More

    វិធីដាក់ជីលើដំណាំបន្លែស្លឹកឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា

    ការដាំដុះដំណាំបន្លែស្លឹក ដូចជា ស្ពៃ ត្រកួន ជី ខ្ទឹម ឬសាលាដ៍ ទាមទារការយកចិត្តទុកដាក់ខ្ពស់លើការប្រើប្រាស់ជី។ ការដាក់ជីត្រឹមត្រូវ តាមពេលវេលា និងតាមប្រភេទជី គឺជាគន្លឹះដើម្បីទទួលបានផលច្រើន ស្លឹកស្រស់ល្អ​ និងមានគុណភាពខ្ពស់​។

    ១. ប្រភេទជីដែលត្រូវប្រើប្រាស់

    ដំណាំបន្លែស្លឹកត្រូវការជាចាំបាច់នូវសារធាតុចិញ្ចឹមសំខាន់ៗទាំងបី NPK ប៉ុន្តែត្រូវផ្តោតខ្លាំងលើ អាសូត (N)។

    អាសូតមាន​នាទី​ជំរុញការលូតលាស់ស្លឹក និងដើម ធ្វើឲ្យស្លឹកមានពណ៌បៃតងស្រស់ និងធំ​ធាត់​លឿន។ ប្រភព​របស់​អាសូត​យើង​អាច​រក​បាន​ពី​ជី​អ៊ុយរ៉េ​។ ចំណែក​ផូស្វ័រ ពង្រឹងឫស ឲ្យរឹងមាំ និងជួយដល់ការបែងចែកកោសិកាដំបូង។ យើង​អាច​រក​បាន​ពី​ជី​ដេអាប៉េ ដោយ​ប្រើ​នៅ​ដំណាក់​កាល​ដាំ​ដុះ​ដំបូង​។ ដោយ​ឡែក​ប៉ូតាស្យូម ជួយបង្កើនភាពធន់​របស់ដំណាំទៅនឹងជំងឺ និងជួយសម្រួលការស្រូបយកសារធាតុចិញ្ចឹម។ ​យើង​បាន​រក​ប៉ុតាស្យូម​បាន​នៅ​ក្នុង​ជីទោល ឬ​ជីសមាស​។​

    - Advertisement -

    ក្រៅ​ពី​ជី​ទាំង​នេះ ជីសរីរាង្គ​ក៏​សំខាន់​សម្រាប់​ដំណាំបន្លែ​ស្លឹក​ដែរ​។​ ជី​ប្រភេទ​នេះ​ជួយឲ្យដីធូរ មានជីវជាតិ និងកាត់បន្ថយការប្រើជីគីមី។ ប្រភព​ជី​ធម្មតាជាតិ​បាន​ពី​ជីលាមកសត្វកែច្នៃ (មាន់ គោ) ឬជីកំប៉ុស្ត។

    ២. ពេលវេលា និងដំណាក់កាលដាក់ជីត្រឹមត្រូវ

    ការដាក់ជីលើដំណាំបន្លែស្លឹកត្រូវបែងចែកជា ៣ ដំណាក់កាលសំខាន់ៗ៖

    ក. ដំណាក់កាលរៀបចំ​ដី (មុនដាំ)

    • គោលបំណង៖ បង្កើនជីវជាតិដី និងពង្រឹងឫសដំបូង។
    • ប្រភេទជី៖ ប្រើ ជីសរីរាង្គ (លាមកសត្វកែច្នៃ ឬជីកំប៉ុស្ត) លាយជាមួយដី។ អាចបន្ថែម ជីដេអាប៉េ (DAP) ជាប្រភពផូស្វ័រ បន្តិចបន្តួចនៅបាតរង ឬលាយក្នុងដី។
    • របៀបដាក់៖ បាចជីសរីរាង្គឲ្យសព្វរួចភ្ជួរ ឬលាយជាមួយដីដើម្បីឲ្យដីមានជីវជាតិគ្រប់គ្រាន់មុននឹងចាប់ផ្តើមដាំ។

    ខ. ដំណាក់កាលលូតលាស់ដំបូង (៥-១០ ថ្ងៃក្រោយដាំ)

