នៅពេលខ្យល់ជំនោរត្រជាក់ធ្លាក់មកចំពេលស្វាយចន្ទីកំពុងបញ្ចេញផ្កា វាអាចធ្វើឲ្យចន្ទីជួបបញ្ហាស្ត្រេសនឹងអាកាសធាតុត្រជាក់ ដែលនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដើមចន្ទី។ ដើម្បីការពារកុំឱ្យផ្កាក្រៀម និងដើម្បីធានាបាននូវទិន្នផលខ្ពស់ បងប្អូនត្រូវយល់ដឹងពីបច្ចេកទេសថែទាំពិសេសមួយចំនួន។ ប្រឹក្សាជាមួយមន្ត្រីជំនាញកសិកម្ម ដើម្បីបានព័ត៌មានកាន់តែច្បាស់។
១. ហេតុអ្វីបានជាភាពត្រជាក់បង្កគ្រោះថ្នាក់ដល់ស្វាយចន្ទី?
យោងតាម សមាគមស្វាយចន្ទីកម្ពុជា និងអ្នកជំនាញកសិកម្ម នៅពេលសីតុណ្ហភាពចុះទាប រុក្ខជាតិនឹងជួបប្រទះបញ្ហា ៣ យ៉ាង៖
- ឫសឈប់ធ្វើការ៖ ឫសមិនអាចស្រូបយកជីពីដីបានល្អឡើយ ទោះបីបងប្អូនដាក់ជីដីច្រើនយ៉ាងណាក៏ដោយ។
- ដំណើរការរស្មីសំយោគយឺត៖ កម្តៅថ្ងៃមិនគ្រប់គ្រាន់ធ្វើឱ្យដើមឈើគ្មានថាមពលចិញ្ចឹមផ្កា។
- ការបង្កកំណើតបរាជ័យ៖ ភាពត្រជាក់ធ្វើឱ្យលម្អងផ្កាឈ្មោលមិនសូវសកម្ម ដែលនាំឱ្យផ្កាចេញមកហើយតែមិនកាន់ផ្លែ (ផ្កាខ្យល់)។

២. វីតាមីន ចាំបាច់សម្រាប់បាញ់សង្គ្រោះផ្កា
ក្នុងកាលៈទេសៈនេះ ការបាញ់ថ្នាំបំប៉នតាមស្លឹកគឺជាវិធីសាស្ត្រសង្គ្រោះបន្ទាន់ដ៏មានប្រសិទ្ធភាពបំផុត។ សារធាតុដែលបងប្អូនគួរប្រើរួមមាន៖
- Seaweed (សារាយសមុទ្រ) និង អាមីណូអាស៊ីត (Amino Acid)៖ ប្រៀបដូចជាភេសជ្ជៈប៉ូវកម្លាំង ដែលជួយឱ្យរុក្ខជាតិមានកម្លាំងតស៊ូនឹងភាពត្រជាក់។
- ស័ង្កសី (Zn) និងម៉ង់ហ្គាណែស (Mn)៖ ជួយជំរុញអ័រម៉ូនលូតលាស់ និងជួយឱ្យផ្កាចេញមកបានស្រុះគ្នា។
- ម៉ាញ៉េស្យូម (Mg)៖ ជួយឱ្យស្លឹកនៅតែអាចផលិតអាហារបាន ទោះបីពន្លឺថ្ងៃខ្សោយ។
- បូរុន (B)៖ សំខាន់បំផុត ជួយឱ្យលម្អងផ្កាមានជីវិត និងជួយឱ្យការបង្កកំណើតបានជោគជ័យ ទោះបីមេឃត្រជាក់ក៏ដោយ។
៣. ការពារជំងឺផ្សិត (ខ្មៅកញ្ចុំផ្កា)
អាកាសធាតុត្រជាក់លាយឡំសន្សើម គឺជាបរិយាកាសដែលជំងឺអង់ត្រាក់ណូស (Anthracnose) ចូលចិត្តបំផុត។
- រោគសញ្ញា៖ កញ្ចុំផ្កាចាប់ផ្តើមមានស្នាមអុជខ្មៅ រួចក្រៀមខ្លោចដូចត្រូវភ្លើងឆេះ។
- វិធានការ៖ សមាគមស្វាយចន្ទីកម្ពុជាណែនាំឱ្យលាយថ្នាំការពារផ្សិត រួមជាមួយសារធាតុចិញ្ចឹមខាងលើ ដើម្បីបាញ់ការពារក្នុងពេលតែមួយ។
យោងតាម Directorate of Cashew Research (DCR) នៃប្រទេសឥណ្ឌា ដែលជាស្ថាប័នស្រាវជ្រាវស្វាយចន្ទីឈានមុខគេ បានផ្តល់អនុសាសន៍បន្ថែមថា៖
- ការគ្រប់គ្រងទឹក៖ ប្រសិនបើអាច បងប្អូនគួរស្រោចទឹកនៅគល់ក្នុងបរិមាណសមល្មម។ ការផ្តល់សំណើមដល់ដីជួយរក្សាសីតុណ្ហភាពជុំវិញឫស មិនឱ្យត្រជាក់ខ្លាំងពេក។
- ពេលវេលាបាញ់ថ្នាំ៖ គួរបាញ់នៅពេលព្រឹកព្រលឹមបន្ទាប់ពីសន្សើមចាប់ផ្តើមស្ងួត។ ជៀសវាងការបាញ់នៅពេលយប់ ឬពេលមេឃស្រទុំខ្លាំង ដែលអាចធ្វើឱ្យសំណើមជាប់ផ្កាយូរពេក បង្កជាជំងឺផ្សិត។
- កម្រិតប្រើប្រាស់៖ មិនត្រូវប្រើជីបំប៉នក្នុងកម្រិតលើសការណែនាំឡើយ ព្រោះក្នុងពេលត្រជាក់ ស្លឹកបឺតស្រូបបានយឺត ប្រសិនបើដាក់កំហាប់ខ្ពស់ពេក អាចបណ្តាលឱ្យខ្លោចផ្កាវិញ។
ការប្រើប្រាស់ល្បាយ Seaweed + Amino + មីក្រូធាតុ (Zn, Mg, B) គឺជាខែលការពារដ៏រឹងមាំសម្រាប់ផ្កាចន្ទីក្នុងខែត្រជាក់នេះ។ វាមិនត្រឹមតែការពារផ្កាមិនឱ្យស្វិតប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយឱ្យចន្ទីកាន់ផ្លែបានច្រើន និងមានគ្រាប់ធំល្អទៀតផង។
ដោយ៖ ចាន់ តារា
ប្រភព៖ សមាគមនស្វាយចន្ទី / Research Gate/ឯកសារក្រសួងកសិកម្ម
