កសិករជាច្រើនគិតថា បញ្ហាដីអាចជួសជុលបានឆាប់រហ័ស បើបញ្ឈប់ការប្រើប្រាស់ជី ឬផ្អាកប្រើថ្នាំគីមី។ តែជាក់ស្តែងដីអាចជួសជុលបានភ្លាមៗនោះទេ ព្រោះការបំផ្លាញដីមិនត្រឹមតែប៉ះពាល់បណ្ដោះអាសន្នទេ ប៉ុន្តែបំប្លែងរចនាសម្ព័ន្ធ រូបសាស្រ្ត គីមី និងជីវសាស្រ្តរបស់ដីក្នុងរយៈពេលវែង។
យោងតាម Food and Agriculture Organization (FAO) ការគ្រប់គ្រងដីមិនល្អអាចបង្កឲ្យដីខ្សោយជាយូរអង្វែង ហើយការស្ដារឡើងវិញត្រូវការពេលវេលាច្រើនឆ្នាំ។

បញ្ហារចនាសម្ព័ន្ធ
ការធ្វើចម្ការដោយភ្ជួរដីជាបន្តបន្ទាប់ ការបង្ហាប់ដីដោយម៉ាស៊ីនធ្ងន់ និងការសឹករេចរឹលនៃដីអាចបំផ្លាញរចនាសម្ព័ន្ធដី។
ពេលដុំដីត្រូវបានបំបែក ការជ្រាបនៃទឹកនិងការលូតលាស់ឫសដំណាំ នឹងអន់ថយរយៈពេលច្រើនឆ្នាំ ទោះបីកសិករបញ្ឈប់ការបំផ្លាញណាមួយក៏ដោយ។
USDA Natural Resources Conservation Service បញ្ជាក់ថា ដីដែលត្រូវបានបង្ហាប់ខ្លាំង អាចចំណាយពេលពី ៥–១០ ឆ្នាំ ឬច្រើនជាងនេះ ដើម្បីស្ដាររចនាសម្ព័ន្ធវិញ។
អតុល្យភាពថ្នាំគីមី
ការប្រើជីគីមី ថ្នាំសម្លាប់សត្វល្អិត និងដីមានជាតិប្រៃច្រើនពេក ធ្វើឲ្យប្រែប្រួល pH និងតុល្យភាពសារធាតុចិញ្ចឹមក្នុងដី។ សារធាតុខ្លះអាចនៅសល់ក្នុងដីរយៈពេលយូរ ហើយបន្តប៉ះពាល់ដល់ដំណាំ ទោះបីបញ្ឈប់ការប្រើប្រាស់ក៏ដោយ។
International Plant Nutrition Institute បញ្ជាក់ថា ការប្រើជីមិនសមស្រប អាចបង្កការបាត់បង់សារធាតុចិញ្ចឹម និងបង្កអតុល្យភាពដីក្នុងរយៈពេលវែង។
ជីវិតក្នុងដីត្រូវបានបាត់បង់
ដីល្អគឺជាដីមានជីវិត មានជន្លេន ផ្សិត និងបាក់តេរីល្អជាច្រើនទៀត។ ការបំផ្លាញដីធ្វើឲ្យសត្វតូចៗ និងបាក់តេរីល្អទាំងនេះងាប់។ ការកសាងបណ្ដាញជីវិតក្នុងដីឡើងវិញ ត្រូវការរយៈពេលច្រើនរដូវ មិនមែនត្រឹមសប្ដាហ៍ទេ។
CGIAR បង្ហាញថា ជីវចម្រុះក្នុងដីគឺជាគន្លឹះសំខាន់សម្រាប់ផលិតភាព និងសុខភាពដំណាំ។
ការបាត់បង់សារធាតុសរីរាង្គ
ការធ្វើកសិកម្មខ្លាំងក្លាដោយមិនបន្ថែមជីសរីរាង្គ ធ្វើឲ្យដីបាត់បង់កាបូន។ ដីដែលមានសារធាតុសរីរាង្គទាប នឹងមានជីជាតិអន់ ជាប់ទឹកមិនល្អ និងងាយរងគ្រោះពីគ្រោះរាំងស្ងួត និងទឹកជំនន់។
FAO បញ្ជាក់ថា ការបង្កើនសារធាតុសរីរាង្គក្នុងដី ជួយបង្កើនផលដំណាំ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
ការហូរច្រោះដី
ពេលស្រទាប់ដីខាងលើត្រូវបានហូរចេញគឺជាការបាត់បង់ជីជាតិ ព្រោះថាស្រទាប់ដីលើសម្បូរជីជាតិ និងសត្វល្អិតមានជីវិតបំផុត។ ធម្មជាតិមិនអាចបង្កើតដីឡើងវិញបានឆាប់ទេ ព្រោះដី ១សង់ទីម៉ែត្រ អាចចំណាយពេលរាប់រយឆ្នាំក្នុងការបង្កើត។
European Environment Agency បញ្ជាក់ថា ការហូរច្រោះដីគឺជាបញ្ហាធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សន្តិសុខស្បៀងអាហារ។
ដីផ្តល់ផលដល់អ្នកចេះថែរក្សាវា និងដាក់ទណ្ឌកម្មដល់អ្នកមិនចេះយកចិត្តទុកដាក់លើវាដូចគ្នា។
ទោះជាយ៉ាងណា ដីក៏អាចកែលម្អវិញបានដែរ ប៉ុន្តែត្រូវការពេលវេលា និងការអនុវត្តល្អៗ ដូចជា៖
- បន្ថែមជីសរីរាង្គ (ជីកំប៉ុស ជីអាចម៍សត្វ)
- កាត់បន្ថយការភ្ជួររាស់ដី
- ដាំដំណាំគម្របដី
- រៀបចំប្រព័ន្ធបង្ហូរទឹកឲ្យសមស្រប
ការថែរក្សាដីថ្ងៃនេះ គឺជាការធានាផលដំណាំ និងជីវភាពកសិករនៅថ្ងៃស្អែក។
