ជាទូទៅកាកសំណល់រុក្ខជាតិ សត្វ ដែលសេសសល់នៅលើផ្ទៃដីឬកប់ចូលទៅក្នុងដី វានឹងរលួយទៅជាជីធម្មជាតិ ឬសារជាតិចិញ្ចឹមផ្ដល់ទៅក្នុងដីវិញ។ ប៉ុន្តែមុននឹងវាបានបំបែកឬរលួយ តើបងប្អូនដឹងទេថា វាត្រូវការអ្វីដើម្បីជួយបំបែកសារធាតុទាំងនោះ?
ជាការពិតណាស់ ពពួកកាកសំណល់ទាំងនោះមិនអាចរលួយបានដោយឯកឯងបានោះទេ។ កាកសំណល់ទាំងនោះអាចរលួយបានដោយសារតែមានពពួកអតិសុខុមប្រាណក្នុងដីដើម្បីជួយបំបែកឲ្យក្លាយទៅជាជីធម្មជាតិ ឬពពួកមមោកដែលវាមានសារធាតុចិញ្ចឹមល្អៗជំនួយដល់ការលូតលាស់របស់រុក្ខជាតិ។
តើអតិសុខុមប្រាណជាអ្វីទៅ?
អតិសុខុមប្រាណ ជាពពួកមីក្រូសារពាង្គកាយតូចៗដែលមាននៅក្នុងដី ដែលយើងមិនអាចមើលឃើញដោយភ្នែកទទេបាននោះទេ។ គេអាចមើលឃើញពពួកនេះបានតាមរយៈការយកដីទៅពិនិត្យមើលតាមមីក្រូទស្សន៍។ ក្នុងមួយស្លាបព្រាកាហ្វេនៃដីអាចមានអតិសុខុមប្រាពរាប់លាន វាអាចច្រើនជាងចំនួនមនុស្សដែលមាននៅលើផែនដីនេះទៅទៀត។ មីក្រូសារពាង្គកាយទាំងនោះមានដូចជា ផ្សិត បាក់តេរី វីរុស និងណេម៉ាតូតជាដើម។
ពពួកមីក្រូសារពាង្គកាយ ពិតជាមានសារប្រយោជន៍ណាស់ វាថែមទាំងមានមុខងារមូលដ្ឋានជាច្រើនក្នុងប្រព័ន្ធអេកូឡូស៊ី ដូចជាជួយបំបែកកាកសំណល់សត្វ រុក្ខជាតិឲ្យក្លាយជាសារធាតុចិញ្ចឹម ជំរុញការលូតលាស់របស់រុក្ខជាតិ។

ពពួកអតិសុខុមប្រាពមានទំនោររស់នៅក្បែរឫសដំណាំ ដោយវាធ្វើសកម្មភាពមួយចំនួនដូចជា ជួយជួសជុលអាសូតក្នុងដី ជួយបំបែកសារធាតុចិញ្ចឹម ជួយកម្ចាត់មេរោគនិងសត្វល្អិត(ពពួកណេម៉ាតូតមានប្រយោជន៍ ស៊ីសត្វល្អិតបំផ្លាញឬសដំណាំក្នុងដី) ជួយឲ្យរុក្ខជាតិមានភាពធន់ទ្រាំ ជួយបំបែកកាកសំណល់ដែលមាននៅលើដី។ បន្ថែមពីនោះវាបានបញ្ចេញនូវសារធាតុមេតាប៉ូលីត និងអាស៊ីតសរីរាង្គដែលជះឥទ្ធិពលដោយផ្ទាល់ដល់ការរលាយនិងចលនានៃសារធាតុចិញ្ចឹម រួមទាំងម៉ាក្រូធាតុទាំងបីគឺ NPK ផងដែរ។
ចែករំលែកដោយ៖ ទូច ស្រីនាថ
ប្រភព៖ MDPI
