ដំណាំខ្នុរ ត្រូវបានចាត់ទុកថាជាដំណាំ ដែលមានភាពរឹងមាំ និងអាចលូតលាស់បានល្អតាមលក្ខខណ្ឌធម្មជាតិ ក៏ប៉ុន្តែក៏នៅតែមានសត្រូវមកយាយី និងបំផ្លាញផងដែរ។ ជាក់ស្តែង មានសត្វល្អិត និងជំងឺជាច្រើនប្រភេទដែលអាចបំផ្លាញដំណាំខ្នុរ។ យ៉ាងណាប្រសិនបើមានការថែទាំ និងការពារត្រឹមត្រូវ ជំងឺ និងសត្វចង្រៃទាំងនេះមិនមែនជាឧបសគ្គនោះឡើយ។
ការការពារដំណាំខ្នុរ មិនគួរពឹងផ្អែកលើថ្នាំគីមីតែម្យ៉ាងទេ ព្រោះថ្នាំគីមីអាចបំផ្លាញកត្តាចង្រៃតែតំបន់ដែលបានបាញ់ ប៉ុន្តែមិនអាចការពារបានទាំងដើមទាំងមូល។ ដូច្នេះ គួរប្រើវិធីសាស្ត្ររួមបញ្ចូលគ្នា រវាងការថែទាំតាមបច្ចេកទេសកសិកម្ម និងការប្រើថ្នាំត្រឹមត្រូវតាមកាលៈទេសៈ។

សត្រូវសំខាន់ៗរបស់ដំណាំខ្នុររួមមាន៖
- ដង្កូវចោះដើម និងមែក
- សត្វល្អិតចោះផ្លែ
- ដង្កូវស៊ីស្លឹក
- ចៃខ្យង និងចៃម្សៅ
- ជំងឺផ្សិត និងជំងឺឫសរលួយ
១. ដង្កូវចោះដើម និងមែក
ដង្កូវចោះដើម ជាបញ្ហាដែលជួបញឹកញាប់លើដើមខ្នុរដែលលូតលាស់តាមធម្មជាតិ ឬដើមដែលមិនបានកាត់តែងថែរក្សា។ សត្វល្អិតមេអំបៅមកដាក់ពងលើមែក ឬដើមខ្នុរ ហើយពេលពងញាស់ជាដង្កូវ វាចូលទៅចោះបំផ្លាញខាងក្នុងដើម និងមែក បណ្ដាលឲ្យមែកស្ងួត ឬដើមងាប់។ បញ្ហានេះកើតមានច្រើននៅរដូវភ្លៀង ជាពិសេសលើដើមដែលមានមែករាយណែនពេក។
វិធីការពារ
- កាត់តែងមែកឲ្យសមស្រប កុំឲ្យដើមណែនពេក និងកាត់ចោលមែកស្ងួត ឬមែកខូច
- លាបប្រេងតាមដើម និងមែក ដើម្បីទប់ស្កាត់សត្វល្អិតមកដាក់ពង
- បំផ្លាញមេអំបៅ មុនពេលវាដាក់ពង
- ប្រើថ្នាំគីមីពួកមេតាមីដូហ្វូស (ឧ. ថាម៉ារីន) បាញ់នៅពេលល្ងាច ឬព្រលប់
២. សត្វល្អិតចោះផ្លែខ្នុរ
សត្វល្អិតចោះផ្លែ មានឈ្មោះវិទ្យាសាស្ត្រ Bactrocera umbrosa Fabr វាមកដាក់ពងលើផ្លែខ្នុរ ពងញាស់ជាដង្កូវពណ៌ស ហើយចូលបំផ្លាញផ្នែកខាងក្នុងផ្លែ បណ្ដាលឲ្យផ្លែរលួយ បែក ឬជ្រុះមុនពេលទុំ។ វដ្តជីវិតរបស់វាប្រហែល ២១ ថ្ងៃ។
វិធីការពារ
- ខ្ទប់ផ្លែខ្នុរដោយថង់ក្រដាស់ ឬក្រដាសកាសែត នៅពេលផ្លែធំបានប្រហែល ២/៣
- ការខ្ទប់ផ្លែអាចការពារបានសត្វល្អិត និងជំងឺផ្សេងៗយ៉ាងមានប្រសិទ្ធភាព
