ត្រប់ជាដំណាំមួយប្រភេទដែលបងប្អូនកសិករយើងនិយមដាំមួយដែរ។ ដើម្បីដាំត្រប់បានទិន្នផលល្អកសិរកត្រូវយល់ដឹងពីជំហានមួយចំនួនតាំងពីការរៀបចំបណ្ដុះកូនរហូតដល់ការប្រមូលផល។ យ៉ាងណាក្នុងអត្ថបទនេះ យើងនិយាយតែពីការប្រើប្រាស់ជីដើម្បីឲ្យដំណាំត្រប់លូតលាស់បានល្អ និងបានទិន្នផលខ្ពស់។ ត្រប់ត្រូវការពេលបណ្ដុះកូនប្រហែល២៥ថ្ងៃ និងក្រោយដាំប្រហែល៧៥ថ្ងៃទើបអាចប្រមូលផលបាន។

ការប្រើប្រាស់ជី
ដំបូងយើងនិយាយពីការដាក់ជីទ្រាប់បាត។ ការដាក់ជីវគ្គនេះគឺត្រូវរាយលើរងក្នុងរណ្ដៅហើយច្របល់នឹងដី។ ប្រភេទជីដែលកសិករយើងអាចប្រើមានជី អិន.ប៉េ.កា. (NPK)១៥.១៥.១៥ ដោយប្រើប្រហែល១៣ក្រាម ឬប្រហែល១ស្លាបព្រាបាយសម្រាប់ត្រប់១ដើម ហើយជីលាមកសត្វត្រូវដាក់ប្រហែល០,៥គីឡូក្រាមក្នុងមួយដើម។ ត្រង់ចំណុចនេះ កសិករត្រូវដាំដើមត្រប់តែមួយដើមប៉ុណ្ណោះសម្រាប់មួយរណ្ដៅ។
ក្រោយដាំបាន២សប្ដាហ៍ កសិករយើងត្រូវដាក់ជីម្ដងទៀត តែវគ្គនេះប្រើជីអ៊ុយរ៉េ ដោយដាក់ប្រហែល២,៥ក្រាម ឬប្រហែលមួយចុងស្លាបព្រាសម្រាប់ត្រប់មួយដើម។ ការដាក់ជីត្រូវជីកកប់គម្លាតពីគល់ប្រហែលកន្លឹះតឹក។
បន្ទាប់មកទៀតគឺវគ្គ៤សប្ដាហ៍ក្រោយដាំ។ វគ្គនេះត្រូវដាក់ជីប្រភេទជី អិន.ប៉េ.កា.១៥.១៥.១៥ មួយចុងស្លាបព្រាសម្រាប់មួយដើម និងជីកកប់រាក់ៗប្រហែល១តឹកពីគល់ត្រប់។ លុះដល់៨ សប្ដាហ៍ ត្រូវបន្តដាក់ជីប្រភេទនេះម្ដងទៀតក្នុងបរិមាណដូចគ្នា តែត្រូវជីកកប់រាក់ៗពីគល់ប្រហែល១តឹកកន្លះ។
លុះដល់១១សប្ដាហ៍ក្រោយដាំ ត្រប់បងប្អូនប្រហែលបានប្រមូលផលហើយ តែវគ្គនេះក៏នៅដាក់ជីបំប៉នដូចគ្នា និងប្រើជីប្រភេទអិន.ប៉េ.កា.១៥.១៥.១៥ ដាក់១ចុងស្លាបព្រានៅតាមគល់ ដោយជីកកប់រាក់ៗប្រហែល១តឹកកន្លះពីគល់ត្រប់។ លុះដល់សប្ដាហ៍ទី១៤ ក៏នៅបន្តបំប៉នជីបែបនេះដូចគ្នា ហើយតំណាត្រប់អាចបញ្ចប់ការប្រមូលផលនៅសប្ដាហ៍ទី១៧ ក្រោយដាំ។
គួរបញ្ចាក់ថារាល់ពេលដាក់ជី បងប្អូនត្រូវស្រោកទឹកឲ្យបានជោកល្អ ដើម្បីឲ្យដំណាំអាចចាប់យកជីបានល្អ។ ការប្រមូលផលត្រូវប្រើកន្ត្រៃកាត់សណ្ដង់ផ្លែ ហើយត្រូវកាត់នៅពេលព្រឹក និងមិនត្រូវទុកផ្លែចោលហាលថ្ងៃនោះដែរ។
បច្ចេកទេសដាក់ជីនេះដកស្រង់ចេញពីឯកសាររបស់ក្រសួងកសិកម្មស្ដីអំពីដំណាំត្រប់។ បើបងប្អូនមានបច្ចេកទេស ឬបទពិសោធចង់ចែករំលែកសូមទាក់ទកមកហ្វេសប៊ុកផេករបស់កសិ។
អត្ថបទដោយ៖ ចាន់ តារា
អត្ថបទគួរអាន៖ កត្តាចង្រៃលើដំណាំត្រប់
