បើនិយាយពីខ្យងពណ៌មាស ឬខ្យងស៊ីស្រូវ កសិករផលិតស្រូវច្បាស់ជាស្គាល់មិនខាន និងដឹងថាខ្យងប្រភេទនេះបង្កគ្រោះថ្នាក់ដល់ដំណាំស្រូវកម្រិតណានោះ។
ខ្យងពណ៌មាស មានដើមកំណើតនៅអាមេរិកខាងត្បូង និងបាននាំមកតំបន់អាស៊ីនៅទសវត្សឆ្នាំ១៩៨០ ក្នុងគោលបំណងសម្រាប់ធ្វើជាអាហារ។ ប៉ុន្តែក្រោយមកខ្យងមួយប្រភេទនេះបានក្លាយជាភ្នាក់ងារបំផ្លាញស្រូវដ៏គួរឲ្យបារម្ភមួយរបស់កសិករ។
ខ្យងពណ៌មាស ស៊ីស្រូវដែលនៅសភាពខ្ចី ឬស្រូវទើបដុះ។ ខ្យងស៊ីគល់ស្រូវដែលនាំឲ្យដើមស្រូវត្រូវខូចទាំងស្រុង។
ខ្យងនេះរស់នៅដោយរបៀបម៉េច?
ខ្យងប្រភេទនេះអាចផ្លាស់ទីតាមប្រព័ន្ធធារាសាស្រ្ត ដូចជាប្រឡាយ ឬផ្លូវទឹកធម្មជាតិ និងពេលមានទឹកជំនន់ជាដើម។
ពេលដែលគ្មានទឹក ខ្យងប្រភេទនេះអាចកប់ខ្លួនក្នុងដីភក់ ឬដីក្រាំងក្រោះរហូតដល់ប្រាំមួយខែ ហើយនៅពេលមានទឹកមកក្នុងដីស្រែវិញ ខ្យងនឹងលេចឡើងមកវិញ។
ខ្យងពណ៌មាសអាចបំផ្លាញស្រូវព្រួស ឬសន្ទូងក្នុងអាយុ៣០ថ្ងៃដំបូង ហើយនៅពេលសន្ទូងមានអាយុដល់៣០ទៅ៤០ថ្ងៃ នោះសន្ទូងនឹងមានដើមរឹងគ្រប់គ្រាន់ដើម្បីទប់ទល់នឹងខ្យងបាន។
ខ្យងពណ៌មាសត្រូវគេចាត់ទុកថាជាភ្នាក់ងារបំផ្លាញស្រូវដ៏ធ្ងន់ធ្ងរបំផុតមួយ។ បើសិនជាមិនមានការគ្រប់គ្រងច្បាស់លាស់ទេ ខ្យងនេះនឹងអាចបំផ្លាញស្រូវក្នុងរង្វង់១ម៉ែត្រការ៉េក្នុងមួយយប់ ដែលការណ៍នេះអាចបំផ្លាញផលដំណាំយ៉ាងហោចណាស់៥០ភាគរយ។

ដោះស្រាយបញ្ហាខ្យងពណ៌មាសបំផ្លាញស្រូវបែបណា?
ពេលវេលាសំខាន់ក្នុងការគ្រប់គ្រងបញ្ហាខ្យងពណ៌មាសនេះគឺអំឡុងពេលរៀបចំដី និងព្រួសស្រូវ ឬស្ទូង ជាពិសេសគឺនៅ១០ថ្ងៃដំបូងបន្ទាប់ពីស្ទូងរួច ឬ២១មួយថ្ងៃដំបូងបន្ទាប់ពីព្រួសស្រូវរួច។បន្ទាប់ពីនេះស្រូវអាចមានលទ្ធភាពទប់ទប់នឹងការបំផ្លាញរបស់ខ្យងពណ៌មាសបានហើយ។
ចូលរួមជាសហគមន៍
វិធីគ្រប់គ្រងបញ្ហាខ្យងពណ៌មាសនេះដែលល្អបំផុត គឺការចូលរួមរបស់សហគមន៍ទាំងមូល ដោយធ្វើការរួមគ្នាដើម្បីកាត់បន្ថយចំនួនខ្យងនៅក្នុងតំបន់របស់ខ្លួន។
អ្នកភូមិអាចរួមគ្នាប្រមូលខ្យង និងពងខ្យងក្នុងសហគមន៍របស់ខ្លួនក្នុងអំឡុងពេលរៀបចំដីស្រែ និងពេលស្ទូង ឬព្រួសស្រូវ។
មួយវិញទៀតការរក្សាដីស្រែមិនឲ្យមានទឹកក្នុងរយៈពេល៣០ថ្ងៃបន្ទាប់ពីព្រួសស្រូវ ឬ២៥ទៅ៣០ថ្ងៃក្រោយពីស្ទូងក៏អាចកាត់បន្ថយការបំផ្លាញស្រូវពីខ្យងបានដែរ។ ខ្យងទាំងនេះនឹងពិបាកផ្លាស់ទីបើគ្មានទឹក ឬទឹកមានកម្ពស់ទាបជាង២សង់ទីម៉ែត្រ។ បន្ថែមពីនេះការដាក់ទាឲ្យដើរស៊ីខ្យងនៅពេលរៀបចំដីត្រៀមស្ទូងក៏ជាវិធីជួយកម្ចាត់ខ្យងនេះដែរ។ ទា កណ្ដុរ និងបក្សីមួយចំនួនទៀត ស៊ីកូនខ្យងជាអាហារ។
មួយវិញទៀតខ្យងពណ៌មាសចូលចិត្តស្លឹកល្ហុង និងស្លឹកដំឡូងមី ដូចនេះយើងអាចដាក់ស្លឹកទាំងនេះក្នុងស្រែដើម្បីឲ្យខ្យងមកតោងរួចរើសខ្យងទាំងនោះចេញពីស្រែ។ ដូចគ្នាដែរ ស្លឹកថ្នាំជក់ឬស្លឹកក្រូច ក៏អាចជួយដេញពពួកខ្យងពណ៌មាសនេះដែរ។
គ្រប់គ្រងទឹក
ខ្យងពណ៌មាសនឹងពិបាកផ្លាស់ទីបើសិនជាទឹកក្នុងស្រែតិច ឬមិនមានទឹក។ ដូចនេះដើម្បីទប់ស្កាត់ខ្យងពណ៌មាសស៊ីស្រូវទើបដុះ ឬទើបស្ទូង កសិករគួររក្សាទឹកក្នុងស្រែឲ្យនៅទាបជាង២សង់ទីម៉ែត្រ កម្ពស់ទឹកទាបបែបនេះធ្វើឲ្យខ្យងពណ៌មាសពិបាកផ្លាស់ទី។ មួយវិញទៀត ការស្ទូងស្រូវ ក៏ជាវិធីមួយជួយការពារការបំផ្លាញពីខ្យងពណ៌មាសបានល្អជាងការព្រួសស្រូវផងដែរ។
បើបងប្អូនមានវិធីសាស្រ្តល្អៗក្នុងការកម្ចាត់ពពួកខ្យងស៊ីស្រូវ កុំភ្លេចចែករំលែកបទពិសោធជាមួយ កសិ/Kase ណា។
ប្រភព៖ Knowledgebank
