អាសូត (N) គឺជាសារធាតុចិញ្ចឹមចម្បងដ៏សំខាន់បំផុតសម្រាប់ការលូតលាស់ផ្នែកស្លឹក និងដើមរបស់ដំណាំស្រូវ។ នៅពេលស្រូវជួបបញ្ហាខ្វះអាសូត វានឹងប៉ះពាល់ធ្ងន់ធ្ងរដល់ការបែកគុម្ព ការលូតលាស់ និងទិន្នផល។
១. មូលហេតុដែលនាំឱ្យស្រូវខ្វះអាសូត
កង្វះអាសូតអាចបណ្ដាលមកពីកត្តាចម្បងៗដូចជា៖
- ការបាត់បង់តាមរយៈទឹក៖ អាសូតប្រភេទនីត្រាត (Nitrate) ងាយរលាយក្នុងទឹក ហើយអាចហូរបាត់បង់ទៅជាមួយទឹកបានយ៉ាងងាយ ជាពិសេសក្នុងដីខ្សាច់ និងមានភ្លៀងធ្លាក់ខ្លាំង។
- តាមរយៈរំហួត៖ នៅពេលដាក់ជីអ៊ុយរ៉េលើដីស្រែស្ងួត ឬមានខ្យល់ខ្លាំង អាសូតអាចហួតទៅក្នុងបរិយាកាសជាឧស្ម័នអាម៉ូញាក់។
- ការមិនបានដាក់ជីគ្រប់គ្រាន់៖ កសិករដាក់ជីអាសូតក្នុងបរិមាណតិចជាងតម្រូវការរបស់ដំណាំ ឬមិនបានដាក់ជីតាមពេលវេលាសំខាន់ៗ។
- បញ្ហាស្មៅ៖ ស្មៅដុះច្រើននៅក្នុងស្រែស្រូបយកអាសូតពីដីលឿនជាងស្រូវ។
- ដីមានសារធាតុសរីរាង្គទាប៖ ដីដែលខ្វះសារធាតុសរីរាង្គមិនអាចផ្តល់អាសូតបានគ្រប់គ្រាន់តាមរយៈការរលួយធាតុធម្មជាតិ។
- កម្រិត pH របស់ដីមិនសមស្រប៖ ដីមានជាតិអាស៊ីតខ្លាំង (pH ទាប) ឬជាតិបាសខ្លាំង (pH ខ្ពស់) អាចប៉ះពាល់ដល់ដំណើរការរបស់បាក់តេរីដែលបំលែងអាសូតទៅជាទម្រង់ដែលស្រូវអាចស្រូបយកបាន។

២. រោគសញ្ញានៃការខ្វះអាសូត
រោគសញ្ញាកង្វះអាសូតតែងតែបង្ហាញចេញនៅលើស្លឹករបស់ស្រូវ៖
- ស្លឹកប្រែពណ៌លឿង (Chlorosis)
រោគសញ្ញាដំបូងៗគឺស្លឹកស្រូវចាស់ៗ ឬស្លឹកខាងក្រោមនឹងប្រែជាពណ៌បៃតងខ្ចី ឬ លឿងស្លេក មុនគេ។ សម្រាប់រោគសញ្ញាធ្ងន់ធ្ងរវិញ កង្វះអាសូតកាន់តែខ្លាំង ស្លឹកថ្មីៗក៏ប្រែពណ៌លឿងដែរ ធ្វើឱ្យវាលស្រែទាំងមូលមើលទៅឃើញសភាពស្លេកស្លាំង។
- ដើមតឿខ្សោយ៖ ស្រូវមានការលូតលាស់យឺត ដើមតូច ស្គមខ្សោយ ហើយងាយរងការបំផ្លាញពីសត្វល្អិត និងជំងឺ។
- បែកគុម្ពតិច៖ ស្រូវបែកគុម្ពមិនបានច្រើនដូចការរំពឹងទុក ដែលធ្វើឱ្យចំនួនកួរក្នុងមួយគុម្ពថយចុះ។
- កួរស្រូវតូចខ្លី៖ កួរស្រូវដែលចេញមកក៏មានទំហំតូច គ្រាប់មានបរិមាណប្រូតេអ៊ីនទាប និងទិន្នផលសរុបទាប។
៣. វិធីសាស្ត្រដោះស្រាយ និងបង្ការ
ការដោះស្រាយបញ្ហាកង្វះអាសូតទាមទារឱ្យមានការចាត់វិធានការបន្ទាន់ និងការបង្ការរយៈពេលវែង។
ក. ការដោះស្រាយបន្ទាន់ (ពេលឃើញរោគសញ្ញា)
- ដាក់ជីអាសូតបន្ថែម៖ ត្រូវដាក់ជីអ៊ុយរ៉េ (Urea) ក្នុងបរិមាណសមស្របទៅតាមដំណាក់កាលលូតលាស់របស់ស្រូវភ្លាមៗតាមការណែនាំរបស់អ្នកជំនាញ។ ប្រឹក្សាជាមួយមន្ត្រីកសិកម្មឃុំបើមិនច្បាស់ពីរបៀបប្រើប្រាស់ត្រឹមត្រូវ។
- ការដាក់ជីតាមស្លឹក (Foliar Feeding)៖ ក្នុងករណីស្រូវខ្លះធ្ងន់ធ្ងរ អាចប្រើជីទឹកដែលមានអាសូតខ្ពស់បាញ់លើស្លឹកដើម្បីឱ្យស្រូវស្រូបយកបានលឿន។
ខ. វិធីសាស្ត្របង្ការរយៈពេលវែង
- ការគ្រប់គ្រងការដាក់ជីត្រឹមត្រូវ
បែងចែកការដាក់ជី ដោយដាក់ជីអាសូតជាពីរទៅបីលើកទៅតាមដំណាក់កាលសំខាន់ៗរបស់ស្រូវ (ពេលបែកគុម្ព ពេលចាប់ផ្តើមចេញកួរ) ដើម្បីជៀសវាងការបាត់បង់ដោយសារទឹក ឬការហួត។
- ការគ្រប់គ្រងទឹក
កសិករយើងត្រូវរក្សាទឹកកុំឱ្យជម្រៅជ្រៅពេកពេលដាក់ជីអ៊ុយរ៉េ ដើម្បីកាត់បន្ថយការបាត់បង់ជី។បើប្រើជីអ៊ុយរ៉េ ត្រូវដាក់នៅពេលស្រូវត្រូវការ ហើយត្រូវភ្ជួរកប់បន្តិច ឬដាក់នៅពេលដីសើមល្មម។
- ការគ្រប់គ្រងសារធាតុសរីរាង្គ
បញ្ចូលចំបើង ឬជីកំប៉ុស្ត ទៅក្នុងដីឱ្យបានច្រើន ដើម្បីបង្កើនសារធាតុសរីរាង្គ ដែលនឹងបញ្ចេញអាសូតបន្តិចម្តងៗសម្រាប់ស្រូវ។
- ការគ្រប់គ្រងស្មៅ៖ កម្ចាត់ស្មៅឱ្យបានទាន់ពេលវេលា ដើម្បីកុំឱ្យស្មៅប្រកួតប្រជែងស្រូបយកអាសូតពីស្រូវ។
បើបងប្អូនមានបញ្ហាបែបនេះ គួរស្វែងរកជំនួយពីមន្ត្រីកសិកម្មឃុំ ឬកសិករដែលមានបទពិសោធន៍នៅក្នងុសហគមន៍របស់បងប្អូន។
ចែករំលែកដោយ៖ សែន តុលា
ប្រភព៖ Rice Knowledge Bank
