More

    កត្តាចង្រៃលើដំណាំស្រូវ និង​វិធីដោះស្រាយ

    ដើម្បីធានាបាននូវទិន្នផលស្រូវល្អ កសិករត្រូវយល់ដឹងពីកត្តាចង្រៃសំខាន់ៗដែលតែងយាយីការលូតលាស់ស្រូវ និងអនុវត្តន៍វិធីសាស្រ្តការពារ និងដោះស្រាយឱ្យបានទាន់ពេលវេលា។

    ១. សត្វល្អិតចង្រៃសំខាន់ៗ

    មមាចត្នោត៖ ជញ្ជក់​រុក្ខរសពី​ដើម​ស្រូវធ្វើឱ្យ​ស្រូវ​ និង​ធ្វើ​ឲ្យ​ស្លឹ​ក​ឡើងខ្លោច​។ ។ មមាច​ត្នោត​ជាភ្នាក់ងារ​ចម្លង​ជំងឺ​ ដូចជា​ជំងឺ​តឿ​រួញ​ស្លឹក និង​ជំងឺ​តឿ​ស្មៅ។ ដំណោះស្រាយ​បញ្ហា​នេះ​គឺ​ការ​គ្រប់គ្រង​ទឹក។ កសិករ​យើង​គួរ​បង្ហូរ​ទឹក​ចេញ​ពី​ស្រែ​មួយរយៈ​ដើម្បី​កាត់បន្ថយ​សំណើម​។  មួយ​ទៀតគឺ​គ្រប់គ្រង​ជី ដោយ​ជៀសវាង​ការ​ប្រើ​ជី​អាសូត​ច្រើន​ពេក។ ក្រៅពីនេះ​ការ​ប្រើ​ថ្នាំគីមី​សម្លាប់​សត្វល្អិតក៏​មាន​ប្រសិទ្ធភាព​ទល់នឹង​មមាចត្នោត​ដែរ​ តែ​ត្រូវពិគ្រោះ​ជាមួយ​​មន្ត្រី​កសិកម្ម​ ឬអ្នក​ជំនាញ​មុន​នឹង​ប្រើ​ប្រាស់​។

    ដង្កូវ​មូរ​ស្លឹក៖ ពួក​វា​ស៊ីបំផ្លាញ​ស្លឹក​នៅ​ស្ទើរ​គ្រប់​ដំណាក់កាល​លូតលាស់។ វា​បំផ្លាញ​ធ្ងន់ធ្ងរ​លើស្លឹក​ទង់ជ័យ ដែល​នាំឱ្យ​បាត់បង់​ទិន្នផល​ច្រើន។ ដោះដោះស្រាយ គឺ​គ្រប់គ្រង​ការ​ដាក់​ជី​អាសូត កុំ​ប្រើ​ច្រើន​ពេក​។ មួយ​ទៀត​ប្រើ​ថ្នាំគីមី បាញ់ថ្នាំ​នៅពេល​ដង្កូវ​នៅ​តូចៗ តែ​កុំ​បាញ់​ច្រើន​ហួសហេតុ។

    - Advertisement -

    មូស​ផ្លុង៖ បំផ្លាញ​ស្រូវ​នៅ​ដំណាក់កាលបែក​គុម្ព។ ដើម​ស្រូវ​ដែល​រង​ការបំផ្លាញ​មាន​សភាព​ដូចស្លឹក​ខ្ទឹម (រាង​បំពង់​ស)។ ដោះស្រាយ​បញ្ហ​នេះ​ដោយ​បោច ឬ​ដក​ដើម​ដែល​មាន​ស្លឹក​ខ្ទឹម​ចេញ​ពី​ស្រែ។ ប្រើ​ថ្នាំគីមី​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​ប្រភេទ​គ្រាប់ ឬ​ទឹក​នៅ​ដំណាក់កាល​បែក​គុម្ព ប្រសិនបើ​មាន​ការ​បំផ្លាញ​ធ្ងន់ធ្ងរ។

