More

    សារធាតុចិញ្ចឹមមីក្រូសារធាតុដំណាំត្រូវការតិចតែខ្វះមិនបាន

    នៅក្នុងការដាំដុះ ជារឿយៗយើងតែងតែផ្តោតលើតែជីចម្បងគឺ N-P-K ប៉ុន្តែមានក្រុមសារធាតុចិញ្ចឹមមួយក្រុមទៀតដែលរុក្ខជាតិត្រូវការក្នុងបរិមាណ«តិចតួចបំផុត» តែវាជាអ្នកសម្រេចជោគជ័យនៃទិន្នផល និងគុណភាពកសិផល។ ពួកវាត្រូវបានគេហៅថា សារធាតុចិញ្ចឹមមីក្រូធាតុ​។ (Micronutrients)។

    ១. តើអ្វីទៅជាសារធាតុចិញ្ចឹមមីក្រូធាតុ?

    សារធាតុចិញ្ចឹមមីក្រូធាតុ គឺជាក្រុមធាតុចិញ្ចឹមដែលរុក្ខជាតិត្រូវការក្នុងកម្រិតតិច​តួច​ ប៉ុន្តែប្រសិន​បើខ្វះធាតុណាមួយ ដំណាំនឹងមិនអាចបង្កើនទិន្នផលដល់កម្រិតអតិបរមាបានឡើយ។

    សារធាតុចិញ្ចឹមមីក្រូធាតុសំខាន់ៗទាំង ៦ រួមមាន៖

    • ស័ង្កសី (Zn)៖ ជួយដល់ការបង្កើតអ័រម៉ូនលូតលាស់ និងពន្លក។
    • ដែក (Fe)៖ ចាំបាច់សម្រាប់ការបង្កើតបៃតងស្លឹក (Chlorophyll) ដើម្បីធ្វើរស្មីសំយោគ។
    • បូរុន (B)៖ ជួយដល់ការចេញផ្កា បង្កកំណើត និងការដឹកជញ្ជូនស្ករ។
    • ទង់ដែង (Cu)៖ ជួយដល់ដំណើរការដកដង្ហើម និងការធ្វើរស្មីសំយោគ។
    • ម៉ង់ហ្គាណេស (Mn)៖ ជួយដល់ការបំបែកធាតុចិញ្ចឹម និងការរីកលូតលាស់នៃកោសិកា។
    • ម៉ូលីបដិន (Mo)៖ ជួយដល់ការបំប្លែងអាសូតឱ្យទៅជាទម្រង់ដែលរុក្ខជាតិអាចប្រើប្រាស់បាន។

    ២. ហេតុអ្វីបានជាសារធាតុចិញ្ចឹមមីក្រូធាតុមានឥទ្ធិពលធំ?

    ទោះបីរុក្ខជាតិ ឬដំណាំ​ត្រូវការមីក្រូធាតុ​ទាំង​នេះ​ក្នុង​កម្រិត​តិចតួច តែវាដើរតួជាកាតាលីករសម្រាប់ការ​លូត​លាស់​របស់​ដំណាំ​។​

    • បង្កើនភាពធន់៖ ជួយឱ្យដំណាំស៊ាំនឹងអាកាសធាតុក្តៅ ត្រជាក់ ឬជំងឺ។
    • គុណភាពកសិផល៖ ធ្វើឱ្យផ្លែឈើមានរសជាតិផ្អែម ពណ៌ស្អាត គ្រាប់ពេញ និងទុកបានយូរ។
    • តិចតែខ្លឹម៖ ទិន្នផលដំណាំត្រូវបានកំណត់ដោយធាតុចិញ្ចឹមមិន​ថា​ធាតុចម្បង ឬមីក្រូធាតុ បើដែល​មិន​អាច​ខ្វះ​ណាមួយ​បាន​ឡើយ។ ទោះបីបងប្អូនដាក់ជី N-P-K ច្រើនយ៉ាងណាក៏ដោយ បើខ្វះសារធាតុមីក្រូតែមួយមុខដំណាំក៏មិនអាចផ្តល់ផលខ្ពស់បានដែរ។

