More

    កសិករវៀតណាម​ចំណេញ​១៧ទៅ​​៣០% ក្រោយ​អនុវត្ត​​បច្ចេក​ទេស​ទាំង​៥ លើ​ការកាត់​បន្ថយ​​ថ្លៃ​​ដើម​ផលិត​​ស្រូវ​

    - Advertisement -
    Advertisement

    កសិករ​យើង​មួយ​ចំនួន​បាន​ឲ្យ​ កសិ/Kakse ដឹង​ថា​ខ្លួន​ត្រូវ​ចំណាយ​ថ្លៃ​ដើម​ផលិត​ស្រូវ​ចន្លោះពី​២លាន​​៤​សែន​រៀល​ទៅ​​៣​លាន​រៀល​ក្នុង​មួយ​ហិកតា​។ ការ​ចំណាយ​​អាច​លើស​នេះ​បើសិន​ជា​កសិករ​ជួល​ដី​គេ​សម្រាប់​ធ្វើ​ស្រែ​។

    ថ្ងៃ​នេះ កសិ/Kakse នឹង​លើក​យក​បទពិសោធ​របស់​ប្រទេស​វៀត​ណា​ម​​ដែល​ធ្វើ​បាន​ជោគជ័យ​លើ​ការ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត​ស្រូវ និង​ជួយ​ឲ្យ​កសិករ​ចំណេញ​បាន​មួយ​ផ្នែក​ពី​ការ​ចំណាយ​លើ​ថ្លៃ​ផលិត​និង​ធាតុចូល​ផ្សេង​ៗ។

    កសិករ​វៀតណាម​អនុវត្ត​វិធានការ​កាត់​បន្ថយថ្លៃដើម​លើ​ចំណុច​ចំនួន​ប្រាំ​៖

    ១. កាត់​បន្ថយ​គ្រាប់​ពូជ​

    កាត់​បន្ថយ​គ្រាប់​ពូជ កសិករ​វៀត​ណា​ម​បាន​ប្រើ​ប្រាស់​បច្ចេក​ទេស​ព្រោះ​ស្រូវ​ដោយ​ម៉ាស៊ីន​ផ្ទាល់​​ដែល​វិធី​នេះ​ប្រើ​ប្រាស់​បរិមាណ​ពូជ​ស្រូវ​តិច​ជាង​ព្រោះ​ដោយ​ដៃ​។ ជា​លទ្ធផល​កសិករ​វៀត​ណាម​​​អាច​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ពូជ​ស្រូវ​ចំនួន​៥០​%​។​

    ២. កាត់​បន្ថយ​ការ​ប្រើ​ប្រាស់ជី​អ៊ុយរ៉េ (N)

    កសិករ​វៀតណាម​មាន​ចំណេះដឹង​ខាង​ប្រើ​ប្រាស់​ជី ដោយ​ប្រើ​ទៅ​តាម​តម្រូវ​ការ​របស់​ដំណាំ និង​អនុវត្ត​​ការដាក់ជី​ទៅ​តាម​ពណ៌​ស្លឹក​របស់​ដំណាំ​ស្រូវ​។ ជា​លទ្ធផល​កសិករ​វៀតណាម​អាច​កាត់​បន្ថយ​ជី​អ៊ុយរ៉េបាន​ប្រលែក​២០​% ដែល​នាំ​ឲ្យ​កសិករ​ចំណេញ​ប្រាក់​មួយ​ផ្នែក​លើ​ថ្លៃទិញ​ជី និង​ជួយ​កាត់​បន្ថយ​ការ​បំពុល​ផងដែរ​។

    ៣. កាត់​បន្ថយ​ការ​ប្រើ​ប្រាស់ទឹក

    កសិករ​វៀតណាម​បាន​អនុវត្ត​បច្ចេកទេស​ស្រោច​ស្រព​ឆ្លាស់​គ្នា​ ដែល​នេះជា​ វិធីសាស្រ្តដែលអនុញ្ញាតឱ្យដីស្រែ ស្ងួតឆ្លាស់គ្នា មុននឹងបញ្ចូលទឹកចូលវិញ ជំនួសឱ្យការទុកទឹកឱ្យលិចស្រែជាប់ជានិច្ចដូចទម្លាប់ពីដើមមក។ វាមិនមែនជាការទុកឱ្យស្រូវខ្វះទឹកទេ តែជាការគ្រប់គ្រងកម្រិតទឹកដោយមានការតាមដាន​ត្រឹម​ត្រូវ​។ ជាលទ្ធផល​កសិករ​វៀតណាម​អាច​សន្សំ​​ថវិកា​បាន​ពី​ការ​កាត់​បន្ថយ​លើ​ថ្លៃថាមពល​ដែល​ប្រើ​សម្រាប់​ការ​បូម​ទឹក​ញឹក​ញាប់​។

    ៤. កាត់​បន្ថយ​ថ្នាំ​កសិកម្ម

    កសិករ​វៀតណាម​បាន​អនុវត្ត​បច្ចេកទេសគ្រប់​គ្រង​សត្វល្អិត​ចង្រៃ​រួមបញ្ចូល​គ្នា (IPM) ដែល​ផ្ដោត​លើ​ការការពារ និង​តាម​ដាន​ ជាជាង​ការ​បាញ់​ថ្នាំ​សម្លាប់​សត្វល្អិត។ ជា​លទ្ធផល​កសិករ​វៀតណា​ម​អាច​កាត់​បន្ថយ​ថ្លៃ​ចំណាយ​លើ​ការទិញ​ថ្នាំ​កសិកម្ម​​។

    ៥. កាត់​បន្ថយ​ការ​បាត់​បង់ទិន្នផល​ពេល​ប្រមូល​ផល

    ​ត្រង់ចំណុច​នេះ កសិករ​វៀតណាម​បាន​ប្រើ​ប្រាស់​ម៉ាស៊ីន​ច្រូត​ និង​សម្ងួត​​ត្រឹម​ត្រូវ ដើម្បី​ធានាថា​ទិន្នផល​បាត់​បង់តិច​តួច​បំផុត​។ ជា​លទ្ធផល​កសិករ​វៀតណាម​អាច​ទទួល​បាន​ទិន្នផល​ស្រូវ​ច្រើន ហើយ​គ្រាប់​ស្រូវ​ក៏មាន​គុណភាព​ល្អ​។

    តាមរយៈការអនុវត្តន៍នេះ កសិករវៀតណាមបានបង្កើនប្រាក់ចំណេញបាន ១៧% ទៅ ៣០% ដោយសារការកាត់បន្ថយថ្លៃដើមធាតុចូលនិងការបង្កើនទិន្នផល។​

    ចុះបងប្អូន​កសិករយើង​វិញ គិត​ថា​បទពិសោធ​របស់​កសិករ​វៀតណាម​នេះ​អាច​យក​មក​អនុវត្តបានទេ? ឬ​មាន​ចំណុចណា​មួយ​ដែល​បងប្អូន​យល់​ថា​ត្រូវ​ការ​ការ​បណ្ដុះ​បណ្ដាល​បន្ថែម?  ចែក​រំលែក​បទពិសោធ​ជាមួយ​ កសិ/Kakse ៕​

    - Advertisement -
    Advertisement