    ស្រឹង​ជញ្ជក់​ទឹកដោះ៖ ពួក​នេះ​ជញ្ជក់​គ្រាប់​ស្រូវ​នៅ​ដំណាក់កាលដាក់​ទឹកដោះ (ធ្វើឱ្យ​គ្រាប់​ស្រូវ​ស្វិត)។ សត្វ​នេះ​នឹង​បញ្ចេញ​ ក្លិន​ស្អុយ នៅពេល​មានការ​រំខាន។ ដោះស្រាយ​បញ្ហា​នេះ កសិករ​អាច​ ដក​ស្មៅ​ចេញ​ពី​ជុំវិញ​ភ្លឺ​ស្រែ ព្រោះ​ស្រឹង​ចូលចិត្ត​ពួន​នៅ​ទីនោះ។ការ​បាញ់ថ្នាំ ​សម្លាប់​សត្វល្អិត​នៅពេល​ស្រូវ​ចាប់ផ្តើម​ចេញ​កួរ និង​មាន​ការបំផ្លាញ​ខ្លាំង (ផ្តោត​លើ​តំបន់​ដែល​មានពួក​​វា​ច្រើន)។

    កណ្ដូប​ស្រូវ៖ ស៊ីបំផ្លាញ​ស្លឹក​ស្រូវ​ដោយ​កាត់​គែម​ស្លឹក។* យើង​អាច​កម្ចាត់​ដោយ​ដៃក្នុង​ករណី​មាន​បរិមាណ​តិចតួច ឬ​ប្រើ​ថ្នាំគីមីបាញ់ថ្នាំ​សម្លាប់​សត្វល្អិត​ប្រសិនបើ​ការបំផ្លាញ​ធ្ងន់ធ្ងរ។

    ២. សត្វចង្រៃ

    ខ្យង​មាស​ស៊ី​ស្រូវ៖ ស៊ីបំផ្លាញ​កូន​ស្រូវ​តូចៗក្រោយ​ស្ទូង ឬ​ព្រោះ​ថ្មីៗ។ យើង​អាច​សម្គាល់​ខ្យងនេះ​​ដោយ​ពងវា​ពណ៌​ផ្កាឈូក និង​សំបក​ពណ៌​លឿង។ វិធី​កម្ចាត់​គឺការគ្រប់គ្រង​ទឹក។ យើងត្រូវ​បង្ហូរ​ទឹក​ចេញ​ពី​ស្រែ​ភ្លាមៗ​ក្រោយ​ស្ទូង ឬព្រោះ ចាំកូន​ស្រូវ ឬសន្ទូង​​ធំ​បន្តិច​ទើប​ដាក់​ទឹក​វិញ។ ដូច​គ្នា​ដែរការ​ប្រមូល​យក​សត្វ​ខ្យង និង​ពង​ពណ៌​ផ្កាឈូក​ចេញ​ពី​ភ្លឺ​ស្រែក៏​រួម​ចំណែក​កម្ចាត់​ដែរ​។ ប្រើ​ថ្នាំ​សម្លាប់​ខ្យងក៏​បាន​។ ប្រើ​ថ្នាំ​តាម​ការណែនាំ​នៅ​ពេល​ចាប់ផ្ដើម​ដាំដុះ បើ​ការបំផ្លាញ​ធ្ងន់ធ្ងរ។

    កណ្ដុរ​ស្រែ៖ កាត់​បំផ្លាញ​ដើម​ស្រូវ​នៅ​គ្រប់​ដំណាក់កាល ជាពិសេស​នៅពេល​ស្រូវ​ចាប់ផ្ដើម​ចេញ​កួរ។ ពួក​វា​អាច​បំផ្លាញ​ពី ៥% ដល់ ១០០% ក្នុង​ឆ្នាំ​ដែល​មាន​ការ​រាតត្បាត​ខ្លាំង។ វិធីការពារ គឺកាត់​ស្មៅ​ជុំវិញ​ស្រែ កម្ចាត់​ទីជម្រក​របស់​កណ្ដុរ។ ដាក់​អន្ទាក់/នុយ​ពុល ​ជា​សហគមន៍​​តែ​ម្ដង​​មុនពេល​ដាំដុះ និង​នៅ​ដំណាក់កាលស្រូវ​​បែក​គុម្ព។ ការ​ថែរក្សា​សត្វ​ល្អ​ស៊ី​កណ្ដុរ ដូចជា​ពស់ និង​សត្វ​ផ្សេងៗ​ទៀត។

