ ដើម្បីបង្ការការឆ្លងជំងឺពីក្បាលមួយទៅក្បាលមួយទៀត។
- ការតាមដាន៖ ក្រោយចាក់រួចត្រូវតាមដានគោប្រហែល ៣០នាទី ក្រែងលោវាមានប្រតិកម្ម ជាមួយថ្នាំ ដើម្បីឱ្យពេទ្យសត្វជួយសង្គ្រោះទាន់ពេល។

ការចាក់វ៉ាក់សាំងមុនរដូវកាល ដូចជាចាក់ការពារសាទឹកមុនរដូវភ្លៀងផ្ដល់ផលចំណេញច្រើនជាងការចាំដល់កើតជំងឺទើបព្យាបាល។ វ៉ាក់សាំងត្រូវការពេលប្រហែល ១៤ថ្ងៃ ដើម្បីបង្កើតភាពស៊ាំក្នុងខ្លួនសត្វ។ ដូច្នេះ មិនមែនចាក់ភ្លាម ការពារបានភ្លាមនោះទេ។ កសិករគួរកត់ត្រាកាលបរិច្ឆេទចាក់វ៉ាក់សាំងក្នុងសៀវភៅតាមដាន ដើម្បីងាយស្រួលត្រួតពិនិត្យប្រសិទ្ធភាពថ្នាំ។
ការមានកាលវិភាគច្បាស់លាស់ នឹងជួយឱ្យបងប្អូនក្លាយជាម្ចាស់កសិដ្ឋានដែលមានវិជ្ជាជីវៈ និងកាត់បន្ថយគ្រោះថ្នាក់ដែលមើលមិនឃើញ។
ដោយ៖ ចាន់ តារា
ប្រភព៖ ឯកសារក្រសួងកសិកម្ម៖ ជំងឺសាទឹក /ជំងឺអុតក្ដាម/ជំងឺដុំពកលើស្បែក
