បងប្អូនកសិករធ្លាប់ឆ្ងល់ទេថាហេតុអ្វីយើងខំដាក់ជីច្រើនយ៉ាងណាក៏ស្រូវនៅតែក្រិន មិនសូវបែកគុម្ព ហើយស្លឹកឡើងពណ៌ក្រហមឆេះ? មូលហេតុចម្បងមួយអាចមកពីដីជូរ(ដីអាស៊ីត)។ ដីជូរប្រៀបដូចជាមនុស្សដែលមានជំងឺក្រពះ ទោះផ្ដល់អាហារឆ្ងាញ់យ៉ាងណាក៏ស្រូបយកមិនបានល្អដែរ។
យោងតាមឯកសារបច្ចេកទេសពី វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងក្រសួងកសិកម្មទាំងនេះគឺជាអ្វីដែលបងប្អូនត្រូវដឹង។

១. របៀបពិនិត្យមើលថាដីស្រែជូរឬអត់?
បងប្អូនអាចដឹងបានតាមរយៈវិធីងាយៗចំនួន ៣៖
- សង្កេតលើដើមស្រូវ៖ ស្រូវក្រិន ឫសខ្លីពណ៌ត្នោត (មិនស) និងមានសញ្ញាពុលជាតិដែកគឺស្លឹកចាប់ផ្តើមមានអុចៗពណ៌ត្នោត ចេញពីចុងស្លឹកមក។
- សង្កេតលើដី៖ ដីជូរខ្លាំងជួនកាលមានច្រែះទឹកពណ៌ក្រហមក្រម៉ៅដក់លើផ្ទៃដី ឬមានស្លែពណ៌ត្នោតដុះ។
- ប្រើឧបករណ៍វាស់pH (ត្រឹមត្រូវបំផុត)៖ បងប្អូនអាចទិញម៉ាស៊ីនវាស់ pHដី ឬក្រដាសវាស់ស្ទង់ពណ៌។ កម្រិត pH ដែលល្អបំផុតសម្រាប់ស្រូវគឺចន្លោះ៥,៥ដល់៦,៥។ បើpH ចុះទាបជាង៤,៥ មានន័យថាដីជូរខ្លាំង។
២. តើដីជូរប៉ះពាល់ទិន្នផលបែបណា?
យោងតាមអង្គការ FAO ដីជូរមិនមែនគ្រាន់តែជាដីអន់នោះទេតែវាជាដីដែលរាំងស្ទះដល់ជីជាតិផងដែរ។
- ការបិទខ្ទប់ជីជាតិ៖ ទោះបងប្អូនបាចជី N-P-K ច្រើនកម្រិតណាក៏ដោយក៏ជាតិអាស៊ីតនឹងធ្វើឱ្យជីទាំងនោះកកជាប់ក្នុងដី ឫសស្រូវមិនអាចបឺតស្រូបយកបានឡើយ ជាពិសេសជាតិផូស្វ័រ (P)។
- ជាតិពុលកើនឡើង៖ ជាតិអាស៊ីតបញ្ចេញសារធាតុអាលុយមីញ៉ូម និងដែកដែលលើសលប់ ធ្វើឱ្យខូចឫសស្រូវ ឈប់ដុះខ្នែង និងងាយរងគ្រោះដោយជំងឺ។
- បាត់បង់បាក់តេរីល្អ៖ មេរោគមានប្រយោជន៍ក្នុងដីដែលជួយបំបែកជីកំប៉ុស្តនឹងងាប់អស់ បន្សល់ទុកតែមេរោគចង្រៃ។
៣. វិធីកែប្រែដីជូរឱ្យមានគុណភាពឡើងវិញ
បងប្អូនមិនត្រូវបោះបង់ដីស្រែចោលទេ វិធីដោះស្រាយមានដូចជា៖
ក. ការប្រើប្រាស់កំបោរកសិកម្ម
ប្រើកំបោរកសិកម្មគឺជាវិធីសាស្ត្រល្អមួយដើម្បីបន្សាបជាតិអាស៊ីត។ កសិករយើងអាចបាចកំបោរក្នុងបរិមាណ៥០០គីឡូក្រាមទៅ១តោនក្នុងមួយហិកតា (អាស្រ័យលើកម្រិតជូរ) រួចភ្ជួរលប់ទុកចោល ១៥-៣០ថ្ងៃមុនពេលដាំដុះ។
ខ. ការគ្រប់គ្រងទឹក
ប្រសិនបើមានប្រភពទឹកគ្រប់គ្រាន់ ត្រូវបញ្ចូលទឹកឱ្យជោគលិចស្រែ រួចទុកឱ្យជាតិអាស៊ីតរលាយចូលក្នុងទឹក បន្ទាប់មកបង្ហូរទឹកនោះចេញវិញ។ ធ្វើបែបនេះ ២-៣ ដង នឹងជួយកាត់បន្ថយជាតិជូរបានច្រើន។
គ. ការប្រើជីសរីរាង្គ និងកំប៉ុស្ត
ជីសរីរាង្គជួយបង្កើនកម្លាំងទប់របស់ដី ធ្វើឱ្យដីមិនងាយត្រឡប់ទៅជូរវិញលឿន និងជួយឱ្យដីធូរមានរន្ធខ្យល់ច្រើន។
វិទ្យាស្ថាន IRRI បានបញ្ជាក់ថា ការកែប្រែ pH ដីពី ៤,៥ ទៅ៦,០ អាចជួយបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ជីផូស្វ័របានរហូតដល់៣០% ដោយមិនចាំបាច់បន្ថែមជីថ្មីឡើយ។ នេះមានន័យថា បងប្អូនចំណាយលុយលើកំបោរតិចតួច តែអាចសន្សំលុយទិញជីបានច្រើន និងបានទិន្នផលខ្ពស់ជាងមុន។
កុំបង្ខំបាចជីលើដីជូរ វាដូចជាការចាក់ទឹកលើក្បាលទាអីចឹង។ យើងត្រូវវាស់pH ដី និងប្រើកំបោរបន្សាបជាមុនសិន។ បងប្អូនយល់យ៉ាងណាដែរ?
ដោយ៖ ចាន់ តារា
ប្រភព៖ Chinese Academy of Sciences /ECHO Community
