បងប្អូនកសិករយើងដឹងទេ ការគំរាមកំហែងដ៏ធំបំផុតដល់ដំណាំពោតរបស់យើង គឺមិនមែនគ្រាន់តែជាបញ្ហាទឹកភ្លៀង ឬគ្រោះរាំងស្ងួតនោះទេ តែវាគឺជាការវាយលុករបស់សត្វល្អិតចង្រៃ។ ការខកខានក្នុងការតាមដាន និងគ្រប់គ្រងសត្វល្អិតតាំងពីដំណាក់កាលដំបូង អាចបណ្តាលឱ្យបាត់បង់ទិន្នផលយ៉ាងច្រើន។ ដើម្បីការពារចំការពោតរបស់បងប្អូនសូមអនុវត្តតាមការណែនាំងាយៗទាំងនេះ។
១. សត្វល្អិតទូទៅដែលត្រូវប្រុងប្រយ័ត្ន
មានសត្វល្អិតសំខាន់ៗបីប្រភេទដែលបង្កការខូចខាតធ្ងន់ធ្ងរដល់ដំណាំពោតនៅដំណាក់កាលផ្សេងៗគ្នា។ ដង្កូវហ្វូងបំផ្លាញស្លឹក វាយលុកនៅដំណាក់កាលស្លឹកពោតនៅខ្ចី។ មួយទៀត គឺដង្កូវចោះដើម វាចោះចូលទៅក្នុងដើមពោត និងបំផ្លាញដើមពោត។ សត្វចង្រៃមួយប្រភេទទៀតគឺពពួកកណ្ដៀរ ដោយពួកវាវាយលុកនៅដំណាក់កាលពោតទើបដុះ។
២. រោគសញ្ញាដែលត្រូវពិនិត្យមើលឱ្យបានឆាប់រហ័ស
ដើម្បីចាប់ផ្តើមការព្យាបាលទាន់ពេល បងប្អូនត្រូវស្គាល់ពីរោគសញ្ញានៃការបំផ្លាញរបស់សត្វល្អិត។
ដង្កូវហ្វូងបំផ្លាញស្លឹក ដោយចោះរន្ធលើស្លឹក ឬមានស្នាមកាត់ដាច់នៅលើស្លឹកខ្ចី។ សម្រាប់ដង្កូវចោះដើមវិញ គឺស្លឹកនៅកណ្តាលរបស់ពោតងាប់ និងប្រែជាលឿងឬត្នោត ខណៈស្លឹកខាងក្រៅនៅមានសភាពធម្មតា។ សម្រាប់កណ្ដៀរវិញ ពួកវាស៊ី ឬកកេរគល់កូនពោតតូចៗ ជាហេតុនាំឲ្យដាច់គល់ និងងាប់។

៣. វិធានការបង្ការ និងដោះស្រាយរហ័ស
ការគ្រប់គ្រងសត្វល្អិតត្រូវធ្វើឡើងដោយភាពម៉ត់ចត់ និងទាន់ពេលវេលា។ កសិករយើងត្រួវតាមដានចំការរាល់សប្តាហ៍ ដោយត្រូវចុះពិនិត្យចំការពោតរបស់បងប្អូនឱ្យបានយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ ជាពិសេសពិនិត្យមើលស្លឹកខ្ចីៗដើម្បីរកមើលរោគសញ្ញាខាងលើ។
សម្រាប់ការគ្រប់គ្រងដង្កូវហ្វូង និងសត្វល្អិតដទៃទៀតដែលការវាយលុកឈានដល់កម្រិតធ្ងន់ធ្ងរ (មានសត្វល្អិតច្រើន) ត្រូវប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដែលត្រូវបានណែនាំ និងអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ដំណាំពោត និងប្រើដោយប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំលើស្លាកសញ្ញាឱ្យបានម៉ត់ចត់។ សូមប្រឹក្សាជាមួយមន្ត្រីកសិកម្មឃុំដើម្បីដឹងច្បាស់អំពីការប្រើប្រាស់។
សូមចងចាំថា ការចំណាយពេលវេលាតិចតួចដើម្បីតាមដានរោគសញ្ញានៅដំណាក់កាលដំបូង នឹងជួយសន្សំសំចៃការចំណាយលើថ្នាំគីមី និងរក្សាទិន្នផលពោតរបស់បងប្អូនឱ្យបានខ្ពស់។ ប្រសិនបើមានចម្ងល់ ឬជួបប្រទះសត្វល្អិតដែលមិនស្គាល់ សូមទាក់ទងអ្នកជំនាញកសិកម្មនៅតាមមូលដ្ឋានដើម្បីទទួលបានជំនួយបន្ថែម។
អត្ថបទដោយ៖ ចាន់ តារា
ប្រភព៖ Agriscience