- បើថង់រហែកដោយខ្យល់ភ្លៀង ត្រូវខ្ទប់ឡើងវិញក្នុងរយៈពេល ២–៣ ថ្ងៃ
ការពិសោធន៍បានបង្ហាញថា ស្រមោចខ្មៅដែលចូលទៅធ្វើសំបុកក្នុងថង់ក្រដាស់ អាចជួយស៊ីដង្កូវ និងសម្អាតផ្នែករលួយ ធ្វើឲ្យផ្លែអាចទុំ និងអាចហូបបាន។
៣. សត្វល្អិតស៊ីស្លឹក
សត្វល្អិតស៊ីស្លឹក ដូចជា អណ្តើកមាស ឬសត្វខ្នងខ្មៅ មានប្រវែងប្រហែល ១–១,៥ សង់ទីម៉ែត្រ។ វាចូលចិត្តស៊ីស្លឹកចាស់ ធ្វើឲ្យស្លឹកមានរន្ធ ប៉ុន្តែមិនសូវបំផ្លាញស្លឹកខ្ចីទេ។ កូនដង្កូវរបស់វារស់នៅក្នុងដី ហើយក្លាយជាដក់ដឿ។
វិធីការពារ
- ប្រើថ្នាំគីមីពួក សេវិន 85, ថែស 85 ឬ ខាដូមលោក
- សម្អាតបរិវេណជុំវិញគល់ដើម មិនឲ្យមានស្មៅ ឬស្លឹកស្តុក
៤. ចៃខ្យង និងចៃម្សៅ
ចៃខ្យងមានទាំងពណ៌ស្វាយ និងពណ៌ស មកជញ្ជក់ស៊ីស្លឹកជាក្រុម។ ចំណែកចៃម្សៅ បំផ្លាញស្លឹក និងត្រួយខ្ចី ធ្វើឲ្យស្លឹកក្រហម កោង ឬបែកលូតលាស់មិនល្អ។ ស្លឹកដែលត្រូវបំផ្លាញ ឃើញមានពណ៌លឿង ឬពណ៌សស្រអាប់។
វិធីការពារ
- បាញ់ថ្នាំគីមីពួក ខាបារិន លើស្លឹកខ្ចី ត្រួយខ្ចី និងតាមគល់ដើម
- ត្រូវត្រួតពិនិត្យត្រួយចាស់ និងត្រួយថ្មីជាប្រចាំ
៥. ជំងឺផ្សិត និងជំងឺឫសរលួយ
ជំងឺផ្សិតអាចបំផ្លាញផ្កា និងផ្លែខ្ចី ធ្វើឲ្យរលួយ និងជ្រុះ។ ការការពារត្រូវបាញ់ថ្នាំការពារផ្សិត ឬស្ពាន់ធ័រដែលរលាយទឹកបាន។ ដើមខ្នុរដែលទទួលពន្លឺថ្ងៃល្អ និងមានការកាត់តែងមែកសមស្រប នឹងមានជំងឺតិច។
ជំងឺឫសរលួយ ជាជំងឺសំខាន់មួយ ដែលកើតឡើងនៅទីដីមានទឹកដក់។ ដូច្នេះ គួរជៀសវាងដាំខ្នុរនៅដីទំនាប ឬកន្លែងមានទឹកជ្រាបជានិច្ច។
គួរបញ្ជាក់ផងដែរ ការថែរក្សាដំណាំខ្នុរ ឲ្យមានសុខភាពល្អ ត្រូវអនុវត្តវិធីសាស្ត្ររួមបញ្ចូលគ្នា ដូចជា ការកាត់តែងមែក ការសម្អាតបរិវេណ ការខ្ទប់ផ្លែ និងការប្រើថ្នាំគីមីត្រឹមត្រូវ។ ប្រសិនបើមានការថែទាំល្អ និងទៀងទាត់ នោះការបំផ្លាញពីសត្វល្អិត និងជំងឺ នឹងត្រូវកាត់បន្ថយយ៉ាងមានប្រសិទ្ធភាព ហើយអាចទទួលបានផលល្អ និងមានគុណភាព។ រាល់ការប្រើប្រាស់ថ្នាំកសិកម្ម បងប្អូនគួរប្រឹក្សាជាមួយកសិករជំនាញ ឬមន្ត្រីកសិកម្មឃុំ៕
ដោយ៖ សែន តុលា
ប្រភព៖ ឯកសារក្រសួងកសិកម្ម / Vikaspedia
