More

    កត្តាធ្វើឲ្យដីកសិកម្មបាត់បង់គុណភាពនិងវិធីដោះស្រាយ

    ដីគឺជាមូលដ្ឋានគ្រឹះនៃជីវិតកសិកម្ម។ នៅពេលដែលដីបាត់បង់គុណភាព វាបណ្តាលឱ្យទិន្នផលដំណាំថយចុះ ហើយការចំណាយលើជីក៏កើនឡើង។ ការយល់ដឹងពីកត្តាដែលធ្វើឲ្យដីយើងចុះខ្សោយ គឺជារឿងសំខាន់បំផុតដើម្បីអាចដោះស្រាយបានទាន់ពេលវេលា។

    កត្តាដែលនាំឲ្យដីបាត់បង់គុណភាព

    មានកត្តាជាច្រើនដែលគំរាមកំហែងដល់សុខភាពដីកសិកម្ម ដែលកសិករគួរយល់ដឹង៖

    ១. ការបាត់បង់សារធាតុសរីរាង្គ

    ការដាំដុះដំណាំដដែលៗ ការមិនបានបន្ថែមជីសរីរាង្គ (ដូចជាជីកំប៉ុស្ត ឬលាមកសត្វ) និងការភ្ជួររាស់ខ្លាំងពេក អាច​នាំ​ឲ្យ​ដី​បាត់​បង់​គុណភាព​។ នៅពេលសារធាតុសរីរាង្គថយចុះ ដីនឹងបាត់បង់សមត្ថភាពក្នុងការរក្សាសំណើម សមត្ថភាពក្នុងការរក្សាសារធាតុចិញ្ចឹម ហើយរចនាសម្ព័ន្ធដីក៏ចុះខ្សោយដែរ ដីងាយរឹង និងពិបាកសម្រាប់ឫសដំណាំលូតលាស់។

    - Advertisement -

    ២. ការបាត់បង់ដោយសំណឹកដី

    សំណឹក​ដី​កើតឡើងដោយសារទឹកភ្លៀងខ្លាំង (ទឹកហូរនាំយកដីទៅ) ឬខ្យល់បក់ខ្លាំង ពិសេសលើដីដែលមិនមានការគ្របដណ្តប់ ដោយគ្មានដំណាំ ឬគម្របដី។ ស្រទាប់ដីលើ ជាស្រទាប់មានជីជាតិបំផុត និងសម្បូរដោយសារធាតុចិញ្ចឹម និងសារធាតុសរីរាង្គ។ បាត់​បង់​ស្រទាប់ដី​នេះ​ធ្វើ​ឲ្យ​ដី​បាត់​បង់គុណភាព​។

    ៣. ដីរឹង​ខះ

    ដីរឹងខះ កើត​ឡើង​ពី​ការប្រើប្រាស់គ្រឿងចក្រធ្ងន់ៗ ការភ្ជួររាស់នៅពេលដីសើមពេក និងការដើរជាន់ញឹកញាប់។ ដី​រឹងខះ​ធ្វើឲ្យរន្ធខ្យល់ និងប្រហោងទឹកថយចុះ។ ឫសដំណាំមិនអាចចាក់ចូលទៅក្នុងដីបានជ្រៅ ហើយទឹកក៏មិនអាចហូរចូលទៅក្នុងដីបានល្អដែរ ដែលបណ្តាលឲ្យដីលិចទឹកនៅរដូវភ្លៀង។

    ៤. ជាតិអាស៊ីត ឬជាតិប្រៃលើសកម្រិត

    ដីអាស៊ីត (ដីជូរ) បណ្ដាកមកពីការប្រើប្រាស់ជីគីមីអាសូតមួយចំនួនច្រើនពេក និង​អាច​មក​ពី​កត្តាភ្លៀងអាស៊ីតផង​ដែរ​។

    ចំណែក​ដីជាតិប្រៃ (ដីប្រៃ) បណ្ដាល​មកពីការស្រោចស្រពដោយទឹកដែលមានជាតិប្រៃខ្ពស់ ឬការហួតទឹកលឿនដែលបន្សល់ទុកជាតិអំបិលលើផ្ទៃដី។

    ផលប៉ះពាល់​ពី​បញ្ហា​នេះ​គឺ​កម្រិត pH មិនសមស្រប (អាស៊ីត ឬបាសខ្លាំង) ធ្វើឲ្យរុក្ខជាតិពិបាកស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗ។

