More

    អាកាសធាតុត្រជាក់និងធ្លាក់សន្សើមប្រយ័ត្នជំងឺផ្សិត​លើដំណាំស្រូវ

    នៅកម្ពុជាយើងក្នុងអំឡុងខែមករា សីតុណ្ហភាពអាចចុះត្រជាក់ខ្លាំងនៅតាមបណ្តាខេត្តមួយចំនួន ដែលស្របពេលបងប្អូនកសិករកំពុងដាំដុះស្រូវប្រាំង។ អាកាសធាតុត្រជាក់លាយឡំនឹងសន្សើម ឬ «ខ្យល់ជំនោរត្រជាក់» អាចបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទិន្នផលស្រូវ ប្រសិនបើយើងមិនមានវិធានការការពារទាន់ពេល។

    ១. ផលប៉ះពាល់នៃភាពត្រជាក់លើវដ្តជីវិតស្រូវ

    ស្រូវជាដំណាំតំបន់ត្រូពិកដែលត្រូវការ​កម្ដៅ និង​ពន្លឺ។ នៅពេលសីតុណ្ហភាពចុះទាប វានឹងបង្ក «ស្ត្រេស» ដល់ស្រូវ ខណៈ​ឯកសារ​មួយ​ចំនួន​បញ្ជាក់ថាសីតុណ្ហភាព​ធម្មតាសម្រាប់ស្រូវ​​គឺ​ចន្លោះពី​២០ទៅ​៣៥​អង្សាសេ​។​

    • វគ្គសន្ទូង និងបែកគុម្ព៖ ស្រូវលូតលាស់យឺត ដើមក្រិន និងស្លឹកប្រែជាពណ៌លឿងស្លេក។ ប្រព័ន្ធឫសចុះខ្សោយ ធ្វើឱ្យស្រូវមិនអាចស្រូបយកជាតិជីបានល្អ។
    • វគ្គមូលដើមនិងចេញផ្កា (វគ្គគ្រោះថ្នាក់បំផុត)៖ ប្រសិនបើមេឃត្រជាក់ខ្លាំងចំពេលស្រូវកំពុងមូលដើម ឬចេញផ្កា វានឹងធ្វើឱ្យលម្អងផ្កាអសកម្ម។ ផ្កាមិនអាចបង្កកំណើតបាន ដែលបណ្តាល​ឱ្យស្រូវស្កកច្រើនទោះបីជាដើមមើលទៅល្អក៏ដោយ។
    • បញ្ហាសន្សើម និងជំងឺផ្សិត៖ សំណើមខ្ពស់នៃសន្សើមលាយឡំភាពត្រជាក់ គឺជាបរិយាកាសដ៏ល្អសម្រាប់ជំងឺអុជត្នោត ឬជំងឺផ្ទុះរាលដាល (ជំងងឺផ្សិត) វាយលុកលើស្លឹក និងកញ្ចុំផ្កា។

    ២. វិធានការបង្ការ និងការពារ

    ដើម្បីកាត់បន្ថយការខាតបង់ បងប្អូនគួរអនុវត្តបច្ចេកទេសដូចខាងក្រោម៖

    ក. ការគ្រប់គ្រងទឹក

    • រក្សាទឹកក្នុងស្រែឱ្យជ្រៅ៖ នៅពេលមានការព្យាករណ៍ថាអាកាសធាតុនឹងចុះត្រជាក់ ត្រូវបញ្ចូលទឹកក្នុងស្រែឱ្យបានជម្រៅ ១០ ទៅ ១៥ សង់ទីម៉ែត្រ។ ទឹកដើរតួជា«ភួយ»ជួយរក្សាកម្តៅ​ដល់គល់ស្រូវ និងកញ្ចុំផ្កាដែលកំពុងស្ថិតក្នុងដើម មិនឱ្យប៉ះទង្គិចនឹងភាពត្រជាក់ខាងក្រៅខ្លាំងពេក។

    ខ. ការផ្តល់សារធាតុចិញ្ចឹមបង្កើនភាពស៊ាំ

    • បន្ថែមជាតិប៉ូតាស្យូម៖ បាញ់ ឬបាចជីដែលមានជាតិប៉ូតាស្យូមខ្ពស់។ ប៉ូតាស្យូមជួយឱ្យកោសិការុក្ខជាតិរឹងមាំ និងបង្កើនភាពធន់នឹងភាពត្រជាក់។
    • បាញ់មីក្រូសារធាតុ (បូរុន និងកាល់ស្យូម)៖ បាញ់បូរុននៅវគ្គមុនចេញផ្កា ដើម្បីជួយឱ្យលម្អងផ្កាមានជីវិត អាចបង្កកំណើតបានទោះបីអាកាសធាតុត្រជាក់បន្តិចក៏ដោយ។
    • ចៀសវាងការបាចជីអាសូតលើសកម្រិត៖ ប្រើជីអ៊ុយរ៉េច្រើនពេកនៅពេលមេឃត្រជាក់ ធ្វើឱ្យស្រូវទន់ខ្សោយ និងងាយឆ្លងជំងឺផ្សិត។

    គ. ការការពារជំងឺ

    • ត្រូវតាមដានវត្តមានជំងឺអុជត្នោត ឬជំងឺផ្ទុះរាលដាល។ ប្រសិនបើឃើញមានរោគសញ្ញា ត្រូវប្រើថ្នាំសម្លាប់ផ្សិតដែលណែនាំដោយអ្នកជំនាញឱ្យបានទាន់ពេល។
    • បើ​តាម​វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) ការសិក្សាបានបង្ហាញថា សីតុណ្ហភាពពេលយប់ទាបជាង ១៥​អង្សាសេ រយៈពេល ២ ទៅ ៣ ថ្ងៃជាប់គ្នា ចំពេលស្រូវផើមអាចបណ្តាលឱ្យស្កកគ្រាប់រហូតដល់ ៣០% ទៅ ៥០%។

    ភាពត្រជាក់ខែធ្លាក់​ទឹកសន្សើម គឺជាសត្រូវលាក់មុខនៃទិន្នផលស្រូវប្រាំង។ ការរក្សាទឹកឱ្យជ្រៅ និងការបាញ់បន្ថែមជាតិប៉ូតាស្យូម និងបូរុន គឺជាគន្លឹះដ៏សំខាន់បំផុតដើម្បីធានាថាស្រូវបងប្អូននៅតែផ្តល់ផលបានល្អ។

    ដោយ៖ ទូច សុខា
    ប្រភព៖ Agriculture.Institute / IEEE.org