    • គោលបំណង៖ ជំរុញឲ្យដំណាំដុះលាស់លឿន និងចាប់ផ្ដើមលូតលាស់ស្លឹក។
    • ប្រភេទជី៖ ប្រើ ជីអាសូត (N) ខ្ពស់ (ដូចជា ជីអ៊ុយរ៉េ) ឬជីសមាស​ដែលមានរូបមន្តផ្តោតលើ N (ឧទាហរណ៍: 20-10-10)។
    • របៀបដាក់:
      • ដាក់ជីក្នុងបរិមាណតិចតួច នៅចម្ងាយ ៥-១០ សង់ទីម៉ែត្រពីគល់ដំណាំ (កុំឲ្យប៉ះគល់ផ្ទាល់ ព្រោះវាអាចធ្វើឲ្យរលាកគល់ងាប់ដំណាំ​)។
      • ប្រសិនបើប្រើវិធី បាញ់តាមស្លឹក (Foliar Feeding) ត្រូវប្រើជីរាវដែលមាន N ខ្ពស់ ហើយបាញ់នៅពេលព្រឹកព្រលឹម ឬពេលល្ងាច។

    គ. ដំណាក់កាលលូតលាស់ទីពីរ (១៥-២៥ ថ្ងៃមុនប្រមូលផល)

    • គោលបំណង៖ បង្កើនទំហំស្លឹកឲ្យធំ និងរក្សាពណ៌បៃតងស្រស់។
    • ប្រភេទជី៖ បន្តប្រើជីអាសូត (N) បូកផ្សំជាមួយ ប៉ូតាស្យូម (K) បន្តិចបន្តួច។ ជីសមាស​ (ឧទាហរណ៍: 15-5-20) ក៏អាចប្រើបានដែរ។
    • របៀបដាក់៖
      • ដាក់ជីនៅចន្លោះជួរ ឬគល់ដំណាំ រួចស្រោចទឹកដើម្បីឲ្យជីរលាយ ហើយដំណាំអាចស្រូបយកបានល្អ។
      • សម្រាប់ដំណាំស្លឹកខ្លះ ដូចជា ត្រកួន ឬជីរ អាចបន្តដាក់ជីអាសូតបានម្តងទៀត បន្ទាប់ពីប្រមូលផលលើកទីមួយរួច។

    ៣. ចំណុចសំខាន់ដែលត្រូវចងចាំ

    • កុំដាក់ជីខ្លាំងពេក៖ ការប្រើជីអាសូតច្រើនពេក អាចធ្វើឲ្យដំណាំលូតលាស់រហ័ស ប៉ុន្តែខ្សោយ ងាយឆ្លងជំងឺ ឬអាចធ្វើឲ្យរលាកស្លឹក។ យើង​ត្រូវប្រើក្នុងកម្រិតសមស្របតាមការណែនាំលើកញ្ចប់ជី។
    • ស្រោចទឹកបន្ទាប់ពីដាក់ជី៖ ត្រូវស្រោចទឹកភ្លាមៗ បន្ទាប់ពីដាក់ជីគ្រាប់ ដើម្បីឲ្យជីរលាយ និងជ្រាបចូលទៅក្នុងដីឫសដំណាំស្រូប​បាន​ល្អ​។
    • ឈប់ដាក់ជីមុនពេលប្រមូលផល៖ ត្រូវបញ្ឈប់ការដាក់ជីគីមី យ៉ាងហោចណាស់ ៧ ទៅ ១០ ថ្ងៃ មុនពេលចាប់ផ្តើមប្រមូលផល ដើម្បីធានាថាផលិតផលមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ​។
    • ពេលល្អបំផុតក្នុង​ការ​ដាក់ជី៖ ដាក់ជីនៅពេលព្រឹកព្រលឹម ឬពេលល្ងាច ដែលជាពេលសីតុណ្ហភាព​ចុះត្រជាក់ ដើម្បីកាត់បន្ថយការបាត់បង់អាសូត និងជៀសវាងការរលាកស្លឹកដោយសារកម្ដៅថ្ងៃ។

    ចែករំលែកដោយ៖ ចាន់ តារា
    ប្រភព៖ Hebei Sanyuanjiuqi Fertilizer