More

    វិធីផលិតមេជី EM និង​ការប្រើប្រាស់ត្រឹមត្រូវ

    តោះបងប្អូនថ្ងៃនេះ​យើងមកធ្វើទឹកមន្តមេជី​ សម្រាប់ដី និងដំណាំទាំងអស់គ្នា។ វិធីធ្វើទឹកមេអតិសុខុមប្រាណ ឬយើងអាចហៅងាយៗថា ទឹកមេ EM (Effective Microorganisms) បែបធម្មជាតិ​នៅផ្ទះ គឺងាយស្រួលខ្លាំងណាស់ ចំណាយលុយតិច តែផ្ដល់ផលចំណេញមហាសាលដល់ដីស្រែចម្ការ។

    នេះគឺជាជំហានៗសំខាន់​ដែល​បងប្អូនត្រូវ​អនុវត្ត​។​

    គ្រឿងផ្សំចាំបាច់ (រូបមន្តសន្សំសំចៃ)

    ដើម្បីធ្វើទឹកមេអតិសុខុមប្រាណ(EM)បាន ១០ លីត្រ បងប្អូនត្រូវត្រៀម៖

    1. ប្រភពអតិសុខុមប្រាណ៖ សំបកផ្លែឈើទុំៗ (ដូចជា សំបកចេក ម្នាស់ ល្ហុង ឬល្ពៅ) ចំនួន៣គីឡូក្រាម។ ផ្លែឈើទាំងនេះមានមេផ្សិត និងបាក់តេរីល្អៗពីធម្មជាតិស្រាប់។
    2. អាហារសម្រាប់មេអតិសុខុមប្រាណ៖ ស្ករត្នោត ឬស្កររងូចំនួន១គីឡូក្រាម។
    3. ទឹកស្អាត៖ ទឹកភ្លៀង ឬទឹកអណ្តូង ចំនួន ១០ លីត្រ ចៀសវាងទឹកម៉ាស៊ីនដែលមានក្លរីន ព្រោះវាសម្លាប់មេអតិសុខុមប្រាណ។
    4. ធុងជ័រដែលមានគម្របបិទជិត៖ ចំនួន​១។

    របៀបធ្វើជំហានៗ

    ជំហានទី ១៖ ការរៀបចំ

    • ចិញ្ច្រាំសំបកផ្លែឈើឱ្យតូចៗ ដើម្បីឱ្យអតិសុខុមប្រាណងាយស្រួលបំបែក។
    • រំលាយស្ករត្នោត ឬស្កររងូ​ជាមួយទឹក១០លីត្រក្នុងធុងជ័រឱ្យសព្វ។

    ជំហានទី ២៖ ការផ្អាប់

    • ដាក់សំបកផ្លែឈើចូលក្នុងធុង​ទឹកស្ករ រួចកូរឱ្យសព្វ។
    • បិទគម្របឱ្យជិត រួចយកទៅទុកនៅកន្លែងម្លប់ និងត្រជាក់ (ហាមដាក់ត្រូវកម្តៅថ្ងៃ)។ 

    ជំហានទី ៣៖ ការថែទាំ

    • ក្នុងរយៈពេល ៣ ថ្ងៃដំបូង ត្រូវបើកគម្របបន្តិចដើម្បីបញ្ចេញហ្គាស រួចកូរវា ២-៣ ជុំ ហើយបិទវិញឱ្យជិត។
    • ផ្អាប់ទុកបែបនេះរយៈពេល ៧ ទៅ ១៤ ថ្ងៃ។

    របៀបសម្គាល់ថា ទឹកមេ EM របស់បងប្អូនជោគជ័យ

    • ក្លិន៖ មានក្លិនក្រអូបជូរអែម (ស្រដៀងក្លិនស្រា ឬទឹកខ្មេះ)។ បើមានក្លិនស្អុយឆ្អេះ មានន័យថាបរាជ័យ (អាចមកពីធុងមិនស្អាត ឬខ្វះជាតិស្ករ)។
    • ផ្ទៃខាងលើ៖ បើមានស្រទាប់ផ្សិតពណ៌សៗដុះពីលើ នោះគឺជាសញ្ញាដ៏ល្អបំផុត។

    របៀបប្រើប្រាស់ឱ្យមានប្រសិទ្ធភាព

    បងប្អូនមិនត្រូវយកទឹកមេនេះទៅប្រើ​លើ​ដី ឬដំណាំ​ដោយ​ផ្ទាល់​ឡើយ ព្រោះវាមានកំហាប់ខ្លាំងពេក។ បងប្អូន​ត្រូវលាយជាមួយទឹកតាមសមាមាត្រ៖

    • សម្រាប់ស្រោចដី៖ លាយទឹកមេ១ស្លាបព្រាបាយ ជាមួយទឹក ២-៥ លីត្រ។ ស្រោចលើដីជួយឱ្យដីធូរ និងបំបែកជាតិជី។
    • សម្រាប់បាញ់តាមស្លឹក៖ លាយទឹកមេ ១ស្លាបព្រាបាយ​ជាមួយទឹក​១០​លីត្រ បាញ់នៅពេលល្ងាចត្រជាក់ ដើម្បីការពារជំងឺ។
    • សម្រាប់ធ្វើជីកំប៉ុស្ត៖ ស្រោចទឹកមេ EM លើគំនរជី ដើម្បីជួយឱ្យជីរលាយឆាប់ឆ្អិន លឿនជាងធម្មតា ២-៣ ដង។

    យោងតាមការណែនាំពី FAO បងប្អូនអាចប្រើ ទឹកលាងអង្ករ ជំនួសផ្លែឈើក៏បានដែរ ព្រោះក្នុងទឹកលាងអង្ករសម្បូរទៅដោយបាក់តេរីឡាក់ទិក (Lactic Acid Bacteria) ដែលជួយការពារជំងឺរលួយឫសបានយ៉ាងពូកែ។ការធ្វើទឹកមេអតិសុខុមប្រាណដោយខ្លួនឯង ជួយឱ្យបងប្អូនកាត់បន្ថយការប្រើជីគីមី និងថ្នាំពុលបានច្រើនបំផុត។

    ដោយ៖ ចាន់ តារា
    ប្រភព៖ FAO / EMRO