ការបាត់បង់ អាសូត (Nitrogen) មិនមែនជារឿងដែលមិនអាចនឹងកើតឡើងនោះទេ វានឹងកើតឡើងពិតប្រាកដនៅពេលដែលបងប្អូនប្រើប្រាស់មិនត្រូវពេល ជាពិសេសនៅពេលមេឃភ្លៀងខ្លាំង។ នេះគឺជាអ្វីដែលបងប្អូនកសិករដាំម្ទេសគួរដឹង ដើម្បីប្រើប្រាស់ជីឱ្យមានប្រសិទ្ធភាពបំផុត។

១. តើអាសូតបាត់បង់តាមណាខ្លះ?
នៅពេលភ្លៀងធ្លាក់ខ្លាំង អាសូតបាត់បង់ពីដីកម្ការរបស់បងប្អូនតាមវិធីពីរយ៉ាងធំៗ៖
- ការហូរច្រោះចុះក្រោម៖ នៅពេលទឹកភ្លៀងហូរជ្រាបចូលក្នុងដី វានឹងនាំយកជាតិអាសូត (ជាពិសេសទម្រង់នីត្រាត) ចុះទៅក្រោមជាមួយវា។ កាលណាជាតិអាសូតជ្រាបចុះទៅក្រោមផុត តំបន់ឫសនោះដើមម្ទេសមិនអាចស្រូបយកវាបានទៀតទេ គឺបាត់បង់ទៅដោយឥតប្រយោជន៍តែម្ដង។
- ការភាយទៅក្នុងបរិយាកាស៖ នៅពេលដីដក់ទឹក ឬជាំទឹកខ្លាំង វានឹងគ្មានខ្យល់អុកស៊ីសែននៅក្នុងដីឡើយ។ ក្នុងស្ថានភាពបែបនេះ អតិសុខុមប្រាណក្នុងដីនឹងចាប់ផ្ដើមបំប្លែងអាសូតឱ្យទៅជាឧស្ម័ន រួចភាយទៅក្នុងបរិយាកាសបាត់អស់។
នេះជាមូលហេតុដែលក្រោយពេលភ្លៀងខ្លាំង ដើមម្ទេសស្រាប់តែមើលទៅខ្សោយ និងស្លេកស្លាំង ទោះបីជាបងប្អូនទើបតែដាក់ជីរួចក៏ដោយ។
២. កំហុសឆ្គងដែលកសិករភាគច្រើនជួបប្រទះ
កសិករជាច្រើនតែងដាក់ជីអាសូតក្នុងបរិមាណច្រើនក្នុងពេលតែមួយ ហើយមេឃក៏ធ្លាក់ភ្លៀងមកនៅថ្ងៃបន្ទាប់។ ក្នុងរយៈពេលតែ ១ ឬ ២ ថ្ងៃប៉ុណ្ណោះ ជាតិជីភាគច្រើនត្រូវបានលាងជម្រះបាត់អស់។ បន្ទាប់មក បងប្អូនបែរជានិយាយថាជីហ្នឹងអត់ពូកែ។ ការពិតមិនមែនមកពីជីទេ គឺមកពីពេលវេលានៃភាគដាក់ជីរបស់បងប្អូនខុសបច្ចេកទេស។
៣. វិធីសាស្ត្រប្រើប្រាស់ជីអាសូតឱ្យត្រឹមត្រូវក្នុងរដូវភ្លៀង
ដើម្បីកុំឱ្យមេឃភ្លៀងនាំលុយរបស់បងប្អូនទៅបាត់ គួរអនុវត្តដូចខាងក្រោម៖
បំបែកការដាក់ជីជាចំណែកតូចៗ
ឈប់ដាក់ជីអាសូតក្នុងបរិមាណច្រើនម្ដងៗក្នុងរដូវភ្លៀង។ ផ្ទុយទៅវិញ ត្រូវបែងចែកជាភាគតូចៗ ហើយដាក់ឱ្យបានញឹកញាប់ (រៀងរាល់ ៥ ទៅ ៧ ថ្ងៃម្ដង)។ ធ្វើបែបនេះ បើទោះជាភ្លៀងធ្លាក់មក ក៏បងប្អូនមិនបាត់បង់ជីទាំងអស់ក្នុងពេលតែមួយដែរ។