    ៥. ភាពគ្មានតុល្យភាពសារធាតុចិញ្ចឹម

    បញ្ហានេះ​បង្កឡើង​ពីការប្រើប្រាស់ជីគីមីតែមួយមុខ (ឧទាហរណ៍ ប្រើតែជីអ៊ុយរ៉េ) ដោយមិនគិតពីតម្រូវការដីពិតប្រាកដ ឬការមិនប្រើជីសោះតែម្ដង​។ នៅពេល​ដីខ្វះសារធាតុចិញ្ចឹមសំខាន់​ៗមួយចំនួន (ដូចជាផូស្វ័រ ឬប៉ូតាស្យូម) ឬលើសសារធាតុចិញ្ចឹមខ្លះ​នាំឱ្យដំណាំលូតលាស់​មិន​ពេញ​លេញ​។

    វិធីសាស្ត្រកែលម្អ និងដោះស្រាយបញ្ហាគុណភាពដី

    កសិករអាចស្តារ និងរក្សាគុណភាពដីកសិកម្មរបស់ខ្លួនបានតាមរយៈការអនុវត្តជាក់ស្តែងដូចមួយ​ចំនួន​ដូច​ខាង​ក្រោម​។​

    ១. បង្កើនសារធាតុសរីរាង្គ

    • ប្រើជីសរីរាង្គ៖ ប្រើ ជីកំប៉ុស្ត ឬលាមកសត្វ ជាទៀងទាត់។
      • ដាំដំណាំគម្របដី៖ ដាំដំណាំដូចជាពពួកសណ្តែក ចង្ក្រង់ស្វា ឬស្មៅមួយចំនួននៅចន្លោះរដូវដាំដុះ ហើយភ្ជួរលប់ចូលដីវិញ ដើម្បីបន្ថែមជីវម៉ាស និងសារធាតុសរីរាង្គ។

    ២. គ្រប់គ្រងសំណឹកដី

    • ការគ្របដី៖ ប្រើចំបើង ស្លឹកឈើ ឬកាកសំណល់ដំណាំផ្សេងៗមកបាចគ្របលើផ្ទៃដីចន្លោះរុក្ខជាតិ ដើម្បីការពារដីពីការបោកបក់ដោយភ្លៀង ឬខ្យល់។
      • ដាំរបាំងការពារ៖ ដាំដើមឈើតូចៗ ឬស្មៅនៅតាមព្រំដី។

    ៣. កាត់បន្ថយភាពរឹងខះរបស់​ដី​

    • ការភ្ជួររាស់តិចតួច៖ ជៀសវាងការភ្ជួររាស់ញឹកញាប់ ឬជ្រៅពេក។
      • ការដាំដុះដោយមិនភ្ជួរ៖ ជាបច្ចេកទេសដែលមិនភ្ជួររាស់ដីទាល់តែសោះ ជួយរក្សារចនាសម្ព័ន្ធធម្មជាតិរបស់ដី។

    ៤. កែតម្រូវដី​អាស៊ីត/ប្រៃ

    • ដីអាស៊ីត (pH ទាប)៖ ត្រូវបន្ថែម កំបោរកសិកម្ម​ដើម្បីបង្កើនកម្រិត pH នៃដី។
      • ដីប្រៃ៖  ត្រូវបង្ហូរទឹកចេញដីឲ្យបានល្អដើម្បីជួយលាងសម្អាតជាតិអំបិលចេញពីតំបន់ឫសដំណាំ​។

    ៥. ដាំដំណាំបង្វិល

    • ដាំដំណាំផ្សេងៗគ្នាឆ្លាស់គ្នាពីមួយឆ្នាំទៅមួយឆ្នាំ (ឧទាហរណ៍៖ ស្រូវទៅសណ្តែក រួច​ចាំទៅពោត)។ ការអនុវត្តនេះជួយ រក្សាតុល្យភាពសារធាតុចិញ្ចឹម និងការពារការរីករាលដាលនៃជំងឺក្នុងដី។

    តាមរយៈការអនុវត្តន៍វិធីសាស្រ្តទាំងនេះ កសិករអាចស្តារ និងរក្សាបាននូវសុខភាពដីកសិកម្មប្រកបដោយនិរន្តរភាព ដែលនាំឱ្យទិន្នផលខ្ពស់ និងចំណាយទាបនាពេលអនាគត។

    ចែករំលែកដោយ៖ ចាន់ តារា
    ប្រភព៖ USDA