ចេកជាដំណាំផ្លែមួយប្រភេទ ដែលពេញនិយមដាំនៅស្រុកខ្មែរ និងប្រទេសនៅតំបន់អាស៊ីផ្សេងៗទៀត។ នៅស្រុកខ្មែរយើង ពូជចេកដែលគេនិយមដាំរួមមាន ចេកណាំវ៉ា ចេកពងមាន់ ចេកអំបូងខៀវ និងចេកអំបូងមាស ឬ អំបូងលឿងជាដើម។
មុននឹងបានផល យើងត្រូវអនុវត្តតាមបច្ចេកទេសក្នុងការដាំដុះដើមចេក ដោយយើងត្រូវចាប់ផ្ដើមពីការជ្រើសរើសពូជចេក និងបណ្ដុះពូជ ក៏ដូចជារៀបចំដី តពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត រហូតដល់ការប្រមូលផល។
ខាងក្រោមនេះជាបច្ចេកទេសមួយចំនួនក្នុងការថែទាំដើមចេក៖
១- ការសម្អាតស្មៅ
ស្មៅជាកត្តាចង្រៃមួយសម្រាប់ដំណាំចេក ដោយវាអាចស្រូបយកសារធាតុចិញ្ចឹមនានាពីដើមនេះ។ បងប្អូនកសិករយើង អាចសម្អាតស្មៅតាមរយៈការប្រើចបជម្រះ ភ្ជួរដោយនង្គ័លគោ ឬ ប្រើគោយន្តក៏បាន។ ដើម្បីការពារបរិស្ថាន និងគុណភាពដី យើងត្រូវកាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់ស្មៅ។
២- ការជ្រោយគល់ និងដាក់ជី
បន្តមកទៀត នៅពេលដែលចេករាងធំលូតលាស់បន្តិចហើយ យើងត្រូវជ្រោយគល់ និងគ្របគល់ចេកជាមួយនឹងសម្រាម ឬ ស្លឹកឈើស្ងួតនៅក្បែរខាង។ ការធ្វើបែបនេះអាចជួយរក្សាសំណើមដី និងបន្ថែមជីទៀតផង។ ជាមួយគ្នានេះដែរ យើងអាចដាក់ជីលាមកសត្វ ឬ ជីកំប៉ុស្តបន្ថែម ដើម្បីបន្ថែមជីវជាតិដី។
៣- ការស្រោចទឹក
ចេកជាដំណាំមួយត្រូវការទឹកជាប្រចាំ។ ដូច្នេះហើយ យើងត្រូវយកចិត្តទុកដាក់ក្នុងការស្រោចទឹកនៅចម្ការចេកតាំងពីពេលដែលយើងដាំដំបូងមកម្ទោះជាចេកត្រូវការទឹកច្រើនមែន តែទឹកច្រើនពេករហូតដល់ថ្នាក់ជាំទឹក ក៏មិនសូវល្អដែរ។ ដូច្នេះហើយយើងត្រូវមានប្រព័ន្ធបង្ហូរទឹកចេញពីចម្ការ ដើម្បីរំដោះទឹកភ្លៀង។
៤- ការយកចិត្តទុកដាក់ថែទាំផ្លែ
យើងត្រូវកាត់កូនចេក ដែលលាស់ចេញពីដើមមេ ដោយទុកឱ្យមាន ១ ឬ ២ដើមប៉ុណ្ណោះក្នុងមួយគុម្ពសម្រាប់ចេកអំបូង រីឯចេកពងមាន់វិញ យើងអាចទុកបាន ២ ទៅ ៤ដើម។ ការធ្វើដូច្នេះដើម្បីឱ្យដើម្បចេកអាចចេញផ្លែរីកលូតលាស់បានល្អ។ ក្រៅពីនេះ យើងត្រូវច្រកផ្លែនឹងថង់ប្លាស្ទិក ដើម្បីការពារការបំផ្លាញពីសត្វល្អិតនានា។
៥- ការគ្រប់គ្រងសត្វល្អិត និងជំងឺ
កសិករយើងត្រូវស្គាល់ច្បាស់ពីប្រភេទសត្វចង្រៃ និងជំងឺនានា ដែលតាមយារយីដើមចេក។ សត្វចង្រៃមួយចំនួនដូចជា ខ្ញុង ចៃបៃតង ឬ ចៃខ្មៅ ដង្កូវក្នុងដី និងដង្កូវមូរស្លឹក។ ចំណែកឯជំងឺវិញរួមមាន ជំងឺអុជស្លឹក និងជំងឺបួស។ វិធីសាស្ត្រក្នុងការគ្រប់គ្រងសត្វល្អិត និងជំងឺទាំងនេះអាចមានវិធីផ្សេងៗគ្នា ដើម្បីឆ្លើយតបនឹងប្រភេទជំងឺ និងសភាពការណ៍ជាក់ស្ដែង។ យ៉ាងណាមិញ ស្របពេលដែលជំងឺនានានៅមិនទាន់មានថ្នាំព្យាបាល យើងអាចកាត់ចោលនូវស្លឹកណាដែលប៉ះពាល់ ឬ ឈានទៅដល់ដកដើមចេញ ហើយយកទៅដុតចោល ដើម្បីបង្ការកុំឱ្យឆ្លងទៅដើមផ្សេងៗទៀត៕
ប្រភព៖ EOS Data
