ដីមានជីវិត​ដំណាំមានដង្ហើម៖​ហេតុ​អ្វី​បង​ប្អូន​ត្រូវ​ថែ​ដី​មុន​​ថែ​ដើម​?

បងប្អូនកសិករខ្លះចំណាយលុយច្រើនលើពូជល្អៗ និងជីថ្លៃៗ ប៉ុន្តែលទ្ធផលនៅតែមិនសមប្រកប​ ​ដោយ​ដំណាំលូតលាស់មិនស្មើគ្នា ទិន្នផលទាប ឬងាយរងគ្រោះដោយសារជំងឺ។ បញ្ហាទាំងនេះភាគច្រើនមិនមែនមកពី «ពូជ» ឬ «ជី» នោះទេ ប៉ុន្តែវាគឺជាសញ្ញាអាសន្នដែលបញ្ជាក់ថាដីរបស់បងប្អូនកំពុងឈឺ។

ខាងក្រោមនេះគឺជាការពន្យល់តាមបច្ចេកទេសកសិកម្ម អំពីទំនាក់ទំនងរវាងសុខភាពដី និងភាពរឹងមាំរបស់ដំណាំ។​

១. កត្តាសំខាន់ទាំង​៣ នៃសុខភាពដី

យោងតាម អង្គការស្បៀងអាហារ និងកសិកម្ម (FAO) សុខភាពដីមិនមែនមានត្រឹមតែជាតិជីនោះទេ ប៉ុន្តែវាអាស្រ័យលើកត្តា ៣ យ៉ាង៖

កត្តាសារៈសំខាន់ចំពោះដំណាំសញ្ញាដែលបញ្ជាក់ថាដីមានបញ្ហា
រូបវន្តវាយនភាពដី រន្ធខ្យល់ និងការបង្ហូរទឹក។ដីហាប់ខ្លាំង ទឹកដក់យូរ ឬដីស្ងួតរឹងដូចថ្ម។
គីមីកម្រិត pH (ជូរ/កំបោរ) និងតុល្យភាពសារធាតុចិញ្ចឹម។ដាក់ជីហើយដំណាំមិនស៊ី ឫសខ្លោច ឬស្លឹកឡើងពណ៌ចម្លែក។
ជីវសាស្ត្រអតិសុខុមប្រាណល្អៗ ផ្សិត និងជន្លេនក្នុងដី។ដីងាប់គ្មានសត្វល្អិតមានប្រយោជន៍ និងគ្មានការរលួយនៃកាកសំណល់។

២. ដីគឺជាជម្រកនៃជីវិត​

ប្រសិនបើដីមានវាយនភាពមិនល្អ ឬហាប់ពេក ឫសដំណាំនឹងប្រៀបដូចជាត្រូវបានឃុំឃាំងក្នុងផ្ទះដែលគ្មានខ្យល់ដកដង្ហើម។

  • ការដកដង្ហើមរបស់ឫស៖ ឫសត្រូវការអុកស៊ីសែនដើម្បីបំប្លែង​អាហារជាថាមពល។ បើដីហាប់ ឫសនឹងថប់ដង្ហើម និងងាប់បណ្ដូល ឬរលួយឫស។
  • ការរក្សាសំណើម៖ ដីដែលមានសុខភាពល្អ គឺមានសណ្ឋានដូចអេប៉ុង​ដែលអាចរក្សាទឹកទុកឱ្យដំណាំនៅពេលរាំងស្ងួត និងអាចបង្ហូរទឹកចេញបានលឿននៅពេលភ្លៀងជោកជាំ​។

៣. ជីវិតក្នុងដី

យោងតាមស្ថាប័ន USDA-NRCS (សហរដ្ឋអាមេរិក) បានបញ្ជាក់ថា សុខភាពដំណាំអាស្រ័យលើ សារធាតុសរីរាង្គក្នុងដី។

សារធាតុសរីរាង្គគឺជាកាវដែលចងភ្ជាប់គ្រាប់ដីឱ្យមានរន្ធខ្យល់ និងជាឃ្លាំងអាហារ​សម្រាប់អតិសុខុមប្រាណ។ បើដីគ្មានជីវិត (គ្មានបាក់តេរី​ល្អៗ) ជីគីមីដែលបងប្អូនបាចទៅ នឹងមិនអាចបំប្លែង​ជាអាហារដែលរុក្ខជាតិស្រូបយកបានឡើយ។»

លើសពីនេះ ផ្សិតល្អៗដូចជា Mycorrhizae ជួយពង្រីកបណ្ដាញឫសឱ្យចាក់បានឆ្ងាយជាងមុនដល់ទៅ ១០ ដង ដើម្បីស្វែងរកទឹក និងផូស្វ័រ (P)។

៤. យុទ្ធសាស្ត្រកែដីមុន កែដើមក្រោយ

ដើម្បីឱ្យដំណាំកើនទិន្នផលដោយធម្មជាតិ បងប្អូនគួរអនុវត្តជំហានសំខាន់ៗទាំងនេះ៖

  • កាត់បន្ថយការភ្ជួររាស់ខ្លាំងពេក៖ ការភ្ជួររាស់ញឹកញាប់ពេក ធ្វើឱ្យខូចរចនាសម្ព័ន្ធដី និងសម្លាប់ជន្លេន។
  • ដាំដំណាំគម្របដី ឬដំណាំឆ្លាស់៖ ការដាំពពួកសណ្ដែកជួយបន្ថែមអាសូតធម្មជាតិ និងការពារដីកុំឱ្យហួតសំណើម។
  • ប្រើជីកំប៉ុស្ត និងជីសរីរាង្គ៖ នេះគឺជាការផ្ដល់ «ជីវិត» ឱ្យដីឡើងវិញ។ ជីសរីរាង្គជួយសម្រួលកម្រិត pH ដីឱ្យនៅចន្លោះពី៦ទៅ៧ ដែលជាកម្រិតល្អបំផុតសម្រាប់ដំណាំគ្រប់ប្រភេទ។
  • រក្សាសំណើមដី៖ ចៀសវាងការទុកដីឱ្យនៅទំនេរហាលថ្ងៃក្ដៅខ្លាំង ដែលធ្វើឱ្យមេរោគល្អៗក្នុងដីងាប់អស់។

កុំព្យាយាមដោះស្រាយបញ្ហាដំណាំទន់ខ្សោយដោយការចាក់ជីបន្ថែមតែម្យ៉ាង។ ជួនកាល អ្វីដែលដំណាំត្រូវការ មិនមែនជាជីថែមទៀតទេ ប៉ុន្តែគឺដីដែលធូរ និងមានខ្យល់ដកដង្ហើម។ នៅពេលដីមានសុខភាពល្អ ដំណាំនឹងរឹងមាំដោយខ្លួនឯង ប្រៀបដូចជាមនុស្សដែលមានសុខភាពល្អ មិនងាយនឹងឈឺដោយសារមេរោគជុំវិញខ្លួនដូច្នោះដែរ។

ដោយ៖ ចាន់ តារា
ប្រភព៖ FAO / USDA