ដើម្បីជំរុញការលូតលាស់ដំណាំគួរដាក់ជីគល់ ឬបាញ់ជំនួយតាមស្លឹក? នេះជាសំនួរមួយដែលបងប្អូនកសិករមួយចំនួនតែងតែងឿងឆ្ងល់។ ជាការពិតណាស់ គ្មានវិធីណាមួយដែល «ល្អដាច់គេ» នោះទេ ប៉ុន្តែវាអាស្រ័យលើ គោលបំណង និងស្ថានភាពជាក់ស្តែងរបស់ដំណាំ។
ដើម្បីឱ្យងាយយល់ បងប្អូនអាចប្រៀបធៀបការដាក់ជីដីទៅនឹង «ការបរិភោគបាយ» ហើយការបាញ់តាមស្លឹកទៅនឹង «ការចាក់សេរ៉ូម ឬផឹកវីតាមីន»។

១. ការដាក់ជីតាមដី ឬដាក់គល់
នេះគឺជាប្រភពអាហារចម្បងបំផុតសម្រាប់រុក្ខជាតិ។
- ប្រសិទ្ធភាព៖ ផ្តល់សារធាតុចិញ្ចឹមក្នុងបរិមាណច្រើននៃជីជាតិធាតុចម្បងៗដូចជា អាសូត (N) ផូស្វ័រ (P) និងប៉ូតាស្យូម (K)។
- គុណសម្បត្តិ៖ រុក្ខជាតិស្រូបយកបានយូរអង្វែង ជួយកែលម្អគុណភាពដី និងមានតម្លៃថោកជាងជីបាញ់តាមស្លឹក។
- គុណវិបត្តិ៖ ប្រើរយៈពេលយូរទើបរុក្ខជាតិស្រូបយកបាន ត្រូវរង់ចាំការរលាយក្នុងដី និងសំណើម។ ប្រសិនបើដីខូច ឬឫសមានជំងឺ រុក្ខជាតិនឹងមិនអាចបឺតស្រូបជីនេះបានឡើយ។
២. ការបាញ់ជីតាមស្លឹក
ការបាញ់ជីតាមស្លឹក(Foliar Application)គឺជាវិធីសាស្ត្រជំនួយដែលផ្តល់អាហារទៅដល់កោសិការុក្ខជាតិដោយផ្ទាល់។
- ប្រសិទ្ធភាព៖ ផ្តល់សារធាតុចិញ្ចឹមក្នុងបរិមាណតិចតួចពិសេសពពួកមីក្រូធាតុ ប៉ុន្តែរហ័សដូចជា ស័ង្កសី (Zn) បូរុន (B) និង ជាតិដែក (Fe)។
- គុណសម្បត្តិ៖ រុក្ខជាតិស្រូបយកបានភ្លាមៗ ក្នុងរយៈពេល ២០នាទីទៅ ២-៣ ម៉ោង។ ល្អបំផុតសម្រាប់ប្រើនៅពេលដំណាំជួប «អាសន្ន» ដូចជា ឫសរលួយ ដីស្ងួតខ្លាំង ឬអាកាសធាតុត្រជាក់ពេកដែលឫសឈប់ធ្វើការ។
- គុណវិបត្តិ៖ មិនអាចផ្តល់អាហារបានច្រើនដូចជីដាក់ដីឡើយ។ បើបាញ់ច្រើនពេក ឬកំហាប់ខ្លាំងពេក អាចបណ្តាលឱ្យ ឆេះស្លឹក។
យោងតាមការសិក្សារបស់ សាកលវិទ្យាល័យ Michigan State (MSU) ឫសគឺជាច្រកសំខាន់របស់ដំណាំ។ ឫសត្រូវបានបង្កើតឡើងដើម្បីស្រូបជី ឯស្លឹកត្រូវបានបង្កើតឡើងដើម្បីការពារ និងធ្វើរស្មីសំយោគ។ ដូច្នេះ បងប្អូនមិនអាចបោះបង់ជីដាក់ដី(ជីគល់) ហើយប្រើតែជីបាញ់តាមស្លឹកបានឡើយ។ វិធីដែលល្អបំផុតគឺ «ដាក់ជីដីជាគ្រឹះ បាញ់តាមស្លឹកជាជំនួយ»។ ការបាញ់ជីតាមស្លឹកក្នុងវគ្គសំខាន់ៗ (ដូចជា មុនចេញផ្កា ឬពេលដាក់ទឹកដោះ) អាចជួយបង្កើនទិន្នផលបាន១០% ទៅ ២៥% បន្ថែមលើការដាក់ជីដីធម្មតា។
គន្លឹះសំខាន់សម្រាប់បងប្អូនកសិករ
- ប្រសិនបើចង់ឱ្យដើមលូតលាស់ខ្លាំង និងរឹងមាំយូរអង្វែង ត្រូវផ្ដោតលើការរៀបចំដី និងដាក់ជីតាមដីឱ្យបានត្រឹមត្រូវ។
- ប្រសិនបើចង់ឱ្យដំណាំស្ទុះឡើងភ្លាមៗ ឬជួយផ្កាឱ្យកាន់ផ្លែត្រូវប្រើជីបាញ់តាមស្លឹកបន្ថែម។
ចំណាំ៖ ពេលបាញ់តាមស្លឹក ត្រូវបាញ់នៅពេលព្រឹកព្រលឹម ឬពេលល្ងាចត្រជាក់ដើម្បីឱ្យការស្រូបយកជីបានពេញលេញ។
ដោយ៖ ចាន់ តារា
ប្រភព៖ AGRITEC /Agrisearch
