More

    វិធីកម្ចាត់ដង្កូវបំពង់កាត់ស្លឹកលើដំណាំស្រូវ

    ដង្កូវបំពង់កាត់ស្លឹកជាប្រភេទសត្វចង្រៃ ម្យ៉ាងដែលបំផ្លាញដំណាំស្រូវចាប់ពីដំណាក់កាលសំណាប​រហូតដល់ដំណាក់កាល​ស្រូវបែកគុម្ព។

    ដង្កូវបំពង់អាច​រស់នៅបានទាំងក្នុងទឹក​និងលើគោក ។ ក្នុងវ័យជាដង្កូវវាស៊ី បំផ្លាញស្លឹកស្រូវថ្មីរួចកាត់ស្លឹកស្រូវមូរខ្លួនវាជាបំពង់ទំលាក់ចុះមកក្រោមរួចបណ្តែតខ្លួនលើផ្ទៃទឹក។ ដង្កូវប្រភេទនេះវារស់នៅក្នុងបំពង់ស្លឹកស្រូវ ហើយបណ្តែតខ្លួនលើផ្ទៃទឹកនៅពេលថ្ងៃ និង​ពេលយប់វាតោងឡើងដើមស្រូវទាំងបំពង់ដើម្បីស៊ីស្លឹកស្រូវជាអាហារ ។

    ដង្កូវប្រភេទនេះច្រើនកើតនៅលើដីស្រែដែលពុំបានរៀបចំស្មើល្អ និងលើស្រែដែលមានទឹកដក់ជាប្រចាំ។ ក្លាយ​ជាមេអំបៅ នៅ​ពេលថ្ងៃវា​លាក់ខ្លួនក្នុងពុម្ពស្មៅ និងចេញទៅពងពេលយប់ដែលអាចមានចំនួន​រហូត​ដល់​៥០ពង ។

    - Advertisement -

    លក្ខណៈបំផ្លាញ

    • ចាប់ពីសំណាប រហូតដល់ស្រូវបែកគុម្ព ពិសេសពេលស្រវនៅខ្ចី។ វាបំផ្លាញលើផ្ទាលសំណាបដែលមានទឹក និង សន្ទងទើបលាស់ថ្មី។​
    • ដង្កូវស៊ីស្រទាប់ក្លរ៉ូហ្វីលទុកតែស្រទាប់ជាលិកា នៅលើផ្ទៃស្លឹកដូចក្រដាស ឬស្បៃមុង ស្លឹកដែលត្រូវវាបំផ្លាញមានស្នាមកាត់ដូចមុខកន្ត្រៃ។
    • កាត់ចុងស្លឹកស្រូវធ្វើជាបំពង់បណ្តែតលើផ្ទៃទឹកនៅពេលថ្ងៃ បំផ្លាញស្លឹកស្រូវនៅពេលយប់។

    វិធានការការពារ និងកម្ចាត់

    • សម្អាត​ស្រែជាប្រចាំ
    • ធ្វើថ្នាលសំណាបគោក អាចជៀសវាងបានពីការបំផ្លាញ
    • ធ្វើទីផ្ទាលសំណាបឱ្យបានរាបស្មើល្អ និងឆ្ងាយពីវាលស្មៅ ដែលជាជំរករបស់វា ។
    • ពន្លិចទឹកក្នុងស្រែ ឬផ្ទាលសំណាប ហើយកៀរបំពង់ដង្កូវចោល ឬយកទៅធ្វើចំណីទា ។
    • បង្ហូរទឹកចេញពីស្រែរយៈពេល ២-៣ថ្ងៃ (ដោយសារដង្កូវ មិនអាចដកដង្ហើមបាននៅលើគោកដូច្នេះវានឹងងាប់​។
    • ថែរក្សាសត្វមានប្រយោជន៍ដូចជា ពពួកឪម៉ាល់ កម្ទំរុយ ពឹងពាង ស្រឹងទឹក អណ្តើកមាស​។ ល ។

     វិធានការដ៏មានប្រសិទ្ធភាពបំផុតគឺការបង្ហូរទឹកចេញឱ្យអស់ពីស្រែ។ ដោយសារដង្កូវបំពង់កាត់ស្លឹកជាប្រភេទសត្វល្អិត ដែលមានជីវិតពាក់កណ្តាលលើកគោកនិងពាក់កណ្តាលក្នុងទឹក​។​ ដូច្នេះនៅពេលគ្មានទឹកក្នុងស្រែ ដង្កូវមានការលំបាកក្នុងការដកដង្ហើមស្រូបយកអុកស៊ីសែនពីក្នុងទឹក តាមរយៈរោមញ័រ នៅជុំវិញខ្លួនរបស់វា បន្ទាប់មកវានឹងងាប់​។

    ចែករំលែកដោយ៖ សែន តុលា
    ប្រភព៖ ឯកសារក្រសួងកសិកម្ម