More

    ធ្យូងជីវៈផ្ទុកសារធាតុចិញ្ចឹម​ដ៏អស្ចារ្យសម្រាប់ដី

    ធ្យូងជីវៈ ឬ Biochar ផ្ទុកសារធាតុចិញ្ចឹម​ដ៏អស្ចារ្យសម្រាប់ដី។ ប្រសិនបើបងប្អូនចង់ឱ្យដីមានជីជាតិយូរ​អង្វែង​ដោយមិនបាច់ប្រើជីគីមីច្រើន ធ្យូងជីវៈ​គឺជាជម្រើស​ដ៏​ល្អ​មួយ​។

    ១. តើអ្វីទៅជាធ្យូងជីវៈ?

    ធ្យូងជីវៈ គឺជាផលិតផលដែលបានមកពីការដុតកាកសំណល់កសិកម្ម (ជីវម៉ាស) ក្នុងលក្ខខណ្ឌកម្តៅខ្ពស់ ប៉ុន្តែគ្មានអុកស៊ីសែន (ឬមានតិចបំផុត) ដែលបច្ចេកទេសនេះហៅថា Pyrolysis (ការដុតក្នុងបរិយាកាសអុកស៊ីសែនទាប)។ ដំណើរការនេះខុសពីការដុតកម្ទេចចោលធម្មតា ព្រោះវាមិនឱ្យកាកសំណល់ទាំងនោះក្លាយជាផេះឡើយ ប៉ុន្តែវារក្សារចនាសម្ព័ន្ធកាបូនឱ្យនៅដដែលក្នុងទម្រង់ជាធ្យូង។ បើតាម ​Micro Journal ដំណើរ​ការ​នេះ​បាន​បំប្លែង​កាក​សំណល់សរីរាង្គ​​​ដែល​បាន​ដុត​ឲ្យ​ក្លាយ​ជា​ទម្រង់កាបូន​មួយ​ដែល​មាន​ភាពធន់​និង​​អាច​បន្ត​នៅ​ក្នុង​ដី​​រហូត​ដល់​រយ​ឆ្នាំ​។​​

    ២. ប្រភពនៃធ្យូងជីវៈ

    បងប្អូនអាចផលិតធ្យូងជីវៈបានពីកាកសំណល់ដែលមានស្រាប់នៅជុំវិញខ្លួន៖

    • កាកសំណល់ស្រូវ៖​ អង្កាមជាប្រភពដ៏ពេញនិយមបំផុតនៅកម្ពុជា។
    • កាកសំណល់ពោត៖ ស្នូលពោត និងដើមពោតស្ងួត។
    • កាកសំណល់ឈើ៖ មែកឈើ កម្ទេចឈើ ឬអាចម៍រណា។
    • ផ្សេងៗ៖ ត្រឡោកដូង ឬលាមកសត្វស្ងួត។

    ៣. អត្ថប្រយោជន៍ចំពោះគុណភាពដី

    យោងតាមការសិក្សានៅក្នុងទស្សនាវដ្តី Frontiers in Environmental Science និងការស្រាវជ្រាវពីសាកលវិទ្យាល័យ Cornell ធ្យូងជីវៈមានប្រយោជន៍ដូចជា៖

    • ជាអេប៉ុង​ផ្ទុកទឹក និងជី៖ ធ្យូងជីវៈមានរន្ធតូចៗរាប់លាន (Micro-pores)។ វាជួយបឺតស្រូបទឹក និងជីរក្សាទុកកុំឱ្យហូរច្រោះបាត់ពេលភ្លៀងធ្លាក់ខ្លាំង រួចបញ្ចេញឱ្យរុក្ខជាតិបន្តិចម្តងៗ។
    • ជាផ្ទះរបស់មីក្រូសារពាង្គកាយ៖ រន្ធតូចៗទាំងនោះគឺជាជម្រកដ៏សុវត្ថិភាពសម្រាប់បាក់តេរីល្អៗក្នុងដី ជួយឱ្យពួកវាបន្តពូជ និងជួយបំបែកជីជាតិឱ្យដំណាំបានលឿន។
    • កែលម្អដីជូរ៖ ធ្យូងជីវៈភាគច្រើនមានកម្រិត pH ខ្ពស់​ដែលជួយបន្សាបអាស៊ីតក្នុងដីជូរនៅតំបន់​មួយចំនួនក្នុងប្រទេសយើង។
    • រក្សាកាបូនក្នុងដី៖​ ជំនួសឱ្យការដុតកាកសំណល់បញ្ចេញផ្សែងពុលកាបូនឌីអុកស៊ីតទៅក្នុងអាកាស ការធ្វើ​ធ្យូងជីវៈជួយបង្កប់កាបូនក្នុងដីបានរាប់រយឆ្នាំ។

    ស្ថាប័ន​ International Biochar Initiative (IBI) អះអាងថាធ្យូងជីវៈដើរតួជាអ្នកកែលម្អដីអចិន្ត្រៃយ៍។ ខុសពីសារធាតុសរីរាង្គដទៃដែលរលួយអស់ក្នុងរយៈពេលប៉ុន្មានឆ្នាំ ធ្យូងជីវៈស្ថិតនៅក្នុងដីរាប់រយឆ្នាំ ដោយផ្តល់នូវរចនាសម្ព័ន្ធថេរសម្រាប់ការរក្សាសារធាតុចិញ្ចឹម។

    ការប្រុងប្រយ័ត្ន៖ កុំប្រើធ្យូងជីវៈដោយផ្ទាល់

    នេះគឺជាចំណុចដែលកសិករភាគច្រើនយល់ច្រឡំ។ ប្រសិនបើបងប្អូនយកធ្យូងដែលទើបដុតរួចទៅបាចលើដីភ្លាម វានឹងទៅបឺតយកសារធាតុចិញ្ចឹមពីដីមកទុកក្នុងខ្លួនវា ដែលធ្វើឱ្យដំណាំខ្វះជីជាតិក្នុងវគ្គដំបូង។

    បច្ចេកទេសត្រឹមត្រូវ៖ កសិរ​ត្រូវលាយ​ធ្យូងជីវៈជាមុនសិនដោយយកវាទៅលាយជាមួយជីកំប៉ុស្ត ឬជីលាមកសត្វ រយៈពេល ២-៤ សប្តាហ៍ ដើម្បីឱ្យវាបឺតយកសារធាតុចិញ្ចឹមឱ្យពេញ រួចទើប​យកទៅដាក់លើដី។

    ធ្យូងជីវៈ គឺជាការវិនិយោគម្តង ទទួលបានផលយូរអង្វែង។ វាជួយឱ្យដីរបស់បងប្អូនក្លាយជា ខ្លាំង​ផ្ទុកជីជាតិដ៏រឹងមាំ។

    ដោយ៖ ចាន់ តារា
    ប្រភប៖ Fronteirs / Micro Journal