ដំណាក់កាលលូតលាស់របស់ដំណាំពោតបែងចែកជា៤ដំណាក់កាល។
១. ចាប់ពីពេលដាំរហូតដល់ពន្លកស្លឹក
ដំណាក់កាលនេះគិតចាប់តាំងពីពេល ដែលយើងដាក់គ្រាប់ពោតដាំរហូតដល់ពេលដុះចេញបានស្លឹក ២-៣ ផុតពីដី។ រយៈពេលនេះគឺមានអាយុប្រមាណពី ៧-១០ថ្ងៃ បន្ទាប់ពីថ្ងៃដាំ។
២. ពន្លកស្លឹករហូតដល់ពេលចេញផ្កា
ក្នុងដំណាក់កាលនេះ គេអាចបែងចែកជា២ដំណាក់កាល គឺការដុះលូតលាស់នៃចំនួនថ្នាំង និងស្លឹក និងដំណាក់កាលមួយទៀតគឺការលូតលាស់នៃដងដើម ឬចន្លោះថ្នាំង និងការត្រៀមចេញផ្កា។
ក្នុងដំណាក់កាលទី១នេះ ដើមពោតនៅតូចទាប ដូច្នេះក្នុងចំការត្រូវតែគ្មានស្មៅ និងត្រូវមានទឹកគ្រប់គ្រាន់។ គិតពីថ្ងៃដាំ រហូតដល់ដំណាក់កាលនេះ គឺមានអាយុប្រមាណ៣០ថ្ងៃ។
ដំណាក់កាលទី២គឺយើងសង្កេតឃើញដងដើមមានសន្ទុះលូតលាស់យ៉ាងលឿន និងដងដើមដុះលូតលាស់ពេញកំពស់ និងរូបរាង។ ក្នុងដំណាក់កាលនេះគឺទាមទារនូវទឹក និងជីវជាតិគ្រប់គ្រាន់ បើមិនដូចនេះទេអាចបណ្ដាលឲ្យការចេញផ្កាពុំបានល្អ ការដាក់គ្រាប់ក៏ពុំបានល្អ និងអាចបណ្ដាលឲ្យថយចុះទិន្នផល។ គិតពីថ្ងៃដាំរហូតដល់ថ្ងៃចេញផ្កា គឺមានរយៈពេលប្រមាណពី ៤០-៧៥ថ្ងៃ ដោយយោងទៅតាមប្រភេទពូជ។
៣. ពេលចេញផ្ការហូតដល់ពេលចេញផ្លែ
ដំណាំពោតចេញផ្កា ជាទូទៅនៅពេលពោតមានអាយុប្រមាណពី ៤៥-៧៥ថ្ងៃ បន្ទាប់ពីថ្ងៃដាំ ឬ នៅពេលពោតមានបង្កាត់ចូលគ្នាហើយ។ រយៈពេលពីពេលបង្កាត់ រហូតដល់ពេលដាក់គ្រាប់គឺប្រមាណជា ២១ថ្ងៃ និងរយៈពេលពីពេលដាក់គ្រាប់ដល់ពោតរឹងគឺប្រមាណជា ២៨-៣៥ថ្ងៃ។
៤. ពេលទុំ
ពោតទុំគឺគេសង្កេតឃើញដើមចាប់ផ្ដើមប្រែពណ៌មកជាលឿង ស្លឹកចាប់ផ្ដើមក្រៀមស្ងួត ហើយសំណើមក្នុងគ្រាប់មានត្រឹមតែ ២៥%ប៉ុណ្ណោះ។ បើយើងប្រឡេះគ្រាប់ពោតនោះមើលយើងឃើញមានទងគ្រាប់ពណ៌ខ្មៅ ឬជាប់នឹងស្នូលមានពណ៌ខ្មៅ។ បើគិតចាប់ពីថ្ងៃដាំរហូតដល់ថ្ងៃទុំគឺប្រមាណ៩០ថ្ងៃ-១៣០ថ្ងៃ ដោយយោងទៅតាមប្រភេទពូជ។
អត្ថបទដោយ៖ សែន តុលា
ប្រភព៖ ក្រសួងកសិកម្ម