    ៣. ជំងឺ​សំខាន់ៗ

    ជំងឺ​អុចច​ត្នោត៖ កើតមាន​លើ​ស្លឹក និង​គ្រាប់។ អុចច​ត្នោត​មាន​រាងពងក្រពើ ឬ​មូល​ទ្រវែង ទំហំ​ប្រហែល​គ្រាប់​ល្ង។ ចំណុចកណ្តាល​នៃ​អុច​មាន​ពណ៌ប្រផេះ ឬស។ ដើម្បីការពារ​បញ្ហា​នេះកុំ​ប្រើ​ជី​អាសូត​ច្រើន​ពេក ព្រោះ​វា​ធ្វើឱ្យ​ស្រូវ​ងាយ​ឆ្លង​ជំងឺ។ មួយ​ទៀតការ​ប្រើ​ពូជ​ធន់​ទ្រាំ និង​គ្រាប់ពូជ​មាន​គុណភាព ក៏​ជា​រឿង​សំខាន់​។ ជំងឺ​នេះ​ច្រើន​កើត​នៅពេល​ដី​ខ្វះ​ជាតិ​ប៉ូតាស្យូម។

    ជំងឺ​អុច​ត្នោត​វែង៖ កើតមាន​លើ​ស្លឹកនិង​ស្រទប​ស្លឹក។ រោគសញ្ញា​គឺ​មាន​ស្នាម​ដំបៅ​មាន​រាង ទ្រវែង និង​មាន​ពណ៌ត្នោត។ វីធី​ដោះស្រាយ​គឺ​អនាម័យ​ស្រែ ដោយ​បំផ្លាញ​សំណល់​ដំណាំ​ចាស់ៗ​ដែល​ជា​ជម្រក​មេរោគ។ ប្រើ​ថ្នាំ​សម្លាប់​ផ្សិត គឺ​បាញ់ថ្នាំ​ប្រសិនបើ​ការ​ឆ្លង​មាន​សភាព​ធ្ងន់ធ្ងរ។

    ជំងឺធ្យូងបៃតង៖ រោគសញ្ញា​ឃើញ​នៅពេល​គ្រាប់​ស្រូវ​ចាប់ផ្ដើម​ទុំ។ គ្រាប់​ស្រូវ​ក្លាយជាដុំ​ផ្សិតដែល​មាន​ពណ៌បៃតងនៅ​ខាងក្រៅ និង​ពណ៌​លឿង​ទុំ​នៅ​ខាងក្នុង។ វិធី​ដោះស្រាយ​គឺ​ជ្រើសរើស​ពូជ​ធន់​ទ្រាំ។ គ្រប់គ្រង​ជី ជៀសវាង​ការ​ប្រើ​ជី​អាសូត​ច្រើន​ហួស​នៅ​ដំណាក់កាល​ចេញ​កួរ។ ការ​បាញ់ថ្នាំ​សម្លាប់​ផ្សិត​នៅ​ដំណាក់កាល​ចេញ​ផ្កា​អាច​ជួយ​ការពារ​បាន។

    ៤. សត្វល្អិត​មាន​ប្រយោជន៍

    កសិករ​ក៏​ត្រូវ​ដឹង​ដែរ​ថា មាន​សត្វល្អិត​មួយចំនួន​គឺជា មិត្តរបស់​ដំណាំ​ស្រូវ ព្រោះ​វា​ស៊ី​សត្វល្អិត​ចង្រៃ។ ការ​ប្រើប្រាស់​ថ្នាំគីមី​ច្រើន​ពេក​អាច​សម្លាប់​សត្វល្អិត​ល្អៗ​ទាំងនេះ។

    ឧទាហរណ៍ ដូចជា សត្វ​ពីងពាង (ស៊ី​មមាចត្នោត) សត្វ​ឃ្មុំ (ជួយ​លំអងផ្កា) និង​សត្វល្អិត​តូចៗ​ដទៃទៀត។

    ការគ្រប់គ្រង​កត្តាចង្រៃ​មាន​ប្រសិទ្ធភាព​បំផុត​គឺ​ការ​អនុវត្តន៍ ការគ្រប់គ្រង​សត្វល្អិត​ចង្រៃ​រួមបញ្ចូល​គ្នា (IPM) ដែល​ផ្តោត​លើ​ការ​បង្ការ ការ​តាមដាន និង​ការប្រើប្រាស់​វិធីសាស្ត្រ​ច្រើន​បែប (ធម្មជាតិ​និង​គីមី) តាម​តម្រូវការ​ជាក់ស្តែង។ រាល់ការ​ប្រើប្រាស់​ថ្នាំ​ពុល​កសិកម្ម​គួរ​ប្រឹក្សា​ជាមួយ​អ្នក​ជំនាញ​ ឬមន្ត្រី​កសិកម្ម​ឃុំ​ជា​មុន​។​

    ចែករំលែកដោយ៖ សែន តុលា
    ប្រភព៖ ឯកសារក្រសួងកសិកម្ម