More

    កញ្ចែដូង វិធានការការពារ និង​កម្ចាត់

    បងប្អូនកសិករដែលដាំដូងច្បាស់ជាធ្លាប់ឃើញស្លឹកដូងខ្ចីៗដែលទើបនឹងលាស់ ចេញមកមានសភាពឆេះខ្លោច និងក្រៀមស្វិត។ នេះមិនមែនមកពីអាកាសធាតុក្តៅពេកទេ ប៉ុន្តែវាគឺជាស្នាដៃរបស់កញ្ចែដូង (Coconut Hispine Beetle – Brontispa longissima) ដែលជាសត្រូវបំផ្លាញដូងដ៏សាហាវបំផុតមួយក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ។

    យោងតាមឯកសារបច្ចេកទេសរបស់អង្គការ FAO និងស្ថាប័នការពារដំណាំអន្តរជាតិ (CABI) មាន​ព័ត៌មាន​មួយ​ចំនួន​ដែល​បងប្អូន​គួរដឹង​ពី​សត្វ​មួយ​ប្រភេទ​នេះ​។

    តើអ្វីទៅជាកញ្ចែដូង?

    កញ្ចែដូង គឺជាសត្វល្អិតដែលមានរាងសំប៉ែត និងវែង។ កញ្ចែពេញវ័យមានប្រវែងប្រហែល ៨-១០មីលីម៉ែត្រ មានពណ៌ខ្មៅនៅផ្នែកកន្ទុយ និងពណ៌ត្នោតក្រហមនៅផ្នែកក្បាល។ មុន​ក្លាយជាកញ្ចែ វា​ត្រូវ​វិ​វត្តពី​ដួង​ទៅជាដឹកឌឿមានពណ៌លឿង។ ពួកវាចូលចិត្តរស់នៅ និងពងកូនក្នុង បណ្ដូលដូងខ្ចីៗ ដែលមិនទាន់លាស់ចេញមកក្រៅ ព្រោះវាជាកន្លែងងងឹត មានសំណើម និងមានអាហារខ្ចីៗងាយស្រួលស៊ី។

    កត្តាបំផ្លាញ និងមូលហេតុ

    កញ្ចែដូងបំផ្លាញទាំងដំណាក់កាលជាដួង និងកញ្ចែពេញវ័យ។ ពួកវាចោះស៊ីជាបន្ទាត់ៗស្របតាមសរសៃស្លឹកខ្ចីដែលនៅជួបគ្នា។ ពួកវាមិនស៊ីធ្លុះស្លឹកទេ តែស៊ីតែស្រទាប់សាច់ស្លឹកបៃតងខាងលើប៉ុណ្ណោះ។

    • មូលហេតុដែលមើលទៅឆេះស្លឹក៖ នៅពេលស្លឹកខ្ចីនោះលាស់ចេញមកក្រៅខ្យល់ធ្វើឱ្យសាច់ស្លឹកដែលវាស៊ីស្លាប់នោះក្រៀមស្វិត និងប្រែជាពណ៌ត្នោត មើលទៅដូចជាស្លឹកត្រូវភ្លើងឆេះ។
    • ផលប៉ះពាល់៖ ដើមដូងដែលរងការបំផ្លាញខ្លាំង នឹងមានការលូតលាស់យឺត ទិន្នផលធ្លាក់ចុះយ៉ាងខ្លាំង ហើយបើជាដូងខ្ចី ឬដូងទើបនឹងដាំ អាចនឹងងាប់បានក្នុងរយៈពេលខ្លី។

    វិធីបង្ការ និងកម្ចាត់

    អង្គការ FAO ផ្តល់អនុសាសន៍ឱ្យប្រើប្រាស់វិធីសាស្ត្រចម្រុះ (IPM) ដើម្បីជៀសវាងការប្រើថ្នាំគីមីហួសប្រមាណ។

    ក. ការគ្រប់គ្រងដោយជីវសាស្ត្រ

    FAO បានទទួលជោគជ័យយ៉ាងខ្លាំងក្នុងការប្រើប្រាស់ «ឱម៉ាល់ប៉ារ៉ាស៊ីត» (Asecodes hispinarum)។ ឱម៉ាល់តូចៗទាំងនេះនឹងទៅពងដាក់ក្នុងដង្កូវកញ្ចែដូង ហើយសម្លាប់វាពីខាងក្នុង​។ នេះគឺជាវិធីសាស្ត្រធម្មជាតិដែលមិនប៉ះពាល់ដល់សុខភាព និងមិនអស់លុយច្រើន។

    ខ. ការគ្រប់គ្រងដោយវប្បកម្ម

    • សម្អាតក្បាលដូង៖ ត្រូវកាត់​សម្អាតធាងដូងចាស់ៗ ឬសៃម៉ៃដូងដើម្បីកុំឱ្យមានជម្រកសត្វល្អិត​។
    • ត្រួតពិនិត្យការចល័តកូនដូង៖ កុំទិញ ឬដឹកជញ្ជូនកូនដូងពីតំបន់ដែលមានការរាតត្បាតកញ្ចែដូង ទៅតំបន់ផ្សេងទៀត ព្រោះវាជាប្រភពចម្បងនៃការរីករាលដាល។

    គ. ការប្រើប្រាស់ថ្នាំកសិកម្ម (ករណីចាំបាច់)

    ប្រសិនបើការបំផ្លាញខ្លាំងពេក បងប្អូនអាចប្រើប្រាស់៖

    • ថ្នាំបាញ់បញ្ចូលបណ្ដូល​៖ ប្រើថ្នាំប្រភេទជ្រាប បាញ់បញ្ជូលទៅក្នុងបណ្ដូល​ដូងខ្ចីដែលមិនទាន់លាស់។ ប្រឹក្សាជាមួយ​មន្ត្រី​កសិកម្ម​ឃុំ​ពី​ប្រភេទថ្នាំគួរប្រើ។​
    • ការប្រើកញ្ចប់ថ្នាំ៖ កសិករខ្លះប្រើកញ្ចប់ថ្នាំសម្លាប់សត្វល្អិតចងក្នុងក្រណាត់ស្តើង រួចដាក់នៅត្រង់បណ្ដូល​ដូង ដើម្បីឱ្យថ្នាំរលាយសន្សឹមៗពេលមានទឹកភ្លៀង ឬស្រោចទឹក។

    បងប្អូនគួរចុះពិនិត្យចម្ការដូងឱ្យបានទៀងទាត់។ ប្រសិនបើឃើញមានស្លឹកដូងខ្ចីចាប់ផ្តើមមានស្នាមឆ្នូតៗពណ៌ស ឬលឿង ត្រូវប្រញាប់ចាត់វិធានការភ្លាម មុនពេលវាស៊ីរាលដាលរហូត​អាចធ្វើឱ្យដូងងាប់ដើម។ ការប្រើប្រាស់ ទ្រីកូដឺម៉ា (Trichoderma) ក៏អាចជួយកាត់បន្ថយជំងឺផ្សិតដែលចូលមកតាមក្រោយការបំផ្លាញរបស់កញ្ចែដូងបានផងដែរ។

    ដោយ៖ ចាន់ តារា
    ប្រភព៖ FAO / Knowledge Bank