បញ្ហាខ្វះវីតាមីន A លើមាន់ ជារឿយៗត្រូវបានកសិករមើលរំលង ព្រោះយើងច្រើនតែផ្ដោតលើតែជំងឺឆ្លងខ្លាំងៗ។ ប៉ុន្តែ វីតាមីន A គឺជារបាំងការពារដ៏សំខាន់សម្រាប់ភ្នាសរំអិលក្នុងមាត់ ក្នុងគែ និងផ្លូវដង្ហើម របស់មាន់។
យោងតាមឯកសារបច្ចេកទេសពី MSD Veterinary Manual និងការណែនាំពី អគ្គនាយកដ្ឋានសុខភាពសត្វ (GDAHP) ខាងក្រោមនេះគឺជាព័ត៌មានលម្អិតមួយចំនួនអំពីវីតាមីនA កសិករយើងគួរដឹង។

បញ្ហាខ្វះវីតាមីន A លើសត្វមាន់
១. មូលហេតុបង្ក
- គុណភាពចំណីទាប៖ ចំណីដែលទុកចោលយូរពេក (លើសពី ៣ ខែ) ធ្វើឱ្យវីតាមីន A រលាយបាត់អស់គុណភាព។
- ខ្សត់ស្មៅស្រស់ ឬបន្លែ៖ មាន់ដែលចិញ្ចឹមក្នុងទ្រុងបិទជិត ហើយស៊ីតែចំណីសម្រេចដោយគ្មានការបន្ថែមបន្លែស្រស់។
- បញ្ហាស្រូបយកជីវជាតិ៖ មាន់ដែលមានជំងឺព្រូន ឬជំងឺបរាសិត(Coccidiosis) ធ្វើឱ្យពោះវៀនមិនអាចស្រូបយកវីតាមីន A បានល្អ។
២. រោគសញ្ញាសំខាន់ៗ
- បញ្ហាភ្នែក៖ ភ្នែកមាន់ចាប់ផ្ដើមឡើងល្អក់ មានទឹករំអិលខាប់ពណ៌ស (ដូចខ្ទុះ ឬដូចឈីស) កកនៅក្នុងភ្នែក ដែលអាចធ្វើឱ្យមាន់ខ្វាក់។
- បញ្ហាក្នុងមាត់ និងបំពង់ក៖ មានដុំពកតូចៗពណ៌សនៅតាមបំពង់ក និងក្នុងមាត់ (កសិករខ្លះច្រឡំថាជាជំងឺអុតមាន់)។
- សុខភាពទូទៅ៖ មាន់លូតលាស់យឺត រោមមិនរលោង ស្លេកស្លាំង និងឧស្សាហ៍ឈឺផ្លូវដង្ហើម (ព្រោះភ្នាសការពារក្នុងសួតចុះខ្សោយ)។
- ការផលិតស៊ុត៖ បើជាមាន់ពង អត្រាពងនឹងធ្លាក់ចុះ ហើយស៊ុតដែលញាស់មក កូនមាន់ច្រើនតែខ្សោយ និងងាប់ច្រើន។
៣. វិធីដោះស្រាយ និងព្យាបាល
ប្រសិនបើមាន់របស់បងប្អូនបង្ហាញសញ្ញាខ្វះវីតាមីន A៖
- ការផ្ដល់វីតាមីនបន្ទាន់៖ ប្រើវីតាមីនចាក់ ឬវីតាមីនលាយទឹកផឹក។ វីតាមីន A នឹងជួយជួសជុលភ្នាសរំអិលដែលខូចខាតឱ្យឆាប់រឹងមាំឡើងវិញ។
- ការផ្ដល់ចំណីស្រស់៖ បន្ថែមបន្លែពណ៌បៃតងចាស់ ដូចជា ត្រកួន ស្លឹកបាស ឬពោតលឿង ដែលសំបូរទៅដោយជាតិ Beta-carotene (សារធាតុបង្កើតវីតាមីន A)។
៤. វិធីការពារ
- ការទុកដាក់ចំណី៖ ទុកដាក់ចំណីក្នុងកន្លែងត្រជាក់ ស្ងួត និងមិនឱ្យត្រូវពន្លឺថ្ងៃផ្ទាល់។ កុំទិញចំណីទុកយូរពេក។
- ការលែងមាន់ឱ្យស៊ីស្មៅ៖ ប្រសិនបើអាច គួរលែងមាន់ឱ្យស៊ីស្មៅស្រស់ ឬបន្លែជារៀងរាល់ថ្ងៃ។
- ការទម្លាក់ព្រូន៖ ត្រូវទម្លាក់ព្រូនឱ្យមាន់ឱ្យបានទៀងទាត់ ដើម្បីធានាថាពោះវៀនមាន់មានសុខភាពល្អ និងអាចស្រូបយកជីវជាតិបានពេញលេញ។
MSD Veterinary Manual បញ្ជាក់ថា ការខ្វះវីតាមីន A ធ្វើឱ្យមាន់ងាយឆ្លងជំងឺផ្សេងៗដូចជា ជំងឺកូរីសា ឬជំងឺផ្លូវដង្ហើម ព្រោះរបាំងការពារដំបូងរបស់វាត្រូវបានបំផ្លាញ។
ដូចគ្នាដេរកសិករគួរប្រើប្រាស់ ពោតលឿង ជំនួសឱ្យពោតស ក្នុងរូបមន្តលាយចំណី ព្រោះពោតលឿងសំបូរទៅដោយវីតាមីន A ច្រើនជាង។ បងប្អូនត្រូវបែងចែកឱ្យច្បាស់រវាង ភ្នែកមាន់មានខ្ទុះដោយសារខ្វះវីតាមីន A និងភ្នែកមាន់ហើមដោយសារជំងឺកូរីសា។ បើខ្វះវីតាមីន A ច្រើនតែមិនមានក្លិនស្អុយចេញពីមុខទេ ប៉ុន្តែបើកូរីសា គឺមានក្លិនស្អុយខ្លាំង។ វីតាមីន A គឺជាថឱសថសម្រាប់ភ្នែក និងស្បែករបស់មាន់។
ដោយ៖ ចាន់ តារា
ប្រភព៖ MSD Veterinary Manual / FAO
