More

    «ដុំឫស»លើពពួកដំណាំសណ្តែកទាញអាសូតពីបរិយាកាសបង្កើនគុណភាពដី

    តើដុំឫសលើ​ដំណាំ​សណ្ដែកជាអ្វី? មាន​តួនាទី​អ្វី​ខ្លះ? ដុំឫស គឺជាដុំមូលៗតូចៗដែលកើតមានលើឫស (ពេលខ្លះលើដើម) នៃដំណាំអំបូរ សណ្តែក ដូចជា សណ្តែកដី សណ្តែកសៀង សណ្ដែកបាយ និង​សណ្ដែកកួរ​ជាដើម។

    • ដុំឫសនេះកើតឡើងដោយសារការរស់នៅរួមគ្នាដ៏ល្អរវាងដំណាំសណ្តែក និងបាក់តេរី​មួយ​ឈ្មោះថា Rhizobium។
    • បាក់តេរីនេះរស់នៅក្នុងដុំឫស ហើយមានសមត្ថភាព​ពិសេស​គឺបំប្លែងខ្យល់អាសូត (N) ទៅជាជីអាសូត ដែលដំណាំអាចស្រូបយកមកប្រើបានដោយផ្ទាល់។ ដំណើរការនេះជួយកាត់បន្ថយការប្រើប្រាស់ជីគីមីអាសូត (ដូចជា អ៊ុយរ៉េ) យ៉ាងច្រើន។

    គុណប្រយោជន៍សំខាន់ៗនៃដុំឫស

    • ជំនួយជីអាសូតធម្មជាតិ៖ អាចផ្តល់ជីដល់ដំណាំរហូតដល់ ៥០ ទៅ ៣០០ គីឡូក្រាម ក្នុងមួយហិកតាក្នុងមួយឆ្នាំ។
    • ធ្វើឱ្យដីមានជីជាតិឡើងវិញ៖ នៅពេលប្រមូលផលរួច អាសូតដែលនៅសល់ក្នុងដីនឹងជួយដល់ដំណាំបន្ទាប់ទៀត។
    • បង្កើនទិន្នផល៖ បើសិនដុំឫសដំណើរការល្អដំណាំនឹងដុះលូតលាស់ខ្លាំង ស្លឹកបៃតងស្រស់ និងផ្តល់ទិន្នផលខ្ពស់។
    • ល្អសម្រាប់បរិស្ថាន៖ កាត់បន្ថយការបំពុលពីការប្រើជីគីមី។

    វិធីបង្កើនដុំឫសឱ្យកាន់តែមានប្រសិទ្ធភាព

    ដើម្បីឱ្យដុំឫសលូតលាស់ច្រើន និងធ្វើការបំប្លែងអាសូតបានល្អ បងប្អូនកសិករ​យើង​ ត្រូវអនុវត្តចំណុចសំខាន់ៗទាំងនេះ៖

    1. រក្សាកម្រិតជាតិអាស៊ីត (pH) ក្នុងដី៖ បាក់តេរី Rhizobium ចូលចិត្តដីដែលមិនសូវជូរ (pH ល្អបំផុត គឺ ៦,០ ដល់ ៧,០)។ បើដីជូរពេក ត្រូវប្រើកំបោរដើម្បីកែតម្រូវដី។
    2. កុំប្រើជីអាសូត (អ៊ុយរ៉េ) ច្រើនពេក៖ ពេលដាំដំបូង បើចាំបាច់ត្រូវប្រើ ក៏ត្រូវប្រើក្នុងបរិមាណតិចតួចបំផុត (ត្រឹមតែ ១០-២០ គីឡូក្រាម/ហិកតា)។ ការប្រើជីអាសូតច្រើន នឹងរារាំងមិនឱ្យដុំឫសកកើតឡើងបាន។
    3. បន្ថែមសារធាតុសរីរាង្គក្នុងដី៖ ត្រូវប្រើជីកំប៉ុស្ត ជីលាមកសត្វ ឬដាំដំណាំគម្របដី។ នេះជួយឱ្យដីមានសំណើមល្អ និងបាក់តេរីអាចរស់បានយូរ។
    4. ធានាឱ្យមានផូស្វ័រ (P) និងម៉ូលីបឌែន (Mo) គ្រប់គ្រាន់៖ ជីផូស្វ័រជួយដល់ការលូតលាស់ឫស និងដុំឫស។ ម៉ូលីបឌែនជាសារធាតុចាំបាច់សម្រាប់ឱ្យបាក់តេរីធ្វើការបំប្លែងអាសូត​បាន។

    របៀបពិនិត្យមើលដុំឫស៖

    1. ដកដំណាំសណ្ដែកមួយដើមហើយមើលដុំឫស។
    2. យកដុំឫសមួយមក ចិតមើលខាងក្នុង (ដោយកាំបិតមុតស្រួច)៖
      បើឃើញពណ៌ស៊ីជម្ពូរ ឬក្រហមស្រស់៖ មានន័យថាដុំឫសកំពុងធ្វើការបំប្លែងអាសូតយ៉ាងសកម្ម និងមានប្រសិទ្ធភាព។
      – បើឃើញតែពណ៌ស ឬបៃតង៖មានន័យថាដុំឫសនោះមិនទាន់ដំណើរការ ឬគ្មានប្រសិទ្ធភាពទេ។

    ដោយ៖ ទូច សុខា
    ប្រភព៖ Science Direct

    - Advertisement -