ពិនិត្យមើលមេឃ
មុននឹងដាក់ជី ត្រូវពិនិត្យមើលអាកាសធាតុ។ បើដឹងថាមានភ្លៀងខ្លាំងនឹងធ្លាក់មកក្នុងរយៈពេល ២៤ ទៅ ៤៨ ម៉ោងខាងមុខ កុំអាលដាក់ជីអី ត្រូវរង់ចាំឱ្យភ្លៀងកន្លងផុតទៅសិន និងរង់ចាំឱ្យដីស្រកទឹកបន្តិចសិន ចាំចាប់ផ្ដើមដាក់ជី។
យល់ដឹងពីប្រភេទដីរបស់បងប្អូន
- ដីខ្សាច់៖ ទឹកជ្រាបលឿន នាំឱ្យបាត់បង់ជាតិអាសូតលឿនបំផុត។ ត្រូវដាក់ជីក្នុងបរិមាណតិចតួចបំផុត តែត្រូវធ្វើឱ្យញឹកញាប់។
- ដីឥដ្ឋ ៖ រក្សាជាតិជីបានល្អជាងដីខ្សាច់ ប៉ុន្តែងាយនឹងដក់ទឹក ដែលធ្វើឱ្យអាសូតភាយទៅក្នុងអាកាសជាឧស្ម័ន។

៤. គន្លឹះបន្ថែមដើម្បីការពារការបាត់បង់ជាតិជី
- ប្រើជីសរីរាង្គ៖ ការបន្ថែមជីកំប៉ុស្ត ឬសារធាតុសរីរាង្គក្នុងដី ជួយឱ្យដីរក្សាជាតិជីបានល្អ និងកាត់បន្ថយការហូរច្រោះ។
- ប្រើប្រព័ន្ធដំណក់ទឹក៖ នេះគឺជាអត្ថប្រយោជន៍ធំ។ បងប្អូនអាចបញ្ចេញជីអាសូតក្នុងបរិមាណតិចតួច ចំតំបន់ឫសផ្ទាល់ ដែលជួយគ្រប់គ្រងការបាត់បង់បានយ៉ាងល្អ។
- ការបំប៉នក្រោយភ្លៀង៖ បន្ទាប់ពីភ្លៀងខ្លាំង កុំប្រញាប់ចាក់ជីដីភ្លាមអី។ ពិនិត្យមើលដំណាំសិន បើវាស្លេកស្លាំងខ្លាំង គួរប្រើ ជីបាញ់តាមស្លឹកស្រាលៗ ដើម្បីជួយឱ្យវាឆ្លើយតបបានលឿន ខណៈពេលរង់ចាំឫសងើបឡើងវិញ រួចសឹមបន្តដាក់ជីតាមដីតិចៗតាមក្រោយ។
ការធ្វើកសិកម្មមិនមែនត្រឹមតែជាការដាក់ជីនោះទេ តែវាគឺជាការគ្រប់គ្រងឱ្យជាតិជីនៅក្នុងដីបានយូរតាមដែលអាចធ្វើទៅបាន។ មុននឹងដាក់ជីអាសូតលើកក្រោយ សូមសួរខ្លួនឯងថាបើខ្ញុំដាក់ឥឡូវនេះ តើដំណាំខ្ញុំជាអ្នកស៊ី ឬក៏ភ្លៀងជាអ្នកនាំយកលុយខ្ញុំទៅបាត់?ប្រសិនបើអត្ថបទនេះជួយឱ្យបងប្អូនយល់ដឹងកាន់តែច្បាស់ សូមបញ្ចេញមតិថា «ខ្ញុំកំពុងរៀន» ដើម្បីជាកម្លាំងចិត្តដល់ក្រុមការងារយើង។
ដោយ៖ ចាន់ តារា
ប្រភព៖ FAO /Odens Fertile Fields Enterprise
