ជំងឺដែលបង្កឡើងដោយវីរុស (មេរោគ) លើដំណាំត្រសក់ គឺមានគ្រោះថ្នាក់ជាងជំងឺផ្សិត ព្រោះវាមិនអាចព្យាបាលបានដោយថ្នាំគីមីទេ។ នៅពេលដំណាំឆ្លងវីរុសហើយ វាជាធម្មតានឹងងាប់ ឬទិន្នផលនឹងធ្លាក់ចុះខ្លាំង។
១. វីរុសសំខាន់ៗលើដំណាំត្រសក់
ជំងឺបង្កឲ្យក្រិនខ្លឹក(Mosaic Virus)៖ វីរុសនេះធ្វើឲ្យស្លឹកមានលក្ខណៈក្រិន ខូចទ្រង់ទ្រាយ ចេញជារួញ ប្រែជាលឿងខុសធម្មតា។ ចំណែកផ្លែអាចមានដុំពក ខូចទ្រង់ទ្រាយ ឬមានពណ៌មិនស្មើគ្នា។
វីរុសបង្កឲ្យលឿងស្លឹក៖ ជាដំបូងស្លឹកប្រែជាលឿង និងរួញខ្លាំង ហើយដំណាំក្រិនខ្លាំង មិនលូតលាស់ ការបំផ្លាញផ្លែធ្ងន់ធ្ងរ ធ្វើឲ្យផ្លែតូច ឬខូចរូបរាងទាំងស្រុង។

២. វិធីបង្កា និងដោះស្រាយ
គោលការណ៍សំខាន់ក្នុងការគ្រប់គ្រងជំងឺវីរុសគឺការបង្ការការឆ្លងរាលដាល។
ក. គ្រប់គ្រងសត្វចម្លងវីរុស
វីរុសត្រូវបានចម្លងស្ទើរតែទាំងស្រុងដោយសត្វល្អិតបឺតជញ្ជក់ (ជាពិសេសចៃ) ដែលបឺតទឹកពីដើមឈើកើតជំងឺ ហើយមកបឺតដំណាំដែលមានសុខភាពល្អ។
កសិករអាចប្រើថ្នាំកម្ចាត់សត្វល្អិត ដោយត្រូវបាញ់ថ្នាំកម្ចាត់សត្វល្អិតចៃ (Aphids) និងសត្វល្អិតចម្លងផ្សេងទៀតជាប្រចាំដើម្បីកុំឲ្យពួកវាចម្លងវីរុស។ ប្រឹក្សាជាមួយមន្ត្រីកសិកម្មឃុំអំពីការប្រើប្រាស់។
ក្រៅពីការប្រើថ្នាំ កសិករអាចប្រើអួនសំណាញ់ព័ន្ធនៅជុំវិញចំការដើម្បីទប់ស្កាត់សត្វល្អិតមិនឲ្យចូល។ ដូចគ្នាដែរការប្រើអន្ទាក់ស្អិតពណ៌លឿងក្នុងចំការក៏អាចជួយចាប់សត្វល្អិតចម្លង។
ខ. វិធានការបង្ការ និងអនាម័យ
កសិករត្រូវជ្រើសរើសពូជត្រសក់ដែលក្រុមហ៊ុនបានបញ្ជាក់ថាមានធន់នឹងវីរុសណាមួយ។ ក្រៅពីនេះនៅពេលឃើញដំណាំមានរោគសញ្ញាប្រាកដថាឆ្លងវីរុសហើយ (ស្លឹកក្រិន លឿងខុសធម្មតា) ត្រូវតែដកវាចោលភ្លាមៗ និងយកទៅដុតកម្ទេច ឬកប់ឲ្យឆ្ងាយពីចំការ។ ហាមប៉ះដំណាំកើតជំងឺ រួចបន្តប៉ះដំណាំមានសុខភាពល្អ ព្រោះវីរុសអាចឆ្លងតាមរយៈដៃ ឬឧបករណ៍។
កសិករយើងត្រូវលាងសម្អាតឧបករណ៍ប្រើក្នុងការដាំដុះជាមួយទឹកថ្នាំសម្លាប់មេរោគ ឬសាប៊ូ បន្ទាប់ពីប្រើលើដំណាំកើតជំងឺ។ បន្ថែមពីនេះត្រូវកម្ចាត់ស្មៅនៅជុំវិញបរិវេណដាំដុះ ព្រោះស្មៅមួយចំនួនក៏ជាជម្រកផ្ទុកវីរុសផងដែរ។
ជារួម សម្រាប់ជំងឺវីរុសលើដំណាំត្រសក់ គឺត្រូវផ្តោតសំខាន់លើការកម្ចាត់សត្វល្អិតចម្លង និងការដកកម្ទេចដំណាំដែលកើតជំងឺ។
អត្ថបទដោយ៖ ចាន់ តារា
ប្រភព៖ RSH UK