    ៣. ការណែនាំពីស្ថាប័នជំនាញកសិកម្ម

    • អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO)៖ បានបង្ហាញថា ការខ្វះសារធាតុមីក្រូនៅក្នុងដីនាំឱ្យកើតមាន«ការស្រេកឃ្លានលាក់មុខ»​លើរុក្ខជាតិ។ រុក្ខជាតិមើលទៅហាក់ដូចជាធម្មតា ប៉ុន្តែវាមិនអាចផ្តល់ទិន្នផលពេញលេញ និងមិនសូវមានសារធាតុចិញ្ចឹមសម្រាប់មនុស្សឡើយ។
    • វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI)៖ បានបញ្ជាក់ថា ស័ង្កសី (Zn) គឺជាសារធាតុមីក្រូដែលខ្វះខាតបំផុតនៅក្នុងដីស្រែ។ ការផ្តល់ស័ង្កសីបន្ថែមអាចបង្កើនទិន្នផលស្រូវបានយ៉ាងច្រើន ជាពិសេសនៅតំបន់ដីលិចទឹក។
    • សាកលវិទ្យាល័យ Michigan State (MSU)៖ បានណែនាំថា ការបាញ់មីក្រូធាតុតាមស្លឹកគឺជាវិធីដែលចំណេញ និងរហ័សបំផុត ព្រោះដីដែលមាន pH ខ្ពស់ ឬទាបពេក ច្រើនតែចងសារធាតុទាំងនេះមិនឱ្យឫសស្រូបយកបាន។

    ៤. របៀបប្រើប្រាស់ឱ្យមានប្រសិទ្ធភាព

    ដើម្បីទទួលបានផលល្អ និងមិនខាតបង់ បងប្អូនគួរអនុវត្តដូចខាងក្រោម៖

    1. ការបាញ់តាមស្លឹក៖ ជាវិធីល្អបំផុតដើម្បីកែសម្រួលអាការៈខ្វះជាតិចិញ្ចឹមភ្លាមៗ ព្រោះរុក្ខជាតិបឺតស្រូបបានរហ័សតាមរន្ធដកដង្ហើម។
    2. ការលាបគ្រាប់ពូជ៖ ការប្រើប្រាស់ជីមីក្រូធាតុលាបលើគ្រាប់ពូជមុនដាំ ជួយឱ្យកូនដំណាំដុះមកមានសុខភាពមាំមាំ និងធន់នឹងសត្វល្អិតពីដំណាក់កាលដំបូង។
    3. ការបន្ថែមក្នុងជីកំប៉ុស្ត៖ ការប្រើប្រាស់ជីសរីរាង្គដែលផ្អាប់បានល្អ គឺជាប្រភពនៃសារធាតុមីក្រូតាមបែបធម្មជាតិដែលផ្តល់ឱ្យដីនូវតុល្យភាពយូរអង្វែង។

    ការប្រុងប្រយ័ត្នខ្ពស់

    • កុំប្រើលើសកម្រិត៖ សារធាតុមីក្រូរុក្ខជាតិ​ត្រូវការតិចណាស់។ ការប្រើច្រើនហួសប្រមាណនឹងក្លាយជាថ្នាំពុលដល់ដំណាំវិញ។
    • ប្រើតាមវគ្គលូតលាស់៖ ប្រើនៅវគ្គត្រួយដើម្បីពង្រឹងដើម និងប្រើនៅវគ្គផ្កា/ផ្លែ ដើម្បីបង្កើនទិន្នផល។

    សារធាតុមីក្រូប្រៀបដូចជា«វីតាមីន»សម្រាប់ដំណាំ។ ការផ្តល់ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា នឹងជួយឱ្យបងប្អូនកសិករចំណេញដើមទុនលើជីចម្បង និងទទួលបានទិន្នផលខ្ពស់លើសពីការរំពឹងទុក។

    ដោយ៖ ទូច សុខា
    ប្រភព៖ FAO /MOSAIC